Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ថមថយ​មក​ត្រឹម ២,៣%​ក្នុង​ឆ្នាំ​២០២០ ប៉ុន្តែ​នឹង​ហក់​ឡើងវិញ ក្នុង​ឆ្នាំ​២០២១

spot_img

ភ្នំពេញ ៖ បន្ទាប់ពី​មាន​សន្ទុះ ខ្លាំង ក្នុង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា រំពឹងថា​នឹង​ធ្លាក់​មក​ត្រឹម ២,៣% សម្រាប់ ឆ្នាំ​២០២០​។ និន្នាការ​នេះ គឺ​ដោយសារ​ការ​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា​(​កូ​វីដ​១៩ — COVID-19) ការ​ថមថយ​នៃ​សេដ្ឋកិច្ច ប្រទេស​ធំៗ ក៏ដូចជា សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រង​ប៉ះពាល់​ដោយសារ​ជំងឺ នេះ និង​ការធ្លាក់ចុះ​ទីផ្សារ​នាំចេញ​។ នេះ​ជាការ​ព្យាករ​ក្នុង របាយការណ៍​សេដ្ឋកិច្ច​ពិសេស របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហៅថា ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (Asian Development Outlook – ADO) ២០២០ ចេញផ្សាយ​ថ្ងៃនេះ (​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០)​។​

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា នឹង​ហក់​ឡើងវិញ​ដល់ ៥,៧% ក្នុង​ឆ្នាំ​២០២១ ប្រសិនបើ ជំងឺ​រាតត្បាត​នេះ​ត្រូវ​បញ្ចប់ ហើយ សកម្មភាព​សេដ្ឋកិច្ច នឹង វិល​មករក​ប្រក្រតីភាព​វិញ​។​”

​លោកស្រី​បន្ថែមថា “​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ត្រឹមត្រូវ ដើម្បី​ឆ្លើយតប​នឹង បញ្ហា​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​១៩ ដែល មិន​ធ្លាប់​កើតមាន​ពីមុន​មកនេះ ដូចជា​ការគាំទ្រ​បៀវត្សរ៍​ដល់​កម្មករ​កា​ត់​ដេរ ក៏ដូចជា​ការ​សម្រាល​ព​ន្ធ និង បំណុល​ដល់​អាជីវកម្ម​នានា​។ រាជរដ្ឋាភិបាល ក៏​រៀបចំ​ថវិកាបម្រុង សម្រាប់​អន្តរាគមន៍​ចាំបាច់​ដើម្បី​កាត់ បន្ថយ​ផលប៉ះពាល់​នៃ វិបត្តិ​នេះ ទៅលើ​សេដ្ឋកិច្ចជាតិ ជាពិសេស​ទៅលើ ប្រជាពលរដ្ឋ​ដែល​ងាយ រងគ្រោះ​។​”

​ក្នុង​ឆ្នាំ​២០២០ ផ្នែក​សេវាកម្ម​របស់​កម្ពុជា​នឹង​ធ្លាក់ចុះ​ប្រមាណ ១,៧%​ដោយសារ​ឱនភាព​វិស័យ​ទេសចរ និង​ការ​ថមថយ នៃ​កំណើន​អចលនទ្រព្យ​។ កំណើន​នៃ​វិស័យ​ឧស្សាហកម្ម បាន​ត្រូវ​ព្យាករ​ថា នឹង​ចុះ​ដល់ ៦,៥% ដោយសារ​កម្រិត​ទាប នៃ​ផលិតកម្ម សម្លៀកបំពាក់ សម្រាប់​ការនាំចេញ ក៏ដូចជា​វិស័យ​សំណង់​ដែល​បន្ថយល្បឿន​។ អតិផរណា​ត្រូវបាន​រំពឹងថា នឹង​នៅតែមាន​អត្រា​ទាប​ដែលជា​មធ្យម ត្រឹម ២,១% ក្នុង​ឆ្នាំ​២០២០ ខណៈដែល​កំណើនសេដ្ឋកិច្ច ថយចុះ ហើយ​អត្រា​អតិផរណា នឹង​នៅតែ ទាប​ក្នុង​ឆ្នាំ​២០២១ ដោយសារ​តម្លៃ​ប្រេង អន្តរជាតិ​ទាប​។ របាយការណ៍ ADO រំលេច ការប្តេជ្ញាចិត្ត របស់​រាជរដ្ឋាភិបាល ក្នុង​ការធ្វើ​ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ ក្រៅពី​ប្រព័ន្ធ​ធនាគារ ព្រមទាំង​ការបង្កើត​ផ្សារ មូលធន​ក្នុងស្រុក​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដែល​ត្រូវការ​សម្រាប់​ពិពិធ​កម្ម​ការវិនិយោគ និង​ការរីកចម្រើន​។​

​លោកស្រី Durrani-Jamal មានប្រសាសន៍ថា រាជរដ្ឋាភិបាល គួរផ្តោត​ជាសំខាន់​លើ​ការ​ទប់ ស្កាត់​ជំងឺ​កូ​វីដ​១៩ បើ​មិន​ដូច្នោះ​ទេ ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរ​និង​សេវាកម្ម នឹងមាន​ការ លំបាក ។ រាជរដ្ឋាភិបាល អាច​ប្រើ​ថវិកា ពី​ក្នុង​កញ្ចប់​របស់ ADB ដែល​សរុប​មាន​ចំនួន ៦,៥​ពាន់​លាន​ដុល្លា អាមេរិក ត្រូវបាន​ប្រកាស កាលពី​ថ្ងៃទី​១៨ ខែមីនា សម្រាប់​ឆ្លើយតប​នឹង កូ​វីដ​១៩​។ ថវិកា​នេះ ADB បម្រុង​សម្រាប់ តម្រូវការ​បន្ទាន់ នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលជា​សមាជិក ដើម្បី​ដោះស្រាយ​ផ្នែក សេដ្ឋកិច្ច និង​កិច្ច​គាំពារ​សង្គម​។​

ក្នុង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស ឆ្នាំ​២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី នឹង ផ្តល់​ថវិកា​ចំនួន ១,៤៥ ពាន់​លាន​ដុល្លារ ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស សម្រាប់​វិស័យ​កសិកម្ម និង​ការគ្រប់គ្រង​ធនធានធម្មជាតិ កែលម្អ​លក្ខខណ្ឌ ជីវភាព​រស់នៅ ក្នុង​តំបន់​ទីក្រុង និង​តំបន់​ជនបទ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កកើត​ឡើងវិញ និង ការអភិវឌ្ឍ​វិស័យ​អប់រំ និង​ជំនាញ​។ គំនិត​ផ្តួចផ្តើម​ទាំងនេះ មាន​គោលបំណង​កែលម្អ​លទ្ធភាព​ទទួល បាន​សេវាកម្ម និង គុណភាព​សេវាកម្ម​សម្រាប់​ពលរដ្ឋ​កម្ពុជា ព្រមទាំង​បរិយាកាស​ធុរកិច្ច​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×