Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋសភា ចាប់ផ្តើម ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែមេសា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន រួមជាមួយ​នឹង​របៀប​វារៈ​មួយចំនួនទៀត​។​

​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៧​ខែមេសា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​បន្ទាប់​ទៅ​យើង​ត្រូវការ​ប្រហែលជា​មួយអាទិត្យ​ទៀត ពេលនោះ​ជា​ពេលវេលា​ដែល​ចូលឆ្នាំ​ហើយ និង​ឆ្លងកាត់​ព្រឹទ្ធសភា​ហើយ ។ ពិតមែន​ហើយ យើង​បាន​ស្នើសុំ​ឲ្យ​មានការ​កោះប្រជុំ​វិសាមញ្ញ ប៉ុន្តែ​ដោយសារ​បញ្ហា​សុវត្ថិភាព មិនដឹងថា​ព្រឹទ្ធសភា អាច​ចេញ​បាន​មុខ​ចូលឆ្នាំ​ដែរ​ឬ​អត់​? ប៉ុន្តែ​បើទោះបីជា​ចេញមុខ​ចូលឆ្នាំ​បាន ក៏ដោយ ក៏​ត្រូវការ​ពេលវេលា​ដើម្បី​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ធ្វើការ​ពិនិត្យ​អំពី​ធម្មនុញ្ញភាព​របស់​វា​។ ហើយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ រដ្ឋសភា​នឹងធ្វើ​ការសម្រេច​។ ហើយ​ច្បាប់​នេះ​នឹង​អាចធ្វើ​ហើយ​នៅក្រោយ​ចូលឆ្នាំ​ខ្មែរ ហើយ​ថ្ងៃ​ណា​ឲ្យ​ពិតប្រាកដ​គឺជា​សមត្ថកិច្ច​របស់រ​ដ្ឋ​សភា និង​សមត្ថកិច្ច​របស់​ព្រឹទ្ធសភា និង​របស់​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សភាពការណ៍​របស់​ប្រទេស​យើង​ក៏​មិនទាន់​ដល់​អាសន្ន​ដែល​ត្រូវដាក់​ប្រញាប់ប្រញាល់ ប៉ុន្តែ​គ្រាន់តែ​យើង​មានការ​ចាំបាច់​ត្រូវមាន​ច្បាប់​នេះ នៅក្នុង​ដៃ ។ ប៉ុន្តែ​យើង​មិន​ប្រញាប់​ទាន់ហន់ ថា ត្រូវតែ​អាទិត្យ​ចេញ​ឲ្យ​បាន ឬ​អាទិត្យ​នោះ​ចេញ​ឲ្យ​បាន​នោះទេ ហើយក៏​មិន​តម្រូវការ​ដល់​ថ្នាក់​នោះទេ​។​

​បើតាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មានតែ​ព្រះមហាក្សត្រ តែមួយ​អង្គ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​សម្រេច​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ចំណែក​ប្រមុខរដ្ឋស្តីទី មិនមាន​សិទ្ធិ​នោះទេ​។​

​សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ថែមថា ឱកាស​នៃ​ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន គឺមាន​ត្រឹមតែ​០,១​ភាគរយ​ប៉ុណ្ណោះ​។ ច្បាប់​ស្តីពី​ការដាក់​ប្រទេស​នៅក្នុង​ស្ថានភាព​អាសន្ន​អាច​នឹងត្រូវ ការ​ពេ​វេលា រហូតដល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ មុន​ពេលដែល​ត្រូវបាន​រួចរាល់​សម្រាប់​ការប្រើប្រាស់​តាម​ភាពចាំបាច់​។ កម្ពុជា​មិនទាន់​ពិចារណា​ដល់​ការប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន ដោយសារតែ​ស្ថានភាព កូ​វីដ​១៩ រហូតមកដល់​ពេលនេះ​គឺអាច​គ្រប់គ្រង​បាន​។​

​អង្គប្រជុំ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន ៣ រួមមាន​៖
១- ការពិនិត្យ​សំណើសុំ​ប្រកាស​ទទួលស្គាល់ លោកជំទាវ នូ សុវណ្ណនី ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ជំនួស ឯកឧត្តម ជា វ៉ាន់​ដេ​ត ដែល​បាន​សុំលាលែង​។​

២- ការពិនិត្យ​សំណើសុំ​ផ្លាស់ប្តូរ​មុខតំណែង​តំណាងរាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​
២-១. ផ្ទេរ និង​ជ្រើសតាំង ឯកឧត្តម ឡូយ សុផាត ជា​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ជំនួស ឯកឧត្តម ជា វ៉ាន់​ដេ​ត​
២-២. ជ្រើសតាំង ឯកឧត្តម ចាយ បូ​រិ​ន ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ជំនួស ឯកឧត្តម ឡូយ សុផាត​
២-៣. ជ្រើសតាំង លោកជំទាវ លី គឹម​លៀង ជា​លេខាធិការ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ជំនួស ឯកឧត្តម ចាយ បូ​រិ​ន​
២-៤. ជ្រើសតាំង ឯកឧត្តម ស៊ូ ភិរិន្ទ ជា​សមាជិក​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ជំនួស លោកជំទាវ លី គឹម​លៀង​

៣- ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​៕ដោយ កូឡាប

spot_img
×