Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមយុទ្ធនាគ​មាស​២០២០ ​រវាង​កម្ពុជា​-​ចិន បានបញ្ចប់​ដោយ​ជោគជ័យ​

spot_img

​កំពត​៖ ពិធី​នេះ​ប្រារព្ធ​ដោយ​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម Wang Wen Tian អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ប្រធានបទ “​រួមគ្នា​ប្រឆាំង​ភេរវកម្ម​និង​ការងារ​មនុស្សធម៌​” ចាប់តាំងពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​៣០​ខែមីនា ឆ្នាំ​២០២០​នេះ នៅ​ទីលាន​បាញ់​គ្រាប់​ពិត​សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គិរី​របស់​កងពល​តូ​ចលេ​ខ​៧០​។​

​ឯកឧត្តម Wang Wen Tian មានប្រសាសន៍ថា លំ​ហាត់​សមយុទ្ធ​នាគ​មាស​២០២០ គឺជា​លំ​ហាត់​មួយ​ដែល​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន បាន​បន្សល់ទុក​នៅ​និមិត្តសញ្ញា​មួយ​ដ៏​រឹងមាំ កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​នៃ​កិច្ចប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ និង​កង​ប្រដាប់អាវុធ​ទាំងពីរ ដោយសារ​ការរៀបចំ​សមយុទ្ធ​នេះ ស្រប​ពេលដែល​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក និយាយ​ជារួម និយាយ​ដោយឡែក ប្រទេស​កម្ពុជា​-​ចិន​បាននិងកំពុង​ប្រយុទ្ធប្រឆាំង​យ៉ាងសកម្ម​ជាមួយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ដ៏​ធ្ងន់ធ្ងរ​។ ប៉ុន្តែ ទោះជា​មានការ​លំបាក​យ៉ាងណាក៏ដោយ ក៏​កងទ័ព​ប្រទេស​យើង​ទាំងពីរ​ជម្នះ​គ្រប់​ឧបសគ្គ បានរួម​ចិត្ត​តែមួយ កៀក​ស្មា​គ្នា និង ធ្វើការ​ជាមួយគ្នា​គ្រប់ការ​លំបាក​រៀបចំ​សមយុទ្ធ​នេះ សម្រេចបាន​ជោគជ័យ​តាម​ផែនការ​គ្រោងទុក​។​
​ជោគជ័យ​ទាំងអស់នេះ បានបង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​អភិវឌ្ឍន៍​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ ក្នុង​ស្មារតី​ស្ម័គ្រចិត្ត​រួមគ្នា បន្ត​អនុវត្តតាម​ទស្សនៈ​រួម​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ពង្រឹង​ការប្រាស្រ័យ​ទាក់ទង​ទៅវិញទៅមក កាន់តែ​ស៊ីជម្រៅ​លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​យោធា​ឱ្យ​ទទួលបាន​សមិទ្ធផល​ថ្មីៗ​បន្ថែម រួមចំណែក​ជា​ដៃគូរ​ក្នុង​ការកសាង​សហគមន៍ ដែលមាន​វាសនា​រួមគ្នា តាមរយៈ​ការជំរុញ​ផ្សារ​ភា្ជ​ប់រ​វាង​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវ៉ាត់ និង ផ្លូវ​” រួម​នឹង “​យុទ្ធសាស្ត្រ​ចតុកោណ​” និង​ថែរក្សា​ការពារ សន្តិភាព ស្ថិរភាព​នៅក្នុង​តំបន់​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​លើកឡើងថា សមយុទ្ធ​នាគ​មាស​២០២០ នេះ គឺជា​ការ​សមយុទ្ធ​ហ្វឹកហ្វឺន​រួមគ្នា​តែមួយគត់ ដែល​កងទ័ព​ចិន​បានរៀបចំ​ឡើងជា​មួយ​ក​ង​ទ័ព​បរទេស​ក្នុងអំឡុងពេល ដែល​ប្រទេស​យើង​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​កូ​វីដ​១៩ ។ នាពេលនោះ​យើង​ក៏មាន​ក្តីបារម្ភ​ដោយ​ខ្លាច​ជំងឺ​កូ​វីដ​១៩ នេះ​អាច​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការរៀបចំ​សមយុទ្ធ​លើក​នេះ ។ ការពិត​បានបង្ហាញ​យ៉ាងច្បាស់​ថា ទោះបីជា​កំពុង​ប្រឈម​នឹង​ការរំខាន​ពី​វីរុស​កូ​វីដ​យ៉ាងណាក៏ដោយ ក៏​ក្រុម​ដឹកនាំ​សមយុទ្ធ​នៃ​ភាគី​ទាំងសងខាង ខិតខំ​ពុះពារ​ការលំបាក ធ្វើការ​រៀបចំ​មេរៀន​ហ្វឹកហ្វឺន សមស្រប​តាម​លក្ខណៈ​វិទ្យាសាស្ត្រ រហូតដល់​សម្រេច​គោលដៅ​ទាំងពីរ រួមទាំង​លំ​ហាត់​ហ្វឹកហ្វឺន​សម្រាប់​កងទ័ព និង​ការពារ​ទប់ស្កាត់​វីរុស​កូ​វីដ​១៩ បាន​យ៉ាង​ល្អប្រសើរ​ផង ដោយ​មិនមាន​បញ្ហា​កើតឡើង​ទាំងអស់ ។​

​សម្រាប់​នាយទាហាន ពលទាហាន​ចូលរួម​សមយុទ្ធ​នៃ​ភាគី​ទាំងពីរ កម្ពុជា​-​ចិន​បានរៀបចំ​ហ្វឹកហាត់​ជា​ក្រុម​រួមគ្នា ធ្វើការ​រៀនសូត្រ និង​ដក​ពិសោធន៍​ពីគ្នា​ទៅវិញទៅមក រួមគ្នា​លើកកម្ពស់​សមត្ថភាព ធ្វើការ​ហ្វឹកហាត់​បញ្ជា​ពី​ទីបញ្ជាការ បញ្ជា​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម ព្រមទាំង​រៀបចំ​ការងារ​មនុស្សធម៌​នានា​ប្រកបដោយ​ជោគជ័យ ។ ក្រោយពី​ការហ្វឹកហាត់ ភាគី​ទាំងពីរ​បានរៀបចំ​បរិ​ច្ចាគ​នូវ​សម្ភារៈ​ពេទ្យ សម្ភារៈ​សិក្សា សម្ភារៈ​កីឡា​ជូន​ដល់​អាជ្ញាធរ មន្ទីរពេទ្យ និង​សាលារៀន​នៅក្នុង​តំបន់​ជាដើម ។​
​សូមជម្រាបថា កងពលតូច​លេខ​៧០ មាន​យុទ្ធជន​ចូលរួម​ហ្វឹកហាត់ គឺ​កង​រថពាសដែក ដែលមាន​ទ័ពថ្មើរជើង​មកពី​វរ​សេនា​តូច​ទ័ព​ពិសេស និង​គាំទ្រ​បាញ់កាំភ្លើង​ត្បាល់ និង​រៀបចំ​ទីលាន​សម្រាប់​បម្រើការ​ក្នុង​សមយុទ្ធ​នាគ​មាស​២០២០៕​ដោយ​៖​កូ​ឡាប​

spot_img
×