Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់​ជាប់ពន្ធនាគារ​១០​ឆ្នាំ ពីបទ​ប្លន់ ក្រោយ​ចេញពី​ពន្ធនាគារ មិន​កែខ្លួន មក​ប្រព្រឹត្ត​បទល្មើស​ទៀត​

spot_img

​បាត់ដំបង​៖ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​រៀបចំ​សំណុំ​​រឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់​។ បុរស​នោះ​ធ្លាប់​ជាប់ពន្ធនាគារ​ក្នុង​ឆ្នាំ​២០០៨ ពីបទ​(​ប្លន់​) ក្រោយ​ចេញពី​ពន្ធនាគារ មិន​កែខ្លួន​រកស៊ី​ត្រឹមត្រូវ​និង​ជា​មនុស្ស​ល្អ​ក្នុងសង្គម​នោះទេបែរជា​មក​ប្រព្រឹត្ត​បទល្មើស​ទៀត​។​

​បើតាម​របាយការណ៍រ​បស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១​ខែមេសា​ឆ្នាំ​២០២០​វេលា​ម៉ោង​៧​និង​៤០​នាទី​នៅ​ចំណុច​ក្រុមទី​២៣ ភូមិ​គ្រួស ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) មួយ​កើតឡើង​បង្កដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​១​នាក់ ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៩​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​បាត់ដំបង 1AH 4465 ធ្វើ​សកម្មភាព​ឆក់​កាបូប របស់​ជនរងគ្រោះ​ឈ្មោះ ញ៉ ជ្រី ភេទ​ស្រី អាយុ​៧២​ឆ្នាំ ​រស់នៅ​ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​នៅក្នុង​កាបូប​នោះ មានទ្រព្យ​សម្បត្តិ​រួមមាន​៖ ​ប្រាក់រៀល​ចំនួន​៣.៣០០.០០០​រៀល (​បី​លាន​សាមសិប​ម៉ឺន​រៀល​) ​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​ទ្រូ​ពណ៌​ខ្មៅ មាន​ស៊ីម​លេខ​0979879193 អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១​សន្លឹក​។​

​នៅពេល​កើតហេតុ​ភ្លាមៗ តាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​និង​មតិ​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ដឹកនាំ​មន្ត្រី​ក្នុង​ផែន​ជំនាញ​ចូលរួម​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល និង​កម្លាំង នគរបាល​ស្រុក​សង្កែ ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​។​

​ឆ្លងតាម​រយៈ​នៃ​ការស្រាវជ្រាវ រហូតដល់​ម៉ោង​១០​និង​៤០​នាទី បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​ឈ្មោះ សាន់ លី ​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់អំពិល ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង និង​បាន​ដកហូត​សម្ភារ​ភស្តុតាង​រួមមាន​៖ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ពាក់​ផ្លាកលេខ​បាត់ដំបង​1AH 4465 ប្រាក់រៀល​ចំនួន​៣.១០០.០០០​រៀល​(​បី​លាន​ដប់​ម៉ឺន​រៀល​) ​ខោអាវ​ប៉ា​រ៉ា​១​កំ​ប្លេ មួកសុវត្ថិភាព​ណ៌​ស​១ កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១ ទូរស័ព្ទដៃ​ម៉ាក​ទ្រូ​១​គ្រឿង​(​គ្មាន​ស៊ីម​) អត្តសញ្ញាណ​​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១​សន្លឹក​។​

​សូមបញ្ជាក់​ជូន​ថា ជនសង្ស័យ​ឈ្មោះ សាន់ លី ធ្លាប់​ជាប់ពន្ធនាគារ​ក្នុង​ឆ្នាំ​២០០៨ ពីបទ​(​ប្លន់​) នៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ហើយ​​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ លុះដល់​ថ្ងៃទី​១ ខែ មេសា ឆ្នាំ​២០២០ បានធ្វើ​សកម្មភាព​ដូចខាងលើ ​និង​ត្រូវ​បង្ក្រាប​ចាប់ខ្លួនបាន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×