Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំនួយ​បរិក្ខារ​សុខាភិបាល​របស់​ចិន នឹង​ជួយ​លើកកម្ពស់​ការយល់ដឹង ដល់​ស្ថាប័ន​សុខាភិបាល​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ តាមរយៈ​ការ​ផ្តល់ជំនួយ​បរិក្ខារ​សុខាភិបាល ការបង្ហាត់បង្រៀន ការប្រើប្រាស់ ប្រព័ន្ធ​បច្ចេកទេស​ទំនើប និង​វិទ្យាសាស្ត្រ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ក្រុមគ្រូពេទ្យ​ចិន ដែលមាន​បទពិសោធន៍​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 នោះ នឹង​ជួយ​លើកកម្ពស់​ការយល់ដឹង​ដល់​ស្ថាប័ន​សុខាភិបាល ក្នុង​កងយោធពល​ខេមរភូមិន្ទ ឲ្យ​កាន់​តែមាន​សមត្ថភាព​ផ្នែក​បង្ការ ទប់ស្កាត់ ការពារ​ជំងឺឆ្លង​នានា​។​

​នៅក្នុង​ឱកាស​ទទួល​ជំនួយ​បរិក្ខារ​ពេទ្យ​ពី​មិត្ត​ចិន​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រសួង​ការពារ​ប្រទេស កងទ័ព និង​ប្រជាជន​ចិន ដែល​បាន​ផ្តល់ជំនួយ​ឧបត្ថម្ភ​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ ប្រមាណ ២​តោន មកដល់​ក្រសួងការពារជាតិ​កម្ពុ​ជា នាពេលនេះ ដើម្បី​បង្ការ ការពារ ទប់ស្កាត់​ការរីករាយ​ដាល​ពី​មេរោគ​ជំងឺ​ផ្លូវដង្ហើម ដែល​បង្កឡើង​ដោយ​វីរុស​កូ​វីដ​-១៩ ស្របតាម​ទិស​ស្លោក “​សហគមន៍​វាសនា​រួម ដកដង្ហើម​រួមគ្នា រួមសុខទុក្ខ​ជាមួយគ្នា​”​។ ជាមួយគ្នានេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុំ សំណាង ក៏បាន​ចាត់ទុកថា សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​មិត្ត​របស់​កម្ពុជា ជា​មិត្ត​ដែកថែប មិត្ត​អមតៈ មិត្ត​ដែល​រួមសុខ​រួមទុក្ខ ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​។

​ទន្ទឹមនឹង​នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុំ សំណាង មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​ការ​ផ្តល់ជំនួយ​បរិក្ខារ​សុខាភិបាល ការបង្ហាត់បង្រៀន ការប្រើប្រាស់ ប្រព័ន្ធ​បច្ចេកទេស​ទំនើប និង​វិទ្យាសាស្ត្រ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ក្រុមគ្រូពេទ្យ​ចិន ដែលមាន​បទពិសោធន៍​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 នោះ​នឹង​ជួយ​លើកកម្ពស់​ការយល់ដឹង​ដល់​ស្ថាប័ន​សុខាភិបាល ក្នុង​កងយោធពល​ខេមរភូមិន្ទ ឲ្យ​កាន់​តែមាន​សមត្ថភាព​ផ្នែក​បង្ការ ទប់ស្កាត់ ការពារ​ជំងឺឆ្លង​នានា ព្រមទាំង​កសាងបាន​នូវ​យន្តការ​គ្រប់គ្រង ការពារ​រយៈពេល​យូរអង្វែង ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ឈានឆ្ពោះ​ទៅយក​ជ័យជម្នះ​លើ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំងនឹង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ Covid-19 នៅ​កម្ពុជា​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុំ សំណាង បញ្ជាក់​ច្បាស់​ថា​៖ បើទោះបី​ស្ថិតក្នុង​ស្ថានភាព​យ៉ាងណាក៏ដោយ ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល នៅតែមាន​គោលជំហរ​មិន​ងាករេ ក្នុង​កិច្ចសហប្រតិបត្តិការ​រឹងមាំ ដើម្បី​រួមសុខ​រួមទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដោយ​ពុំមាន​ការរើសអើង ហើយ​សង្ឃឹមថា​៖ ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ នឹងត្រូវ​បានបញ្ចប់​នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ ពី​ពិភពលោក​ទាំងមូល​។​

​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួង​ការពារ​ប្រទេស​ចិន បានផ្តល់​ជំនួយ​ឧបត្ថម្ភ​នូវ​សម្ភារ ឧបករណ៍​បរិក្ខារ​ពេទ្យ ប្រមាណ ២​តោន មកដល់​ក្រសួងការពារជាតិ​កម្ពុ​ជា ដើម្បី​បង្ការ ការពារ ទប់ស្កាត់​ការរីករាយ​ដាល​ពី​មេរោគ​ជំងឺ​ផ្លូវដង្ហើម ដែល​បង្កឡើង​ដោយ​វីរុស​កូ​វីដ​-១៩ តាម​ជើងយន្តហោះ​ពិសេស នៃ​កងទ័ពអាកាស​រំដោះប្រជាជន​ចិន នៅ​ចំណត​អាកាសយានដ្ឋាន​ភ្នំពេញ​។​

​គួររំលឹកថា​៖ ក្រសួង​ការពារ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៤ មីនា ឆ្នាំ​២០២០​បាន​បញ្ជូន​គ្រូពេទ្យ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធប្រឆាំង​វី​រ៉ុ​ស​កូ​វីដ​១៩ របស់​កងទ័ព​រំដោះប្រជាជន​ចិន ចំនួន​៤​រូប រួមជាមួយ​ឧបករណ៍​សម្ភារ​មួយចំនួន​មក​កម្ពុជា ដើម្បី​បង្ហាត់បង្រៀន​ពី​វិធានការ​ទប់ស្កាត់ និង​ការព្យាបាល​ដល់​ក្រុមគ្រូពេទ្យ​បង្គោល នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​គោលដៅ​ប្រយុទ្ធ​បង្ការ ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ដោយសារ​វី​រ៉ុ​ស​កូ​វីដ​១៩ ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​៖ ក្រៅពី​គ្រូពេទ្យ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​របស់​កងទ័ព​រំដោះប្រជាជន​ចិន ទាំង​៤​រូប ប្រទេស​ចិន ក៏បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ចំនួន​៧​នាក់​ផ្សេងទៀត និង​សម្ភារ​បរិក្ខារ​ពេទ្យ​ការពារ​ជំងឺ​កូ​វីដ​១៩ មក​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​។ ក្រុមគ្រូពេទ្យ​ដែល​មកដល់​កម្ពុជា​នេះ មាន​បេសកកម្ម​ចែករំលែក​បទពិសោធន៍ និង​បច្ចេកទេស ជោគជ័យ​នានា ដែល​ធ្លាប់ប្រើ​សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល​វិ​រុស​កូ​វីដ​-១៩ នៅ​ប្រទេស​ចិន​នោះ មកដល់​ក្រុមគ្រូពេទ្យ និង​មន្ត្រី​ជំនាញ​របស់​កម្ពុជា ៕​ដោយ​៖​កូ​ឡាប​

spot_img
×