Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាសាទអកយំ​ទទួលបាន​ការជួសជុល​ជា​លើកដំបូង​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​

spot_img

សៀមរាប​៖ ដំណើរការ​ជួសជុល​ប្រាសាទអកយំ​មកដល់​ឆ្នាំ​២០២០ មាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ ដែល​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រឹងប្រែង​សង្គ្រោះ​ឱ្យ​រួច​ផុតពី​ហានិភ័យ ដើម្បីឱ្យ​បុរាណ​ដ្ឋា​ន​មួយ​នេះ មាន​ភាពរឹងមាំ ស្រស់ស្អាត និង​ចៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ សម្រាប់​ទទួល​ស្វាគមន៍​ទេសចរ គ្រប់ទិសទី​មក​ទស្សនា​ឱ្យបាន​ច្រើន​កុះករ​។​

​លោក​បណ្ឌិត ជា សុជាតិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង បានឱ្យដឹងថា ប្រាសាទអកយំ​រង​នូវ​ការខូចខាត តាំង​ពីមុន​បារាំង​រកឃើញ​មកម្ល៉េះ (​ឆ្នាំ​១៩៣២) ដោយសារ​រចនាសម្ព័ន្ធ​មួយផ្នែក នៃ​ប្រាសាទ​ត្រូវបាន​កប់​ក្រោម​ខ្នង​ទំនប់​បារាយណ៍​។ មិនតែប៉ុណ្ណោះ ដើមឈើ​និង​ឫស​ឈើ ក៏បាន​ដុះ​ចាក់ឫស​បំផ្លាញ​ប្រាសាទ កម្សោយ​រចនាសម្ព័ន្ធ​គ្រឹះ​មិនអាច​ទ្រ​ទម្ងន់​សង្កត់​របស់​តួ​ប្រាសាទ​ទាំងមូល ការ​លួច​ជីក​រក​វត្ថុ​បុរាណ ឥដ្ឋ​ពុកផុយ ការបំផ្លាញ​ដោយ​បរិស្ថាន​មាន​រុក្ខជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ លំ​ញ័រ​យានយន្ត​ដែល​បរ​កាត់​បុរាណ​ដ្ឋា​ន បាយអរ​អស់​គុណភាព និង​កង្វះ​ការថែទាំ​ជាដើម​។​

​ដើម្បី​សង្គ្រោះ​ប្រាសាទ​នេះ​ឱ្យ​ផុតពី​គ្រោះថ្នាក់ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​ទៅតាម​ដំណាក់កាល​។ ដំណាក់កាល​ទី​១ សម្អាត​ប្រាសាទ ត្រួស​ត្រាយព្រៃ សម្អាត​កំណ​កដី សម្រង់​ប្លង់​ជុំវិញ​ប្រាសាទ និង​ពង្រឹង​ខឿន​ខាងត្បូង​នៃ​ប្រាង្គ​កណ្តាល​។ ដំណាក់កាល​ទី​២ ក្រុមការងារ​បន្ត​ពង្រឹង​ប្រាង្គ​កណ្តាល ពង្រឹង​និង​ជួសជុល​ខឿន​ផ្នែក​ខាងត្បូង ខាងលិច ខាងកើត និង​ខាងជើង​។ នៅ​ផ្នែក​ខាងជើង ក្រុមការងារ​បាន​ដំឡើង​ស៊ុមទ្វារ ដែល​ធ្វើ​ពី​ថ្មភក់​ឱ្យ​ឈរ​ឡើងវិញ ដែល​គេ​បានធ្វើ​បន្ថែម​លើ​សំណង់​ចាស់​កាលពី​សតវត្សរ៍​ទី​១០ ឱ្យ​ដូចដើម​។ បន្ត​ពី​នោះ ក្រុមការងារ​បាន​ដក​ដើម​ពោធិ៍ រើ​រាន​ព្រះ​ភូមិ​នៅ​ផ្នែក​ខាងកើត ដែលជា​ច្រកចូល​ដ៏​សំខាន់ ហើយ​ពង្រឹង​ខឿន​ទី​៣ និង​កម្រាល​ខឿន​ដែល​ឫស​ពោធិ៍ បាន​ចាក់​ចូល​ធ្វើឱ្យ​ខូចខាត​។ រួចហើយ​ពង្រឹង​និង​ជួសជុល​ខឿន​ប្រាង្គ ដំឡើង​កាំជណ្តើរ​ថ្មភក់​និង ដាក់​បង្កាន់ដៃ​ឥដ្ឋ​សងខាង​។ ចំណែក​នៅ​កណ្តាល​ប្រាង្គ ក្រុមការងារ​បានរៀបចំ​ពង្រឹង​ជើង​ទម្រ និង​លើក​បំណែ​កជើង​ទម្រ មក​ដាក់​នៅ​ទីតាំង​ដើម​វិញ​។​

​ប្រធាន​គម្រោង​រូបនេះ​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការជួសជុល​ប្រាសាទអកយំ គឺ​ដើម្បី​រួមចំណែក​លើក​តម្លៃ​ប្រាសាទ​នេះ ឱ្យ​ផុតពី​ការបំផ្លាញ​របស់​ធម្មជាតិ បរិស្ថាន និង​មនុស្ស ឱ្យ​សម​តម្លៃ​ជា​បេតិកភណ្ឌ​ពិភពលោក​។ លោក សុជាតិ សង្ឃឹមថា ក្រោយ​បញ្ចប់​គម្រោង​ជួសជុល ក្នុងពេល​ឆាប់ៗ​ខាងមុខ នឹងមាន​ភ្ញៀវទេសចរ​ស្គាល់​ច្រើន មក​ទស្សនា​ច្រើន​ដូច​បារាយណ៍​ដែរ ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ បរិស្ថាន ការជួសជុល សំណង់​ប្រាសាទភ្នំ​ដែលមាន​វ័យ​ចំណាស់​ជាងគេ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×