Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាប់​ឲ្យ​រុះរើ​ចេញ ​សំណង់​តាម​មាត់​ទន្លេ​បាសាក់ ពី​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ដល់​ស្ពាន​ព្រះមុនីវង្ស ដើម្បី​សាងសង់​ផ្លូវ​ថ្មើរជើង​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨​ខែ​មករា​ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ការចុះ​សិក្សា​វាស់វែង​កំណត់​ព្រំប្រទល់​អចលនវត្ថុ និង​រុះរើ​ចេញ​នូវ​ចំណែក​សំណង់​ផ្សេងៗ ដែល​លយ​ចូល​ច្រាំងទន្លេ​សាធារណៈ ចាប់​ពី​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ដល់​ស្ពាន​ព្រះមុនីវង្ស ក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​សាងសង់​ផ្លូវ​ថ្មើរជើង​។​

​បើ​តាម​សេចក្តីជូនដំណឹង ៖ ចាប់ពី​ថ្ងៃ​ទី​២២ ខែ​មករា​ឆ្នាំ​២០១៨ នេះ​តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​អនុវត្ត​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​ស្រប​តាម​មាត់​ទន្លេ​ដំណាក់កាល​ទី​២ ចាប់ពី​ចំណុច​ស្ពាន​ភ្លោះ​កោះ​ពេជ្រ រហូត​ដល់​គល់​ស្ពាន​ព្រះមុនីវង្ស ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​រៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ច្រាំងទន្លេ​ឲ្យបាន​រៀបរយ សំដៅ​បម្រើឲ្យ​ការកម្សាន្ត​របស់​បងប្អូន​ប្រជាព​ល​រដ្ឋទូទៅ​។​

​ដើម្បីឲ្យ​ការអនុវត្ត​គម្រោង​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​លំនៅដ្ឋាន ឬ​អាជីវ​កម្មដ្ឋាន ដែល​កំពុង​អាស្រ័យ​ផល នៅ​ទីតាំង​ខាងលើ​សូម​រៀបចំ​រុះរើ​ចេញ​ជា​បន្ទាន់​នូវ​ចំណែក​នៃ​សំណង់​ផ្សេងៗ ដែល​បាន​លយ​ចូល​ច្រាំងទន្លេ​សាធារណៈ និង​ត្រៀម​រៀបចំ​ឯកសារ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​សិទ្ធិ ឬ​ការកាន់កាប់ ដើម្បី​ចូលរួម​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ​។​

​សូមបញ្ជាក់​ថា គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង និង​ច្រាំង​ស្រប​តាម​មាត់​ទន្លេ​នេះ ក្នុង​ដំណាក់កាល​ទី​១ មាន​ប្រវែង​សរុប ៩៥០​ម៉ែត្រ ដោយ​មាន​ទទឹង​ចាប់ពី​៦​ម៉ែត្រ​ទៅ​១៥​ម៉ែត្រ ត​ភ្ជាប់​ពី​បញ្ជ​ព័ត៌មាន ទេសចរណ៍​មុខ​ព្រះ​បរម​រាជ វាំង រហូតដល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​ត្រូវបាន​ស្ថាបនា​រួចរាល់​ហើយ​។ បន្ទាប់​បញ្ចប់​គម្រោង​ទី​១​នេះ សាលា​រាជធានី​នឹង​អនុវត្តន៍ គម្រោង​ធ្វើ​ផ្លូវ​ថ្មើរជើង​ដំណាក់កាល​ទី​២ ចាប់​ពី​ស្ពាន​កោះ​ពេជ្រ ដល់​ស្ពាន​ព្រះមុនីវង្ស​ក្បាលថ្នល់ ហើយ​នៅ​ពេល​គម្រោង​ទាំង​២ នេះ បាន​រួចរាល់ សាលា​រាជធានី​ភ្នំពេញ នឹង​បន្ត​ផែនការអភិវឌ្ឍន៍​ច្រាំងទន្លេ និង ផ្លូវ​ថ្មើរជើង ចាប់ពី គល់​ស្ពាន​ជ្រោយចង្វា ត្រើយ ខាងលិច​រហូតដល់​ស្ពាន​ព្រែក​ព្នៅ​បន្ថែមទៀត​។ ចំណែក​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មើរជើង និង​សួនច្បារ ចាប់​ពី​មុខ​ផ្សារ​ចាស់ ដល់​គល់ ស្ពាន​ជ្រោយចង្វា ក្រុម​អ្នកជំនាញ​កំពុង​សិក្សា​គំរូ​ប្លង់ ហើយ​ត្រូវ​រុះរើ​សំណង់​កំពង់ផែ​ចេញ​។​

​បន្ទាប់​ពី​ផ្លូវ​ថ្មើរជើង​នេះ​ស្ថាបនា​រួច វា​នឹង​ជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរ​នៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​បាន​មួយចំនួនធំ​ផងដែរ ដូចជា​នៅក្នុង​ឱកាស ព្រះរាជ​ពិធី បុណ្យអុំទូក និង​បុណ្យជាតិ​ធំៗ ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មក លេង​កម្សាន្ត​នៅ​មុខ​ព្រះបរមរាជវាំង​។​
​ជាមួយគ្នានេះ ការស្ថាបនា​ផ្លូវ​ថ្មើរជើង​នេះ​គឺ​ដើម្បី​បម្រើ​ដល់​ការរៀបចំ​ប្រារព្ធ​ពិធី បុណ្យ​ជាតិ​ធំៗ​ដូច្នេះ ទី​នេះ​ត្រូវតែ​ស្អាត​និង​មាន​សណ្តាប់ធ្នាប់​ល្អ​ដែល​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​សោភ័ណភាព ដោយ អ្នកទេសចរ​មិន​ត្រឹមតែ​បាន​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ចំណុចប្រសព្វ​ទន្លេចតុមុខ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ពួកគេ​អាច​ធ្វើ​ដំណើរ​កម្សាន្ត ហាត់ប្រាណ​និង​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​៕​ ដោយ​៖​កូឡាប​

spot_img
×