ស្រុកព្រៃនប់៖ បុរស២នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ និងម៉ូតូ នៅវេលាម៉ោង៥ល្ងាច
ថ្ងៃទី២ខែមេសាឆ្នាំ២០២០ នៅភូមិត្រពាំងគាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧២-១៧៣ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្តកុងតឺន័រ ១គ្រឿងម៉ាក DAEWOO ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-9299 មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចបាត់) មកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ បុកម៉ូតូ ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ- 3090 មានទិសដៅផ្ទុយគ្នា (អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ) ហើយរថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀត ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានទិសដៅផ្ទុយគ្នាដែរ (អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ) បណ្ដាលឲ្យបុរស២នាក់អ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
សាកសពទាំង២នាក់ កំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួន បាត់ក្រោយពេលកើតហេតុ ៕ដោយ៖បញ្ញាស័ក្តិ