ប្រទេសថៃ៖ បុរសម្នាក់បានទៅកាន់ប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីគាត់មានចេតនាផឹកស្រាវីស្គីមួយដប ដើម្បីស្នើសុំចូលគុកដោយស្វ័យប្រវត្តិ ដែលជាទីកន្លែងវិស្សមកាលឆ្ងាយពីការងាររបស់គាត់ ។ ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ ។
Jetsada អាយុ ៣៧ ឆ្នាំមកពីខេត្តស៊ីសាកេត គឺជាបុរសដែលគិតថាគុក នឹងជាវិស្សមកាលដ៏ល្អមួយឆ្ងាយ ពីចៅហ្វាយរបស់ខ្លួន បានទៅកាន់ប៉ុស្តិ៍ប៉ូលិស និងសួរថាតើប៉ូលិសអាចចាប់ខ្លួនគាត់ ហើយដាក់គុកគាត់បានទេ។
Jetsada ជាកម្មករសំណង់នៅខេត្តឈុនបុរី កំពុងធ្វើការនៅជិតស្ថានីយ៍ប៉ូលិស Samed ។ បុរសវ័យ ៣៧ ឆ្នាំរូបនេះបានបង្កើតផែនការមេមួយនេះ ដោយសង្ឃឹមថា នឹងបានឈប់សម្រាកការងារពីចៅហ្វាយរបស់គាត់ ហើយជឿជាក់ថា ពន្ធនាគារគឺជាទីតាំងល្អឥតខ្ចោះ សម្រាប់ការស្នាក់នៅដោយឥតគិតថ្លៃ។ គាត់មានចេតនាផឹកស្រាវីស្គីមួយដប ដោយមានជាតិអាល់កុល ៤០% បន្ទាប់មកគាត់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិស ដោយថ្មើរជើង។ នៅពេល Jetsada បានមកដល់ស្ថានីយ៍ គាត់បានជូនដំណឹងដល់មន្ត្រីម្នាក់ថា គាត់ស្រវឹងហើយបានស្នើសុំឲ្យចាប់ខ្លួន។
ប៉ូលីសក៏ត្រូវបានធ្វើឲ្យមានការភាន់ច្រឡំ បន្ទាប់ពីបានលឺនូវអ្វីដែលបុរសរូបនេះចង់បាន ដោយបានធ្វើតេស្តិ៍ផ្លុំខ្យល់រកជាតិអាល់កុលផងដែរ។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាគាត់ចង់ទៅពន្ធនាគារ Jetsada បានបញ្ចេញឲ្យដឹងថា ថៅកែនៅការដ្ឋានសំណង់ធ្វើឱ្យគាត់មានអារម្មណ៍ធុញទ្រាន់ខ្លាំង។ គាត់គ្រាន់តែត្រូវការវិស្សមកាលឆ្ងាយពីចៅហ្វាយប៉ុណ្ណោះ ដូច្នេះពន្ធនាគារនឹងក្លាយជាជម្រើសដ៏ល្អ។ Jetsada ក៏បានបញ្ជាក់ថា ថៅកែនឹងមកធានាគាត់នៅក្រៅឃុំ បន្ទាប់ពីមានព័ត៌មាននេះលេចឮដល់គាត់។
ប៉ូលិសបានដឹងថា Jetsada បានដើរទៅស្ថានីយ៍ប៉ូលិស ពីការដ្ឋានសំណង់នៅក្បែរនោះ។ មន្ត្រីមិនអាចចាប់ខ្លួនគាត់បានទេ ព្រោះបុរសនោះមិនបានធ្វើអ្វីដែលផ្ទុយនឹងច្បាប់។
ក្រោយចំណាយពេលអង្គុយគិត និងពិភាក្សាជាមួយប៉ូលីសមួយសន្ទុះ Jetsada ហាក់ដូចជាភ្លឺស្វាងផ្លូវចិត្ត ហើយវិលត្រលប់មកកន្លែងធ្វើការវិញ ។ តាមរយៈរឿងនេះ ប៉ូលិសបាននិយាយទាំងហួសចិត្តថា នេះជាលើកទី១ហើយ ដែលបុរសម្នាក់មានចេតនាផឹកស្រាស្រវឹង ហើយមកប៉ុស្តិ៍ ដើម្បីសុំឲ្យចាប់ខ្លួនដាក់គុកបែបនេះ ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ Sanook)