Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​២​នាក់​ស្លាប់​ក្នុង​លូ ព្រោះ​ចូលទៅ​ចាប់​សត្វ​ទា​ក្នុង​លូទឹកស្អុយ

spot_img

​ភ្នំពេញ ៖ មនុស្ស​២​នាក់ ស្លាប់ ក្នុង​លូបង្ហូរទឹក​ស្អុយ ដោយសារ​បុរស​ម្នា​ក់លូន​ចូល​តាម​ចាប់​ទា និង​ត្រី តែ​មិនឃើញ​ចេញមក​វិញ ក៏មាន​បុរស​ម្នាក់ទៀត លូន​ចូល​ទៅតាម បែរជា​បាត់​ទាំង​២​នាក់ មិនឃើញ​ចេញមក​វិញ អស់​ជាច្រើន​ម៉ោង ចំណែក​ស្ត្រី​ជា​ប្រពន្ធ ដែល​នៅ​អង្គុយចាំ​ខាងក្រៅ ភ័យ​ស្លន់ស្លោ រត់​ទៅប្តឹង​សមត្ថកិច្ច អាជ្ញាធរ ជួយ​អន្តរាគមន៍ រក​វិធី​កាយ​លូ តាម​ស្វែងរក​ពួកគេ​ទាំង​២​នាក់ ។ ហេតុការណ៍ បាន​កើតឡើង​កាលពី​ម៉ោង​២​រសៀល ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២០ នៅ​ម្តុំ​ផ្លូវ​រថភ្លើង ក្នុងភូមិ​ត្រពាំង​វៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​កម្មករសំណង់​ម្នាក់ ពេល​កំពុង​អង្គុយ​សម្រាក​ពី​ការងារ ក៏​ឃើញ​សត្វ​ទារ​ត់​ចូលក្នុង​លូ ហើយ​ចូល​ទៅតាម​ចាប់យក​ឲ្យ​ម្ចាស់​គេ​។ បុរស​រូបនោះ បាន​ចាប់​សត្វ​ទា​ចំនួន​៥​ក្បាល ក៏​បន្ត​ចូល​តាមរក​សត្វ​ទា​បន្តទៀត ប៉ុន្តែ​បាត់​ខ្លួន​មិនឃើញ​ចេញមក​វិញ​។ បន្ទាប់មក ដោយសារ​បាត់​ខ្លួន​មិនឃើញ​ចេញមក​នោះ មាន​បុរស​ម្នាក់ទៀត ដែលជា​កម្មករសំណង់​ដូចគ្នា​ចូល​តាមរក ហើយក៏​បណ្តាល​ឲ្យ​បាត់​ខ្លួន​ទាំងពីរ​នាក់ រហូតដល់​ម៉ោង​ប្រមាណ​ជាង​៦​ល្ងាច​នេះ ពួកគេ​បាន​បាត់​ជីវិត​ហើយ​។
​បើតាម​សេចក្តីរាយការណ៍ លូ​នោះ​មាន​បណ្តោយ​ប្រហែលជា ១០០​ម៉ែត្រ ហើយ​មិនសូវមាន​ខ្យល់​ចេញចូល​នោះទេ​។​
​សាកសព​ទាំង​២​នាក់ ទី​១ ឈ្មោះ អៀង ចាន់​អាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ប្រពន្ធ​ឈ្មោះ ឃឿន សេន អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ មានកូន​ប្រុស​ម្នាក់​ឈ្មោះ អៀង សេង​អាង អាយុ​៦​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ស្តៅ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។ ទី​២ ឈ្មោះ ផាន់ សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ជាមួយគ្នា មាន​ប្រពន្ធ​ឈ្មោះ ឆា ស្រី​ទូច អាយ​២០​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ស្រុកកំណើត​ជាមួយគ្នា ។​

​តាម​ស្ត្រី​ជា​ប្រពន្ធ​របស់​សព​បុរស​ឈ្មោះ អៀង ចាន់​អាន បាន​ឲ្យ​ដឹងថា ច្រើនលើក​មកហើយ ពួកគាត់​ទំនេរ​ពី​ការងារ ឆ្លៀត​មករក​ចាប់​ត្រី ត្រង់ចំណុច​ខាងលើ ហើយ​នៅ​រសៀល​ថ្ងៃទី​៤ ខែមេសា នេះ​ពួកគាត់​នាំគ្នា​មករក​ចាប់​ត្រី នៅមុខ​មាត់​លូ ដូច​សព្វដង ហើយ​បានឃើញ​សត្វ​ទា ហែល​ទឹក​ចូលទៅក្នុង​លូ​នោះ ពេលនោះ​ប្តី​របស់គាត់​ក៏​លូន​ចូលទៅ​តាម បាត់​យូរពេក​មិនឃើញ​ចេញ ត្រូវបាន ជនរងគ្រោះ​ឈ្មោះ ផាន់ សីហា លូន​ចូល​ទៅតាម ហើយក៏​បាត់​រហូត អស់​រយៈពេល​ច្រើន​ម៉ោង​តែ​មិនឃើញ​ចេញ​ទាំង​២​នាក់ ភ័យ​ស្លន់ស្លោ រត់​ស្រែក​ឲ្យ​អ្នកភូមិ​ជួយ រាយការណ៍​ទៅ​អាជ្ញាធរ សមត្ថកិច្ច ឲ្យ​ជួយ​រក​វិធី​ស្វែងរក​ជនរងគ្រោះ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លូ​បង្ហូរ​រំដោះ​ទឹក​ខាងលើ មុខកាត់​០,៨០​ម៉ែត្រ មានទឹក ពេលដែល​ជនរងគ្រោះ​លូន​ចូលទៅ បាត់​រហូត សមត្ថកិច្ច​ដាក់​គ្រឿងចក្រ កាយ​តាម​ស្វែងរក រហូតដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ដដែល ទើប​ប្រទះឃើញ​ជនរងគ្រោះ​ទាំង​២​នាក់​ឈ្លក់ទឹក​ស្លាប់ ប្រមាណ​ពី​មាត់​លូ​ទៅ​ជាង​២០០​ម៉ែត្រ ស្រង់​យកចេញ ហើយ ដឹក​យកទៅ​តំកល់ទុក​នៅ​វត្ត​ក្រង់​ធ្នង់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​កោសល្យវិច័យ ។​

​សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់ថា សព​ទាំង​២​នាក់ ពិតជា​ស្លាប់​ដោយ​ឈ្លក់​ទឹកលូ និង​ក្នុង​លូ មិនមាន​ខ្យល់​ឧកស៊ីហ្សែន ៕​

   

spot_img
×