Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ធ្វើការ​ធានា​ទូទាត់​របស់​រដ្ឋ​លើ​គម្រោង​សង់រោង​ចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ៧០០ ​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកោះកុង​

spot_img

​ព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃទី​២​មេសា​នេះ បានអនុម័ត​ជា​ផ្លូវការ​នូវ សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិន​វេស​ម៉ិ​ន គ្រុប ឯ​.​ក សម្រាប់​គម្រោង វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកោះកុង​។​

​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ព្រឹទ្ធសភា​អោយយោបល់​ឯកភាព​ក្រោម​សំឡេង​៤៩ លើ ៤៩ នៅក្នុង​សម័យប្រជុំ​វិសាមញ្ញ​របស់​ព្រឹទ្ធសភា នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃទី​២ ខែមេសា​នេះ បន្ទាប់ពី​ត្រូវបាន​រដ្ឋសភា​អនុម័ត​ទាំងស្រុង ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ក្រោម​សំឡេងគាំទ្រ​១០៩​នាក់​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិន​វេស​ម៉ិ​ន គ្រុប ឯ​.​ក សម្រាប់​គម្រោង វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ ខេត្តកោះកុង គឺជា​របៀបវារៈ​សំខាន់​ទី​១ ដែល​ទទួលបាន​ការអនុម័ត​មុនគេ​បង្អស់​។​

​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៉ិ​ន​វេស​មិន គ្រុប ឯ​.​ក ទទួលបាន​សម្បទាន​អនុវត្ត​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​នាំចូល អនុភាព​៧០០​មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​គន្លឹះ​សំខាន់ៗ​មួយចំនួន ដូចជា​៖

​ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​រួមមាន សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​នាំចូល អនុភាព​៧០០​មេ​ហ្គា​វ៉ា​ត់​, សាងសង់​ប្រព័ន្ធ​ត​ភ្ជាប់​អគ្គិសនី តង់ស្យុង​២៣០​គីឡូវ៉ុល ប្រវែង​៥០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​រោងចក្រ​អនុ​ស្ថានីយ​បុ​ទុម​សាគរ​របស់​អគ្គិសនី​កម្ពុជា​ផង​,​សាងសង់​ស្ពាន​ដឹកជញ្ជូន​ធ្យូងថ្ម មាន​២​កំណាត់ ប្រវែង​សរុប​៦​គីឡូម៉ែត្រ​និង​កន្លែង​ស្តុក​ធ្យូងថ្ម​,​ផ្លូវ​ចូល​ទីតាំង​គម្រោង ប្រវែង​៤០​គីឡូម៉ែត្រ​, អនុ​ស្ថានីយ​អគ្គិសនី​របស់​រោងចក្រ​,​បន្ថែម​បរិក្ខា​សម្រាប់​បញ្ចេញ​ថាមពល​ទៅឱ្យ​អ្នកប្រើប្រាស់​ក្នុង​តំបន់ រួមមាន​ប្រជាពលរដ្ឋ និង​រោងចក្រ សហគ្រាស ឬ​តំបន់ឧស្សាហកម្ម ដែល​អាច​នឹង​កើតមាន​នៅពេល​អនាគត​។​

​រោងចក្រ​នេះ​មាន អនុភាព​ដំឡើង​៧០០​មេ​ហ្គា​វ៉ា​ត់ អនុភាព​សុទ្ធ ៦៨០​មេ​ហ្គា​វ៉ា​ត់​។ អគ្គិសនី​កម្ពុជា​ធានា​ទិញ​ថាមពល​ពី​គម្រោង​៨០% ក្នុង​១​ឆ្នាំ​។ ទុនវិនិយោគ​សរុប ១៣៤៤,២០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​ទុន​ផ្ទាល់​៣០​ភាគរយ និង​កម្ចី​ពី​ធនាគារ​៧០​ភាគរយ​។​

ការដាកឱ្យ​ដំណើរការ​រោងចក្រ​អគ្គិសនី ត្រូវ​ស្របតាម​ផែនការមេ​អភិវឌ្ឍ​វិស័យ​អគ្គិសនី ដោយ​ម៉ាស៊ីន​ទី​១ អនុភាព ៣៥០​មេ​ហ្គា​វ៉ា​ត់ ត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ និង​ម៉ាស៊ីន​ទី​២ អនុភាព​៣៥០​មេ​ហ្គា​វ៉ា​ត់ ត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៤​។ រយៈពេល​សម្បទាន​៣៨​ឆ្នាំ ក្នុងនោះ​រយៈពេល​សាងសង់​៣​ឆ្នាំ និង​រយៈ​ពេលធ្វើ​អាជីវកម្ម​៣៥​ឆ្នាំ ចំណែក​ថ្លៃ​លក់​អគ្គិសនី ០,០៧២៩២​ដុល្លារ​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​។​

​ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការលើកទឹកចិត្ត​មួយចំនួន​ដូចជា លើកលែង​ពន្ធ​នាំចូល​គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន បរិក្ខា​ឧបករណ៍ និង​សម្ភារៈ​នានា នៃ​គម្រោង​ក្នុង​រយៈពេល​សាងសង់​, អាករ​លើ​តម្លៃបន្ថែម (VAT) និង​អាករ​ពិសេស ជា​បន្ទុក​របស់​រដ្ឋ​, លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល​ល​៩​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ប្រតិបត្តិការ​អាជីវកម្ម​ដំបូង​, លើកលែង​ថ្លៃ​សួយ​សារ និង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ផ្សេងៗ លើ​ការប្រើប្រាស់​ទឹក និង​ធនធាន​សំណង់ (​ថ្ម គ្រួស ខ្សាច់ សាច់​ដី​) សម្រាប់​ការសាងសង់​គម្រោង​។​

​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រុមហ៊ុន​ត្រូវធ្វើ​ការ​បោ​សម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ នៅលើ​ទីតាំង​ដែល​ចាំបាច់​។ ក្រុមហ៊ុន​ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​វិធានការ​បង្ការ និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​។ ក្រុមហ៊ុន​ក៏ត្រូវ​ផ្តល់​ថវិកា​ទ្រទ្រង់​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ហើយ​ក្រុមហ៊ុន​ត្រូវ​ឧបត្ថម្ភ​អគ្គសិ​នី​កម្ពុជា សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ធនធានមនុស្ស និង​បង្កើន​សមត្ថភាព​ក្នុង​វិស័យ​ថាមពល​កម្ពុជា​ជាដើម​។​

​សម្រាប់​គម្រោង​នេះ រដ្ឋ​ទទួល​ចំណូល​ពន្ធ ដែល​រួមមាន​ពន្ធ​លើ​ប្រាក់ចំណូល​ពន្ធ មុន​បង់​មុន​លើ​ការបែងចែក​ភាគលាភ និង​ពន្ធ​កាត់​ទុក​លើ​ការប្រាក់ សរុប​ចំនួន​៧៤៦ ២៦៨ ២៥០​ដុល្លារ ក្នុង​រយៈពេល​សម្បទាន​៣៨​ឆ្នាំ ឬ​ជាម​ធ្យ ១៩ ៦៣៨ ៦៣៨​ដុល្លារ ក្នុង​១​ឆ្នាំ​។ ក្នុងករណី​អាករ​លើ​តម្លៃបន្ថែម (VAT) ត្រូវ​បានក់​ឱ្យ​អនុវត្ត​លើ​ថ្លៃ​លក់​ថាមពល​អគ្គិសនី រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពី​អាករ​នេះ សរុប​ចំនួន ១ ២១៦ ២៣៥ ៥៩៧​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​អាជីវកម្ម​៣៥​ឆ្នាំ​។ ចំណូល​ពន្ធ​នេះ មិនទាន់​គិត​បញ្ចូល​ចំណូល​ពន្ធ​មួយចំនួនទៀត​ដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធ​កាត់​ទុក​លើ​ការជួល​នានា និង​ចំណូល​ពន្ធ​មួយចំនួនទៀត​៕ ដោយ ៖ វិដា

spot_img
×