Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ដាក់​វិធាន​ការសំខាន់ៗ​ចំនួន​៨​ចំណុច ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​កំពុងតែ​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន ជុំវិញ​ការវិវត្ត​ថ្មីៗ​នៃ​សង្គមជាតិ ដែល​បាន​ធ្វើឡើង​នៅ​វិមាន​សភាជាតិ​។


​នៅក្នុង​ឱកាស​នៃ​ការ​ថ្លែង​សន្និសីទ​សារព័ត៌មាន​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកឡើង នូវ​ចំណុច​សំខាន់ៗ​ចំនួន​៨​ចំណុច ទាក់ទង​ទៅ​នូវ​វិធានការ ក៏ដូចជា​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​កំពុងតែ​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជា​៖

១) សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការរៀបចំ​ធ្វើ​ច្បាប់​ថ្មី​មួយ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​១៩ ។ ដោយ​សម្តេច​តេ​ជោ បានប្រកាស​ពី​ការរៀបចំ​ធ្វើ​ច្បាប់​ថ្មី​មួយ ដើម្បី​ដាក់​ប្រទេស​កម្ពុជា ចូលក្នុង​គ្រាអាសន្ន ក្នុង​បំណង​ទប់ទល់ នឹង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

២) សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​ប្រកាស នៅ​ថ្ងៃ​សុក្រ ខាងមុខនេះ ដោយ​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី ហើយ​បញ្ជូនមក​រដ្ឋសភា ដើម្បី​ប្រជុំ​អនុម័ត​ជាការ​ប្រញាប់ ។ ប៉ុន្តែ​សម្តេច​តេ​ជោ​បន្ថែមថា ច្បាប់​ថ្មី​នេះ នឹងមិន ប្រើប្រាស់​ភ្លាម​នោះទេ ដោយ​គ្រាន់តែ​ជាការ​ត្រៀម​បម្រុង ក្នុងពេល​ជំងឺ​កូ​វីដ​១៩ រីក​រាលដាល​ខ្លាំង រហូតដល់​យើង​មិនអាច​គ្រប់គ្រង​បាន នៅពេល​ខាងមុខ​។​

៣) សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បញ្ជា​ឲ្យ​ផ្អាក​ការនាំចេញ​អង្ករ និង​ស្រូវ តែ​អនុញ្ញាត​ឲ្យ​បន្ត​នាំចេញ​អង្ករ​ក្រអូប​តែប៉ុណ្ណោះ ដោយ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​៥ ខែមេសា ២០២០​តទៅ​។ ការសម្រេច​នេះ ដើម្បី​រក្សាទុក​អង្ករ​ស្រូវ សម្រាប់​ការផ្គត់ផ្គង់​ក្នុងប្រទេស និង​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

៤) សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា​ឲ្យ​បិទ​កាស៊ីណូ​ទាំងអស់ ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ តទៅ ។ ការប្រកាស​ទុកពេល​រហូតដល់​ថ្ងៃទី​១​មេសា​នោះ គឺ​ដើម្បី​ទុកពេល​ឲ្យ​ថៅកែ​កាស៊ីណូ នីមួយៗ រៀបចំ​គិតគូ​ទូទាត់​ប្រាក់ខែ ដល់​បុគ្គលិក​កម្មករ របស់ខ្លួន ហើយ​នេះ​គឺ​ដើម្បី​ជា​វិធានការ​ទប់ទល់ នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ តែ​ការសម្រេច​បិទ​កាស៊ីណូ​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា មិនមែន​ធ្វើតាម​ការបញ្ជា ឬ​លើកឡើង​របស់​បុគ្គល​ណា​ម្នាក់​ទេ​។​

៥) ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ចាប់​រឹបអូស​ថ្នាំ និង​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​វីរុស កូ​វីដ​១៩​។ ទន្ទឹមនឹងនោះ ស​ម្តេ​ចេ​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​អាជីវករ ដែល​បំផុស​ការលក់​ថ្នាំ និង​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​១៩ សូមកុំ​ឲ្យ​បង្ក​ការ​ស្មុគស្មាញ​ក្នុងសង្គម ព្រោះ​អង្គការ​សុខភាព​ពិភពលោក មិនទាន់​ទទួលស្គាល់ថា ថ្នាំ​ណាមួយ ដើម្បី​ព្យាបាល និង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅឡើយ​ទេ​។ ក្នុងនោះ ក៏​អង្គការ​សុខភាព​ពិភពលោក មិនទាន់​ទទួលស្គាល់​នូវ​ឧបករណ៍ សម្រាប់ធ្វើ​តេស្ត​វីរុស​កូ​វីដ​១៩ នោះទេ​។ ជាមួយគ្នានេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ថ្នាំ​ណា ដែលថា ព្យាបាល​ជា ហើយ​ឧបករណ៍​ណា ដែលថា ធ្វើតេស្ត​ឃើញ​វីរុស​កូ​វីដ​១៩ គឺ​សូមកុំ​ជឿ​។ រឹបអូស​យក​សម្ភារ​ថ្នាំ​នោះ យកទៅ​កម្ទេចចោល​តែម្តងទៅ​។ អ្នកណា Live លក់​ថ្នាំ និង​សម្ភារ​ទាំងនេះ សូម​អាជ្ញាធរ​សមត្ថកិច្ច ទៅតាម​ចាប់​ដល់ផ្ទះ​តែម្តង​។​

៦) សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្វែរ​ការភ័យខ្លាច ទៅជា​វិធាន​កាត​ទប់ស្កាត់​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​។ សម្តេច​តេ​ជោ បាន​អរគុណ​ដល់​បណ្តាញ​ផ្សព្វផ្សាយ យុទ្ធនា​ការអប់រំ , អ្នកនិពន្ធ​បទ​ចម្រៀង និង​ការផលិត​វីដេអូ​អប់រំ​ខ្លីៗ ។ ក្នុងនោះ​សម្តេច​តេ​ជោ សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មកពី​ប្រទេស​ថៃ​ជាង​៥​ម៉ឺន​នាក់​នោះ ត្រូវដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ រងចាំ​ការធ្វើ​តេស្ត​សិន និង​ត្រូវ​ចេះ​ការពារ​ខ្លួនឯង​ទប់ស្កាត់​ការចម្លង​ទៅ​ក្រុមគ្រួសារ​។​

៧) សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​សូម​ឲ្យ​គ្រប់​វិ​ស័​ឯកជន និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវមាន​ការយោគយល់​គ្នា ក្នុងការ​ប្រក​បរបរ​អាជីវកម្ម ដើម្បី​កាត់បន្ថយ​នូវ​ការបង់​រៀងៗ​ខ្លួន ដូចជា​ការពន្យា​នៃ​ការបង់​ការប្រាក់ បង់ថ្លៃ​ជួយ​ផ្ទះ បង់​ផ្ទះ​ទិញ ដើម្បី​ចូលរួមចំណែក​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​យើង ដែល​កំពុងតែ​ជួប​បញ្ហា​ក្នុង​រយៈពេល​ខ្លី​នេះ​។​

៨) សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរ​ព្រះ​គុណ​ចំពោះ​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង សម្តេចម៉ែ និង​បណ្តា​សប្បុរសជន​ទាំងអស់ ដែល​បាន​ប្រទាន និង​បរិច្ចាគ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ​។ ថវិកា​ដែល​ទទួលបាន​រហូតមក​ដល់ពេលនេះ គឺមាន​ជាង​១០​លាន​ដុល្លារ បូករួម​ប្រាក់រៀល ។ សម្តេច​តេ​ជោ បានប្រកាសថា ជំ​ហ៊ាន​ដំបូង សម្តេច​តេ​ជោ​នឹង​ប្រើប្រាស់​ថវិកា​នោះ ទៅ​ទិញ​ម៉ាស​ចំនួន​៣​លាន​ម៉ាស​ន្ថែ​ម​ទៀត សម្រាប់​ប្រជាពលរដ្ឋ​យើង និង​ទិញ​ខោអាវ​ពេទ្យ ប្រមាណ​៥​ពាន់​សម្រាប់ ដែល​ខោអាវ​ពេទ្យ​នោះ​មួយផ្នែក យក​ពី​ស្វាយរៀង មួយផ្នែក​យក​ពី​កំពង់ចាម និង​ទិញ​ពី​ក្រៅប្រទេស​បន្ថែមទៀត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បន្ត​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ការអនុវត្ត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ ទាំងអស់គ្នា​៕​ដោយ​៖​កូ​ឡាប​

spot_img
×