Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង រាជធានី​-​ខេត្ត ដើម្បី​កាត់បន្ថយ ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​

spot_img

​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដើម្បី​ជួយ​កាត់បន្ថយ​ការ​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ក៏ដូចជា ការផ្ដល់​យុត្តិធម៌​ឲ្យ​បាន​ឆាប់រហ័ស ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​មុខតំណែង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​ទីស្ដីការ​ក្រសួងយុត្តិធម៌ នា​រសៀល ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ដ​អនុវត្ត​នូវ​យុទ្ធសាស្ដ្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដោយ​ផ្ដោត​សំខាន់​លើ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ និង​ការលើកកម្ពស់​សេវា​យុត្តិធម៌ ដោយ​បង្កើន​ប្រសិទ្ធភាព មន្ដ្រី​អនុវត្ត​ច្បាប់ និង​ប្រយុទ្ធប្រឆាំង​អំពើ​បំពាន​ដោយ​អយុត្តិធម៌​នៅក្នុង​សង្គម​ផងដែរ​។​

​សម្ដេច​ក្រឡាហោម​បន្ដថា ការពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​វិស័យ​យុត្តិធម៌ តាមរយៈ​ការពង្រឹង​វិន័យ និង​ការបំពេញ​វិជ្ជាជីវៈ​រប​ស់ម​ន្ដ្រី​តុលាការ ព្រមទាំង​ការលើកកម្ពស់​ការផ្ដល់​សេវា​យុត្តិធម៌​នៅតាម​សាលាជម្រះក្ដី ប្រកបដោយ​តម្លាភាព ធានាបាន​នូវ​យុត្តិធម៌​តាមផ្លូវ​ច្បាប់​។​

​ប្រសាសន៍​សម្តេច ជំរុញ​ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដើម្បី​ជួយ​កាត់បន្ថយ​ការ​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ក៏ដូចជា ការផ្ដល់​យុត្តិធម៌​ឲ្យ​បាន​ឆាប់រហ័ស​ជូន​ដល់​ប្រជាពលរដ្ឋ ។ តាម​ការគ្រោងទុក ក្រសួងយុត្តិធម៌​នឹង​បើក​យុទ្ធនាការ​មួយ ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាជម្រះក្ដី នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

សម្ដេច​ក្រឡាហោម ក៏បាន​បង្ហាញ​ការកត់សម្គាល់​ដូចគ្នា​ដែរ អំពី​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​កង្វះខាត​ធនធានមនុស្ស ក្នុងពេល​មាន​កំណើន​សំណុំរឿង ពោលគឺ​បច្ចុប្បន្ននេះ មិនមាន​តុល្យភាព​ឡើយ រវាង​ចំនួន​សំណុំរឿង និង​ចំនួន​មន្ត្រី​តុលាការ​នៅ​កម្ពុជា ។​

​សម្ដេច​បាន​មានប្រសាសន៍ថា ការកកស្ទះ​សំណុំរឿង កាន់​តែមាន​ភាពស្មុគស្មាញ បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ គិត​មកដល់ពេលនេះ ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​សំណុំរឿង​គ្រឿងញៀន មាន​ជាង​២​ម៉ឺន​២​ពាន់​នាក់ ។ ដោយឡែក​បញ្ហា​ខ្វះ​ទីតាំង សម្រាប់​បំពេញការងារ​ក៏​ជា​បញ្ហា​ប្រឈម​ដែរ ។​

​សម្ដេច​ក្រឡាហោម​បន្ថែមថា ក្រសួងយុត្តិធម៌ ត្រូវ​ពង្រឹង និង​លើកកម្ពស់​កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់ និង​យន្ដការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ និង​ក្របខណ្ឌ​ច្បាប់ ព្រមទាំង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​បម្រើ​ឲ្យ​យន្ដការ​នេះ ក្នុង​គោលដៅ​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ ព្រមទាំង​ពង្រឹង​សុខដុម​រម​នីយកម្ម​នៅក្នុង​សហគមន៍​មូលដ្ឋាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×