Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​យ​ត្តិ​ធម៌ ត្រូវ​បើក​យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង តាម​សាលាជំនុំ​ជម្រះក្ដី​នាពេល​ឆាប់ៗ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​សម្ដែង​ការគាំទ្រ​ចំពោះ​គម្រោង​របស់​ក្រសួង​យ​ត្តិ​ធម៌ ដែល​នឹង​បើក​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាជំនុំ​ជម្រះក្ដី​នាពេល​ឆាប់ៗ​ខាងមុខ ដោយ​សម្ដេច​បានប្រកាស​ផ្ដល់​កិច្ចការ​គាំទ្រ​នូវ​រាល់​បញ្ហា​ណា​ដែល​ទាក់ទង​នឹង​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ។​

​នៅ​រសៀល​ថ្ងៃ​ពុធ ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​មុខតំណែង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ប្រារព្ធ​នៅ​ទីស្ដីការក្រសួង​យុត្តិធម៌ ។​

​ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​អញ្ជើញ​ថ្លែង​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គ​ពី​ធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​បាន​សម្ដែង​សេចក្ដី​គាវរ​កិច្ច​ដ៏​ខ្ពង់ខ្ពស់​ជូន​សម្ដេច និង​បាន​ជូនពរ​ឯកឧត្តម កើត រិ​ទ្ធ ឱ្យបំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ប្រកបដោយ​ភាពជោគជ័យ ក្នុង​ភារកិច្ច​ថ្មី​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​រំលឹក​អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​ក្រសួងយុត្តិធម៌​សម្រេចបាន​ក្នុង​រយៈពេល​នៃ​ការដឹកនាំ​របស់​ឯកឧត្តម​១៦​ឆ្នាំ​មកនេះ និង​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​ចំពោះ​ការខិតខំ​បំពេញភារកិច្ច​កន្លងមក ។ ឯកឧត្តម​ក៏​ទទួលស្គាល់​នូវ​ចំណុច​ខ្វះខាត​ជាច្រើន​ទៀត ដោយ​សង្ឃឹមថា​ឯកឧត្តម កើត រិ​ទ្ធ នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​បន្ត​ដោយមាន​ការចូលរួម​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងយុត្តិធម៌ ។​

​ថ្លែង​ចំណាប់អារម្មណ៍ និង​ប្ដេជ្ញាចិត្ត ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​រំលឹក​អំពី​កិច្ចការ​ជាច្រើន ដែល​ក្រសួង​សម្រេចបាន​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី អង្គ វង្ស​វ​ឌ្ឍ​នា រួមមាន​ការកសាង​ច្បាប់ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការលើកទឹកចិត្ត​មន្ត្រី ការកសាង​អគារ​ក្រសួង និង​អគារ​តុលាការ ការកែលម្អ​ការផ្ដល់សេវា​យុត្តិធម៌ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និង​សមិទ្ធផល​ជាច្រើន​ទៀត ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី ក៏បាន​មានប្រសាសន៍ថា សមិទ្ធផល​កំណែទម្រង់​សំខាន់ៗ​ជាច្រើន​ក្នុង​វិស័យ​យុត្តិធម៌ ពិសេស​ការកសាង​ច្បាប់​ដ៏​មាន​សារសំខាន់ៗ ដូចជា​ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និង​ច្បាប់​សំខាន់​នានា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា កន្លងមក គឺជា​សមិទ្ធផល​ដ៏​ធំធេង ដែល​នឹងត្រូវ​ចារិក​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​ច្បាប់ និង​យុត្តិធម៌ នៅ​កម្ពុជា ។​

​ឯកឧត្តម​ក៏បាន​សម្ដែង​ការដឹងគុណ ប្រកបដោយ​ក​ត្ត​ញ្ញូ​តា​ធម៌ ជូន​ចំពោះ​សម្ដេច​ក្រឡាហោម ស ខេង ដែល​សម្ដេច​តែ​ផ្ដល់​អនុសាសន៍​ដឹកនាំ បណ្ដុះបណ្ដាល តម្រង់ទិស និង​ផ្ដល់ឱកាស​ឱ្យ​រួម​អនុវត្ត​ការងារ ទាំង​ការងារ​បច្ចេកទេស និង​នយោបាយ និង​ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា ដែល​បាន​ផ្ដល់ឱកាស ការណែនាំ ការតម្រង់ទិស និង​ការចែករំលែក​បទពិសោធ​ន៍ ទាំង​ទិដ្ឋភាព​ការងារ នយោបាយ និង​សង្គម រួមទាំង​បទពិសោធន៍​ជីវិត ជា​ប្រទីប​នៃ​ការបំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្ដេជ្ញាចិត្ត​ស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ បន្ត​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល ពិសេស​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​យុត្តិធម៌​ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​ពី​ប្រជាជន ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ សុ​ច្ចរិតភាព និង​ភាពត្រឹមត្រូវ​នៃ​មន្ត្រី​តុលាការ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត ហើយ​ឯកឧត្តម​សង្ឃឹមថា ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ នឹងចូលរួម​យ៉ាងសកម្ម​ដើម្បី​បុព្វហេតុ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គពិធី ។ សម្ដេច​បាន​មានប្រសាសន៍ថា ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា និង​ឯកឧត្តម កើត រិ​ទ្ធ គឺជា​ថ្នាក់ដឹកនាំ និង​សហការី ដែល​បាន​បំពេញការងារ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មកហើយ និង​រួមគ្នា​សម្រេចបាន​សមិទ្ធផល​ជាច្រើន ។​

​សម្ដេច​បាន​មានប្រសាសន៍ថា ឯកឧត្តម កើត រិ​ទ្ធ បាន​ឆ្លងកាត់​ការងារ​ជាច្រើន នៅ​ក្រសួងយុត្តិធម៌ ចាប់ពី​ឆ្នាំ​២០០៧​មក ពោលគឺ​ចាប់ពី​អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋលេខាធិការ​ប្រចាំការ រហូត​ក្លាយជា​រដ្ឋមន្ត្រី ។ សម្ដេច​ក៏បាន​សម្ដែង​ការកោតសរសើរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អង្គ វង្ស​វ​ឌ្ឍ​នា ដែល​បាន​ចូល​បម្រើ​ជាតិ មាតុភូមិ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ ជា​បន្តបន្ទាប់​នា​រយៈពេល​១៩​ឆ្នាំ​មកហើយ ។​

​សម្ដេច​ក្រឡាហោម​បាន​រំលឹកថា មុន​ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា ក្រៅពី​រដ្ឋធម្មនុញ្ញ កម្ពុជា​មិនទាន់​មានច្បាប់ សំខាន់ៗ​ដូចដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​ទេ ដូចជា​ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី គឺ​ទើបតែ​ឯកឧត្តម ឡើងកាន់​តួនាទី​នោះ​ហើយ ទើប​កម្ពុជា​បាន​បោះជំហាន គួរ​ជាទី​មោទនៈ​ក្នុង​វិស័យ​កសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ។​

​យ៉ាងណាក៏ដោយ​ទន្ទឹម នឹង​សមិទ្ធផល​ជាច្រើន​នោះ សម្ដេច​ក្រឡា​ហោម ក៏បាន​បង្ហាញ​ការកត់សម្គាល់​ដូចគ្នា​ដែរ អំពី​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​កង្វះខាត​ធនធានមនុស្ស ក្នុងពេល​មាន​កំណើន​សំណុំរឿង ពោលគឺ​បច្ចុប្បន្ននេះ មិនមាន​តុល្យភាព​ឡើយ រវាង​ចំនួន​សំណុំរឿង និង​ចំនួន​មន្ត្រី​តុលាការ​នៅ​កម្ពុជា ។​

​សម្ដេច​បាន​មានប្រសាសន៍ថា ការកកស្ទះ​សំណុំរឿង កាន់​តែមាន​ភាពស្មុគស្មាញ បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ គិត​មកដល់ពេលនេះ ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​សំណុំរឿង​គ្រឿងញៀន មាន​ជាង​២​ម៉ឺន​២​ពាន់​នាក់ ។ ដោយឡែក​បញ្ហា​ខ្វះ​ទីតាំង សម្រាប់​បំពេញការងារ​ក៏​ជា​បញ្ហា​ប្រឈម​ដែរ ។ សម្ដេច​សង្ឃឹម​ជឿជាក់ថា ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី នឹង​ដោះស្រាយ​បញ្ហា​នេះ នាពេលខាងមុខ ពិសេស​បន្ទាប់ពី​បញ្ហា​កូ​វីដ​១៩ មាន​ភាព​ធូរស្រាល ។​

​នៅក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ អំពី​ការពង្រឹង​ប្រព័ន្ធយុត្តិធម៌ ដោយបាន​ស្នើឱ្យ​ក្រសួងយុត្តិធម៌ ត្រូវ​បង្កើន​ការលើកកម្ពស់ សេវា​យុត្តិធម៌ ការពង្រឹង​ជំនឿ​ទុកចិត្ត និង​ការទប់ស្កាត់​ការបំពាន ដោយ​អយុត្តិធម៌​ក្នុងសង្គម តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការពង្រឹង​ភាព​ស្អាតស្អំ និង​ក្រមសីលធម៌​មន្ត្រី ការពង្រឹង​យន្តការ​វិន័យ និង​ការធ្វើ​ទំនើបកម្ម​រដ្ឋបាល​យុត្តិធម៌ ។​

​សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​ក្រសួងយុត្តិធម៌ បន្ត​ពង្រឹង​ការលើកកម្ពស់ ការផ្ដល់សេវា​យុត្តិធម៌​នៅ​មូលដ្ឋាន ការកែលម្អយន្តការ​ដោះស្រាយ វិវាទ​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង របស់​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ដើម្បី​សម្រេចបាន គោលបំណង​ខាងលើ សម្ដេច​បាន​បន្តថា ក្រសួងយុត្តិធម៌ ត្រូវ​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌ និង​កំណែ​ទ្រង់​ប្រព័ន្ធយុត្តិធម៌​ឱ្យបាន​ត្រឹមត្រូវ ។​

​ជាមួយគ្នានេះដែរ សម្ដេច​ក៏បាន​មានប្រសាសន៍ អំពី​តុលា​ការជំនាញ​នៅ​ថ្នាក់​សាលាដំបូង ដែល​ច្បាប់​បានចែង​ឱ្យមាន​តុលាការ​រដ្ឋប្បវេណី តុលាការ​ព្រហ្មទណ្ឌ តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ ។ ប៉ុន្តែ​ពេលនេះ​នៅ​សាលាដំបូង​រាជធានី ខេត្ត មិនទាន់​ដំណើរការ​នៅឡើយ​ទេ ។ សម្ដេច​បាន​ណែនាំ​ឱ្យ​ក្រសួង ខិតខំ​ឱ្យអស់​លទ្ធភាព ដើម្បីឱ្យ​តុលាការ​ជំនាញ​នេះ អាច​ដំណើរការ​ទៅបាន ដើម្បី​ឆ្លើយតប​នឹង​ការកកស្ទះ​សំណុំរឿង ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​កកស្ទះ​សំណុំរឿង សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​សម្ដែង​ការគាំទ្រ ចំពោះ​គម្រោង​របស់​ក្រសួង​យ​ត្តិ​ធម៌ ដែល​នឹង​បើក​យុទ្ធនា​ការដោះស្រាយ ការកកស្ទះ​សំណុំរឿង តាម​សាលាជំនុំ​ជម្រះក្ដី​នាពេល​ឆាប់ៗ​ខាងមុខ ដោយ​សម្ដេច​បានប្រកាស ផ្ដល់​កិច្ច​ការគាំទ្រ​នូវ​រាល់​បញ្ហា​ណា ដែល​ទាក់ទង​នឹង​សមត្ថកិច្ច របស់​ក្រសួងមហាផ្ទៃ ។​

​សម្ដេច​បាន​បន្ថែមថា នៅក្នុង​ការដ្ឋាន​កំណែទម្រង់​ទាំង​៤ របស់​រាជរដ្ឋាភិបាល គឺមាន​កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដែល​បាន​បង្កើត​លេខាធិការដ្ឋាន សម្របសម្រួល​មួយ​។ ដូច្នេះ​សម្ដេច​សូម​ឯកភាព និង​គាំទ្រ​ការបញ្ចូល​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ទៅក្នុង​លេខាធិការដ្ឋាន​នោះ ។​

​មុននឹង​បញ្ចប់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​សេចក្ដីសង្ឃឹម​ជឿជាក់ថា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​ក្រសួងយុត្តិធម៌ នឹង​ខិតខំ​រួមគ្នា​បំពេញបេសកកម្ម​បម្រើ ប្រទេសជាតិ ឱ្យ​ទទួលបាន​ជោគជ័យ និង​ជូនពរ​ឱ្យ​ជួបប្រទះ តែ​នឹង​សេចក្ដីសុខ​គ្រប់ប្រការ ពិសេស​ចៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ៕​ដោយ​៖​កូ​ឡាប​

   

spot_img
×