Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល និង​កងទ័ព​អូស្ត្រាលី លុបចោល​រាល់​កម្មវិធី​ជាច្រើន ដោយសារ​ការរីក​រាល​ដាល​នៃ​វីរុស កូ​រ៉ូ​ណា

spot_img

ភ្នំពេញ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ជូន​ឯកឧត្តម ឯកអគ្គរាជទូត​ថ្មី នៃ​ប្រទេស​អូស្ត្រាលី​ថា​៖ កងយោធពល​ខេមរភូមិន្ទ​គ្រប់​បណ្ដា​កងឯកភាព និង​បង្ក​គ្រប់​លក្ខណសម្បត្តិ ដល់​ការបំពេញ​បេសកកម្ម​កា​រទូ​តរបស់​ឯកឧត្តម នៅ​កម្ពុជា បើ​ទោះ​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​ក្នុងស្ថានភាព នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង Co vid 19 នេះ​ក៏ដោយ យើង​នឹង​រួមគ្នា ការពារ​ទប់ស្កាត់ ឲ្យ​ខាងតែបាន ទៅតាម​អ្វីដែល​អាចធ្វើ​ទៅបាន​ដោយ​ប្រសិទ្ធភាព​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អនុញាតិ​ឲ្យ ឯកឧត្តម PABLO KANG ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី ចូលជួប​សំដែង​ការគួរសម ក្នុងឱកាស​ដែល​ឯកឧត្តម ឯកអគ្គរដ្ឋទូត​រូប​នោះបាន​អញ្ជើញ​មក​បំពេញ​អាណត្តិ​ការទូត​របស់ខ្លួន នៅ​កម្ពុជា បន្ត​ពី​ឯកអគ្គរាជទូត​ចាស់ ដែល​បានបញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​បន្ទប់​សវនាការ សម្ដេច​ពិជ័យ​សេនា នា​អគារ​មិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុង​ទីក្រុង​ភ្នំពេញ។

ក្នុងជំនួប​នាឱកាស​នោះ ឯកឧត្តម Pablo Kang បាន​ថ្លែងថា ពិភពលោក​ទាំងមូល កំពុង​ប្រឈម នូវ​ការរីក​រាលដាល នៃ​ជំងឺឆ្លង​ដ៏​កាច​សាហាវ Covid 19 ដែល​បណ្ដាលឱ្យមាន​មនុស្ស​ឆ្លង និង​ស្លាប់​រាប់ពាន់ រាប់ម៉ឺន​សែន​នាក់​។

ឯកឧត្តម Pablo Kang បាន​សម្ដែង​នូវ​អំណរគុណ​ជា​អនេក​ចំពោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​គ្រប់​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ក្នុង​រយៈពេល នៃ​ការបំពេញ​បេសកកម្ម​កា​រទូ​តរបស់​ឯកឧត្តម ឯកអគ្គរាជទូត​ចាស់​នៅ​កម្ពុជា កងយោធពល​ខេមរភូមិន្ទ បានរួម​សហប្រតិបត្តិការ បង្ក​គ្រប់​លក្ខណសម្បត្តិ​ងាយស្រួល​គ្រប់បែបយ៉ាង​ដល់​ឯកឧត្តម ឯកអគ្គរាជទូត​ចាស់ រួម​នឹង​សហការី ក្នុងការ​បំពេញបេសកកម្ម​ការទូត ក្នុងការ​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ រវាង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី និង​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​កងយោធពល​ខេមរភូមិន្ទ នៅ​កម្ពុជា រហូត​ទទួលបាន​ជោគជ័យ​។

​ឯកឧត្តម អគ្គរាជទូត​អូស្ត្រាលី​ថ្មី ក៏បាន​លើកឡើង​អំពី​កង្វល់​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក អំពី​ការរីករាយ នៃ​ជំងឺ​ផ្លូវដង្ហើម វីរុស​កូ​រ៉ូ​ណា (Covid 19) ដែល​បាននិងកំពុង​រីក​រាល​ដាល​យ៉ាងខ្លាំង នៅ​គ្រប់​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ី អឺរ៉ុប អា​ហ្វ្រិ​ច អា​មេ​រិច អូស្ត្រាលី និង​តំបន់​មួយចំនួន​នៅលើ​ពិភពលោក ដែលមាន​អ្នក​ឆ្លង និង​អ្នកស្លាប់ កើន​ឡើងជា​រៀងរាល់ថ្ងៃ​។

​ឯកឧត្តម ឯកអគ្គរាជទូត ក៏បាន​ជម្រាបជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ផងដែរ អំពី​ការលុបចោល​រាល់​កម្មវិធី​ជាច្រើន​របស់​រាជរដ្ឋាភិបាល និង​កងទ័ព​អូស្ត្រាលី ដោយសារ​ការរីក​រាល​ដាល​នៃ​វីរុស កូ​រ៉ូ​ណា Covid 19 ដែលជា​ការរាំងស្ទះ​បំផុត ដល់​ដំណើរការ​នានា​របស់​រា​ជ​រដ្ឋាភិបាល និង​កងទ័ព​អូស្ត្រាលី​នាពេល​បច្ចុប្បន្ននេះ​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា​៖ សម្តេច​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ភាពជោគជ័យ នៃ​ការបំពេញ​ការងារ ការទូត​របស់​ឯកឧត្តម ឯកអគ្គរាជទូត​អូស្ត្រាលី​ចាស់ ដែល​បានបញ្ចប់​អាណត្តិ​នៅ​កម្ពុជា​នាពេល​កន្លងមក ហើយ​និង​សូម​ស្វាគមន៍ ចំពោះ​ឯកឧត្តម ឯកអគ្គរាជទូត​ថ្មី របស់​ប្រទេស​អូស្ត្រាលី នៅ​កម្ពុជា​នាពេលនេះ ហើយក៏​សូម​ស្វាគមន៍​ជានិច្ច ចំពោះ​គ្រប់​បេសកកម្ម​ការទូត របស់​បណ្ដា​ប្រទេស​ជា​មិត្ត​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ បើ​ទោះ​បច្ចុប្បន្ននេះ​មាន​ការរីក​រាលដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ Covid19 ក៏ដោយ ក៏​ថ្នាក់ដឹកនាំ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ទទួល​ស្វាគមន៍​ជានិច្ច​។

​សម្ដេច​ពិជ័យ​សេនា បញ្ជាក់ទៀតថា​៖ កន្លងមក រាជរដ្ឋាភិបាល កងទ័ព​ប្រទេស​យើង​ទាំងពីរ កម្ពុជា អូស្ត្រាលី តែងតែ​រួមគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា បាន​យ៉ាង​ល្អប្រសើរ ចាប់តាំងពី​ថ្នាក់ដឹកនាំ​កំពូល រហូតដល់​ថ្នាក់ក្រោម ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភារ​វក​ម្ម និង​សន្តិសុខ​ក្នុង​តំបន់​។ ប៉ុន្តែ​ឥឡូវនេះ​យើង​ក៏​នៅតែ​រួមគ្នា​ប្រយុទ្ធប្រឆាំង​ទប់ទល់​ការពារ​នឹង​វីរុស​ដ៏​កាច​សាហាវ​នៃ​ជំងឺឆ្លង​កូ​រ៉ូ​ណា Covid 19 ដែល​កំពុង​រាតត្បាត​ពិភពលោក​ទាំងមូល​។

​តាមរយៈ​នៃ​ការ​មក​បំពេញបេសកកម្ម​ការទូត​របស់ ឯកឧត្តម Pablo Kang នៅ​កម្ពុជា សម្ដេច មានសង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ ឯង​អគ្គរាជទូត​ថ្មី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្តការងារ​ដែល​នៅ​សេសសល់ និង​បំពេញការងារ​ថ្មីៗ​ថែមទៀត​កាន់តែ​ល្អប្រសើរ ក្នុងការ​ពង្រឹងពង្រីក​ចំណងទាក់ទង ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង កាន់តែ​ល្អ​ថែមទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​កងយោធពល​ខេមរភូមិន្ទ​។

​ជំនួសមុខ​ឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​អូស្ត្រាលី ដែលជា​និច្ច​ជា​កាល​តែងតែបាន​ផ្ដល់នូវ​ការគាំទ្រ ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ជួយ​ដល់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​គ្រប់​ជំនាញ ដល់​កងយោធពល​ខេមរភូមិន្ទ ឲ្យ​មាន​ធនធានមនុស្ស​ពិតប្រាកដ​ក្នុងការ​ចូលរួម​ពង្រឹង​វិស័យ​ការពារជាតិ​របស់​កម្ពុ​ជា ឱ្យ​កាន់​ប្រសើរ​។

​ពាក់ព័ន្ធ​ដល់​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​ផ្លូវដង្ហើម​(COVID-19) សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់​ពី​តួនាទី​របស់​កងយោធពល​ខេមរភូមិន្ទ ដែលជា​កម្លាំង​ស្រួច បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​អន្តរាគមន៍ ជួយសង្គ្រោះ​តាម​សេចក្តីណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម Pablo Kang បាន​សន្យា​ចំពោះ​សម្ដេច​ពិជ័យ​សេនា ថា​នឹង​ខិតខំ​បំពេញការងារ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ នៃ​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​កងយោធពល​ខេមរភូមិន្ទ ៕​ដោយ​៖​កូ​ឡាប​

spot_img
×