Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​ការរៀប​ទីតាំង បន្ទប់​ស្នាក់នៅ គ្រឿង​បរិក្ខារ​ពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយជ្រំ ត្រៀម​បម្រុង​សម្រាប់​ទទួល​ព្យាបាល អ្នក​កើត​ជំងឺ​កូ​វីដ​-១៩

spot_img

​ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ​ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ លោក​អភិបាលស្រុក​ស្វាយជ្រំ និង​ក្រុមគ្រូពេទ្យ​ខេត្ត ចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការរៀប​ទីតាំង បន្ទប់​ស្នាក់នៅ សម្ភារ និង​គ្រឿង​បរិក្ខា​ពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយជ្រំ ដែលជា​ទីតាំង​មួយ​ត្រៀម​បម្រុង​ទុក សម្រាប់​ទទួល​ព្យាបាល ក្នុងករណី​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្តស្វាយរៀង ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​មន្ត្រី​ជំនាញ បុគ្គលិក​ពេទ្យ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ រៀបចំ​ទីតាំង​ត្រៀម​បម្រុង​ទុក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយជ្រំ​នេះ ដែល​ពិតជា​បានបង្ហាញ ឲ្យ​ឃើញ​នូវ​ការយកចិត្តទុកដាក់ និង​ឆន្ទៈ​មោះមុត​រួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត និង​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ។

​អភិបាលខេត្ត ក៏បាន​បញ្ជាក់​សាជាថ្មី​ម្ដង​ទៀតថា នាពេល​បច្ចុប្បន្ន​ខេត្តស្វាយរៀង មិនទាន់មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ផ្ទុក​នូវ​ជំងឺ​កូ​វីដ​-១៩ នៅឡើយ​ទេ ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​នៃ​ការវិវឌ្ឍ​របស់ ជំងឺ​នេះ​នៅ​កម្ពុជា​របស់​យើង នៅតែ​មិនទាន់​បង្ហាញ​សញ្ញា នៃ​ការ​ថមថយ​ណាមួយ​នោះ ឯកឧត្ដម ស្នើ​ដល់​គ្រប់​អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រៀបចំ​ទីតាំង​ត្រៀម​បម្រុង​ទុក​នេះ ឲ្យ​បាន​រួចរាល់​តាម​ផែនការ ដែល​បានគ្រោង​ទុក​នៅ​ទីកន្លែង ដែល​មិនទាន់​បានរៀបចំ​រួចរាល់ ដោយមាន​បំពាក់​ឧបករណ៍​បរិក្ខារ​ពេទ្យ រៀបចំ​គ្រែ បន្ទប់ទឹក ប្រព័ន្ធ​ទឹក បំពាក់​ម៉ាស៊ីនត្រជាក់ នៅតាម​បន្ទប់ និង​សម្ភារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ស្របតាម​បទដ្ឋាន​បច្ចេកទេស​សុខា​ភិ​បាល ។

​លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត និង​បង្កើន​ការចុះ​ផ្សព្វផ្សាយ អប់រំ ណែនាំ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​អំពី​វិធានការ​នានា ដែល​ក្រសួងសុខាភិបាល​បានរៀបចំ​នាពេល​កន្លងមក ជាពិសេស​ត្រូវ​បន្ត​យកចិត្តទុកដាក់ ចំពោះ​បងប្អូន​ពលករ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ដោយ​ធានាថា ពួកគាត់​ត្រូវបាន​ស្នាក់នៅ​ដាច់ដោយឡែក ពី​គេ ក្នុង​រយៈពេល​១៤​ថ្ងៃ ហើយ​ក្នុងករណី​មានការ​សង្ស័យ ត្រូវ​ចាត់​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ និង​បញ្ជូន​គាត់​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត និង​ត្រូវ​រាយការណ៍​ជាបន្ទាន់ មក​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ខេត្ត ។​

​សូមបញ្ជាក់ថា ឆ្លើយតប​នឹង​សភាពការណ៍​បច្ចុប្បន្ន ដែល​សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា​យើង កំពុង​រង​នូវ​ការវាយលុក​ពី​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាលខេត្ត​ស្វាយរៀង បាន​ត្រៀម​នូវ​ទីតាំង​បម្រុង​ទុក សម្រាប់​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ចំពោះ​អ្នក​ដែលមាន​ការសង្ស័យ និង​អ្នក​ផ្ទុក​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ នៅតាម​ទីតាំង​មួយចំនួន ទាំង​នៅតាម​បណ្ដា​មន្ទីរពេទ្យ​ខេត្ត ក្រុង ស្រុក សណ្ឋាគារ និង​ផ្ទះសំណាក់ ដោយ​សរុប​មាន​ចំនួន ១១១​បន្ទប់ ស្មើនឹង ២១១​គ្រែ ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×