Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទប់ស្កាត់​ការ​ចរាចរ​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​ខុសច្បាប់​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​.) នៅ​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការទប់ស្កាត់​ការ​ចរាចរ​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​ខុសច្បាប់​។​

គ​.​ប​.​ផ​.​ក​.​សូម​ជូនដំណឹង​ដល់​សាធារណជន​ជ្រាបថា ៖ ខណៈពេលដែល​សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា កំពុងមាន​ករណី​ជំងឺ​កូ​វីដ​១៩ កើន​ទ្បើង​ជា​បន្តបន្ទាប់ ដែលជា​កត្តា​ធ្វើ​ឲ្យ​ប្រជាជន​យើង​មាន​តម្រូវការ​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​ជា​ចាំបាច់ ដើម្បី​ប្រើប្រាស់​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ហើយ​ទន្ទឹមនេះ គណៈកម្មាធិការ បាន​តាមដាន និង​សង្កេតឃើញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​គណនី​ជាច្រើន​កំពុង​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​លក់ ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ យ៉ាង​អនាធិបតេយ្យ ដូចជា ម៉ាស់ ឧបករណ៍​សម្លាប់​មេរោគ អាល់កុល ជែ​ល និង​សារធាតុ​សម្លាប់​មេរោគ​ជាច្រើន​ប្រភេទ​ទៀត ពុំមាន​ការអនុញ្ញាត​ច្បាប់​ពី​ក្រសួង​មាន​សមត្ថកិច្ច​ទ្បើ​យ ។​

​គូសបញ្ជាក់​ផងដែរ ក្នុង​សន្និសីទ​សារព័ត៌មាន ជុំវិញ​ការវិវត្ត​ថ្មីៗ នៃ​សង្គមជាតិ ដែល​បានធ្វើ​ទ្បើង​នៅ​វិមាន​សភាជាតិ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​ប្រតិបត្តិការ​រឹបអូស​នូវ​ឱសថ​ព្យាបាល និង​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​វីរុស​កូ​វីដ​១៩ យកមក​ធ្វើការ​កម្ទេចចោល ។ ដោយ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃទី​៣១ ខែ មីនា ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល ស្តីពី​ការហាម​លក់​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​គ្មាន​លេខ​បញ្ជិកា ឬ​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល និង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​ចរាចរ​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​ខុសច្បាប់ ក៏ដូចជា​អនុវត្តតាម​ប្រកាស​រួម និង​ផែនការ​អនុវត្តន៍​រួម រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ស្តីពី​ការគ្រប់គ្រង​គុណភាព សេវាកម្ម និង​វិធានការ​លុបបំបាត់​ផលិតផល​សុខាភិបាល​ខុសច្បាប់ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ដើម្បី​សុខភាព និង​សុវត្ថិភាព​សង្គម ដែលមាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.) ជា​សេនាធិការ​ឲ្យ​ក្រសួងមហាផ្ទៃ ដើម្បី​ចុះ​អនុវត្ត​នីតិវិធី ។
​ដូចនេះ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ សូម​អំពាវនាវ​ដល់​សាធារណជន មេត្តា​ចូលរួម និង​សហការ​ផ្តល់ព័ត៌មាន អំពី​ទីតាំង​ផលិត ឬ​ទីតាំង​ចែកចាយ និង​ជន​ដែល​ផលិត ឬ​ជន​ដែល​ចែកចាយ​ផលិតផល​ដូច​បាន​រៀបរាប់​ខាងលើ ដែល​ក្រសួងសុខាភិបាល​ហាម​ខាត់ សូម​ផ្តល់ព័ត៌មាន​មក គណៈកម្មាធិការ យើងខ្ញុំ ដើម្បី​មានលទ្ធភាព​ចុះ​ពិនិត្យ តាមដាន ស៊ើបអង្កេត និង​ឈានដល់​ការបង្ក្រាប​តាម​នីតិវិធី នៃ​ច្បាប់ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រួមចំណែក​លើកកម្ពស់​សុខ​ភាព​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។
​សូម​សាធារណជន​ទំនាក់ទំនង​ផ្តល់ព័ត៌មាន​មក​យើងខ្ញុំ តាមរយៈ លេខ​ទូរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook Page) “ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​-Counter Counterfeit Committee ” ឬ មកកាន់ គ​.​ប​.​ផ​.​ក​. ដែលមាន​ទីតាំងនៅ​អគារ H ក្នុង​ក្រសួងមហាផ្ទៃ ។ រាល់​ព័ត៌មាន របស់​សាធារណជន​ទាំងអស់ ដែល​បាន​បញ្ជូនមក គណៈកម្មាធិការ យើងខ្ញុំ គឺ​នឹងត្រូវ រក្សា​ការសម្ងាត់ និង​តាម​សំណូមពរ​របស់​សាមីខ្លួន ៕​ដោយ​៖​កូ​ឡាប​

spot_img
×