Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក្សា​ស្បៀង ឲ្យ​បាន​គ្រប់គ្រាន់​ទាំង​អង្ករ ត្រី សាច់ និង​បន្លែ សម្រាប់​រយ​:​ពេល​យូរអង្វែង ខណៈ​កម្ពុជា​កំពុង ប្រឈម នឹង​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩

spot_img

​ព្រៃវែង​៖ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម បាន​បញ្ជាក់ថា ទោះជា​ប្រទេស​យើង​កំពុង ស្ថិតក្នុង​ស្ថានភាព​ប្រឈម នឹង​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ ប៉ុន្តែ​ផលិតផល​កសិកម្ម​យើង អាច​ធានាបាន​នូវ​សន្តិសុខ​ស្បៀង បាន​គ្រប់គ្រាន់​ទាំង​អង្ករ ត្រី សាច់ និង​បន្លែ សម្រាប់​រយ​:​ពេល​យូរអង្វែង​។​

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​
​មក​បំពេញបេសកកម្ម​នៅក្នុង​ខេត្តព្រៃវែង ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​តាមដាន​សកម្មភាព​អភិវឌ្ឍ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​របស់​រដ្ឋ​បាលជ​ល​ផល នៅ​ភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ហើយក៏​ឆ្លៀត​យក​ឱកាស​នេះ​ចុះមក​ពិនិត្យ​សកម្ម ភាព​ភ្ញាស់​កូន​ត្រី និង​ចិញ្ចឹម​ត្រី​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ពាម​រក៍​។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម បានមក​ពិនិត្យ​កសិដ្ឋាន​ភ្ញាស់​កូន​ត្រី​ប្រា​របស់ Dr. Hara Hiro (​ជនជាតិ​ជប៉ុន អតីត​ជំនាញការ​របស់​អង្គការ JICA) លើ​ផ្ទៃដី​ជា ១​ហិកតា នៅ​ភូមិ​ស្កូវ ឃុំ​ពាម​រក៍​។ Dr. Hara បានឱ្យដឹងថា កសិដ្ឋាន​បាន​ដំណើរការ​មកជា​ង ១០​ឆ្នាំ​ហើយ ដើរតួនាទី​ជា​កន្លែង​ភ្ញាស់​កូន​ត្រី​ប្រា សម្រាប់​ផ្គត់​ផ្អង់ ឱ្យ​បងប្អូន​អ្នក​ចិញ្ចឹម​ត្រី​នៅ​ទូទាំង​ខេត្ត​។ ជា​មធ្យម​ក្នុង ១​ឆ្នាំ​ផលិត​កូន​ត្រី​ប្រា​បាន​ជាង ២​លាន​កូន ហើយ​បរិមាណ​នេះ នឹងមាន​ការកើនឡើង យោងទៅលើ​សេចក្តីត្រូវការ​កូន​ត្រី​ប្រា របស់​អតិថិជន ជា ពិសេស​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ដោយសារ​កសិករ ងាក​មក​ចាប់យក​របរ​ចិញ្ចឹម​ត្រី​នេះ ចេះតែមាន​ការកើនឡើង​។​

​ចេញពី​ឃុំ​ពាម​រក៍ ឯកឧត្តម និង​សហការី បាន​បន្តដំណើរ​មក​ពិនិត្យ​កន្លែង​ចិញ្ចឹម​ត្រី​របស់លោក ជា ទឺ នៅ​ភូមិ​ពន្លៃ ឃុំ​បា​បោង ដែល​កំពុង​ចិញ្ចឹម​ត្រី​ពោ និង​ត្រី​ប្រា លើ​ផ្ទៃដី​ជាង ៥​ហិកតា មាន​ស្រះ​ចិញ្ចឹម​ត្រី​ទាំងពីរ​ប្រភេទ​នេះ​ចំនួន ៨​ស្រះ​។ ជា​មធ្យម​ក្នុង ១​ឆ្នាំ​គាត់​ប្រមូល​ផល​ត្រី​បាន​ពី ៨០-១០០​តោន ដោយ​លក់​ចេញ​ត្រី​ពោ ៨​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ត្រី​ប្រា ៥​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ក្នុង ១​ឆ្នាំ​អាច​រកចំណូលបាន​ពី ២-៣​ម៉ឺន​ដុល្លារ​។​

​ចេញពី​ឃុំ​បា​បោង មក​ឃុំ​ពាម​រក៍ ភូមិ​បាទី ឯកឧត្តម បាន​បន្តដំណើរ​មក​ក​សិ​ដ្ឋា​ន គង់ ប៉ា ភ្ញាស់​កូន​ត្រី​អណ្តែង និង​ត្រី​ប្រា​។ លោកពូ គង់ ប៉ា បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ក្នុង​១​ឆ្នាំ កសិដ្ឋាន​នេះ​អាច​ផលិត​កូន​ត្រី​ទាំងពីរ​ប្រភេទ​នេះ​បាន​ចំនួន​ពី ៨-១០​លាន​កូន លក់​ចែកចាយ​ជូន​បងប្អូន​អ្នក​ចិញ្ចឹម​ក្នុងតម្លៃ ១៥​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​។ លោក​បន្តទៀតថា ទាំង​បរិ​មាណកូន​ភ្ញាស់ និង​តម្លៃ​គឺ​ប្រែប្រួល​ទៅតាម​សេចក្តីត្រូវការ​របស់​អតិថិជន តែ​ទោះជា​យ៉ាងណា​សេចក្តីត្រូវការ​កូន​ត្រី​មានការ កើន​ឡើងជា​បន្តបន្ទាប់​។​

​ចូលដល់​កម្មវិធី​ធំ​សម្រាប់​ព្រឹក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី អមដោយ​ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជ រដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល ចូលមក​ពិនិត្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ នាឱកាស​នេះ លោក​ប្រធាន​វិទ្យាស្ថាន បាន​ជម្រាបជូន​ឯកឧត្តម​ជ្រាប អំពី​ការងាររដ្ឋបាល សកម្មភាព​ភ្ញាស់​កូន​ត្រី​គ្រប់ ប្រភេទ និង​បង្កង គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល នាពេល​អនាគត ធ្វើយ៉ាងណា​ពង្រីក​សក្តានុពល​ផលិត​កូន​ត្រី ឱ្យបាន​គ្រប់គ្រាន់​តាម​សេចក្តីត្រូវការ និង​បន្ត​ពង្រីក​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស វារីវប្បកម្ម​ទំនើប ទាន់សម័យ ទាំង​ការ​ភ្ញាស់ ចិញ្ចឹម និង​ចំណី ជូន​ដល់​អ្នក​ចិញ្ចឹម​។ លោក​បាន​បន្តថា មជ្ឈមណ្ឌល​នេះ មាន​ផ្ទៃដី​ជាង ១៣​ហិកតា ដោយ​ចែកជា​អគារ​រដ្ឋបាល ស្រះ​ចិញ្ចឹម ស្រះ​មេ​ពូជ អាង​ស្តុក​ទឹក អគារ​ភ្ញាស់ អគារ​ស្នាក់នៅ និង​មន្ទីរពិសោធន៍​។ មជ្ឈមណ្ឌល​មាន​ភារកិច្ច ៣​សំខាន់ គឺ​ទី​១. បន្សុទ្ធ បង្កាត់​ពូជ និង​អភិរក្ស​ពូជ​ត្រី​ទឹកសាប ដែល​ជិត​ផុត​ពូជ ទី​២. សិក្សា​ស្រាវជ្រាវ​ពូជ និង​ផ្សព្វផ្សាយ និង​ទី​៣. បណ្តុះបណ្តាល​បច្ចេកទេស ដល់​ប្រជាកសិករ​។
​បច្ចុប្បន្ន​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ បង្កាត់​ពូជ​ត្រី ដោយ​ចែកចេញជា​ត្រី​ផលិតកម្ម មានដូចជា​ត្រី​កាប ឆ្ពិន ក្រ​ហែ កា​បស កាប​ក្បាល​ធំ ទី​ឡា​ព្យា​។​

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​វិទ្យាស្ថាន​រួច ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ ន​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែល​បាន​ខិតខំ​ប្រឹងប្រែង តស៊ូ​ក្នុង​ស្មារតី​ទទួលខុសត្រូវ យកចិត្តទុកដាក់​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល ឲ្យ​មានការ​រីកចម្រើន ស្របតាម​ការអភិវឌ្ឍ​វារីវប្បកម្ម នាពេល​បច្ចុប្បន្ន​។ មានប្រសាសន៍​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី ឯកឧត្តម សុំ​ឲ្យ​មជ្ឈមណ្ឌល គិតគូ​ពី​ការធ្វើ​ពាណិជ្ជកម្ម គឺ​មានន័យថា​បង្កាត់​ពូជ ចិញ្ចឹម និង​ធ្វើ​អាជីវកម្ម ដើម្បី​បង្កើត​ប្រភព​ចំណូល យកមក​បំពេញបន្ថែម នូវ​តម្រូវការ​របស់​មជ្ឈមណ្ឌល ធ្វើយ៉ាងណា​ឲ្យ​មជ្ឈមណ្ឌល មានការ​វិវឌ្ឍន៍​ដោយ​ចីរភាព និង​និរន្តរភាព ជាពិសេស​លើកកម្ពស់​កម្រិតជីវភាព​របស់​មន្ត្រី​ឲ្យ​បានល្អ​ប្រសើរ​។ គួរ​ស្វែងរក​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន ឬ​កសិដ្ឋាន​ចិញ្ចឹម​ត្រី ដើម្បី​សហការ​ធ្វើជា​អ្នកផ្គត់ផ្គង់​កូន​ត្រី​។ ត្រូវ​លើកកម្ពស់​សមត្ថភាព មន្ទីរពិសោធន៍ និង​បង្កើន​ការងារ​ស្រាវជ្រាវ និង​អភិរក្ស​បន្ថែមទៀត ជាពិសេស​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ និង​រួមគ្នា​ថែរក្សា​មជ្ឈមណ្ឌល​ទាំងមូល ឲ្យ​បាន​គង់វង្ស ទុកជា​ប្រយោជន៍ សម្រាប់​បម្រើ​ការងារ​ស្រាវជ្រាវ​វិស័យ​ជលផល​។ ខិតខំ​ស្វែងរក​ដៃគូ មកជួយ​ទាំង​ថវិកា និង​ការងារ​បច្ចេកទេស​ចិញ្ចឹម និង​បង្កាត់​ពូជ ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស​ស្រាវជ្រាវ ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ​ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក ឈានទៅ​ធ្វើការ​ចិញ្ចឹម ការកែច្នៃ និង​នាំចេញ​ផលិត ផល​ត្រី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នាពេល​អនាគត​។​

​នាឱកាស​នេះ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ជា​មធ្យម​នៅ​ទូទាំង​ខេត្តព្រៃវែង ទទួលបាន​ផល​ពី​វារីវប្បកម្ម​ពី​១២-១៤​ពាន់​តោន​ក្នុង​១​ឆ្នាំ​។ បរិមាណ​នេះ អាច​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុង​ខេត្ត​បាន និង​នាំចេញ​មកកាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​ជាប់​ព្រំប្រទល់​។
​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូលរួម​អបអរសាទរ ចំពោះ​លទ្ធផល​នេះ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ ក៏ដូចជា​មន្ត្រី​ជំនាញ និង​ជាពិសេស​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​អភិវឌ្ឍ​អនុវិស័យ​នេះ ឱ្យមាន​ការរីកចម្រើន ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ និង​ជាពិសេស​ចូលរួម​កាត់បន្ថយ ការ​ចាប់ពី​ប្រភព​ធម្មជាតិ​៕​ដោយ​៖​កូ​ឡាប​

spot_img
×