Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ទប់ទល់​ជាមួយ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលជា​សង្គ្រាម​ឥត​ស្រមោល ដោយ​ប្រើ​យុទ្ធសាស្ត្រ រយៈពេល​វែង​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៧ ខែមេសា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន ពាក់ព័ន្ធ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ប្រព្រឹត្តទៅ នៅ​វិមាន​សន្តិភាព​។ ការធ្វើ​សន្និសីទ​ព័ត៌មាន​នេះ គឺជា​ការបញ្ជូនសា​រយ៉ា​ង​សំខាន់​មួយ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់​យល់​ចង់ដឹង​ពី​វិធានការ និង​ដំណោះស្រាយ​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​សារ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្ទាល់​តែម្តង ចំពោះ​ការ​រាតត្បាត​ជំងឺ​កូ​វី​ឌ​-១៩ ក៏ដូចជា​ការឆ្លើយតប​នឹង​វិបត្តិ​ដែល​កើតមានឡើង​ពី​ជំងឺ​មួយ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ពេលនេះ​យើង​កំពុង​ទប់ទល់​ជាមួយ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលជា​សង្គ្រាម​ឥត​ស្រមោល ហើយ​សង្គ្រាម​នេះ​គឺ​យើង​មិនអាច​យកឈ្នះ​បានទេ គឺ​បានត្រឹមតែ​ទប់ទល់​តែប៉ុណ្ណោះ ហើយ​សម្តេច​តេ​ជោ ចាត់ទុកថា​ការ​ទប់ទល់​ជាមួយ​សង្គ្រាម​នេះ គឺ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ទប់ទល់​រយៈពេល​វែង ពីព្រោះ​រហូតមក​ដល់ពេលនេះ អង្គការ​សុខភាព​ពិភពលោក នៅ​មិនទាន់មាន​ថ្នាំ​បង្ការ និង​ទប់ស្កាត់​នៅឡើយ​ទេ ដូច្នេះ​យើង​ត្រូវដាក់​ផែនការ​ទប់ទល់​រយៈពេល​វែង​។​

​ដើម្បី​ទប់ទល់​នឹង​ស្ថាន​ការ​នៃ​ជំងឺ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ទប់ទល់​ជាច្រើន​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោ​ក៏បាន​កោតសរសើរ គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​។ សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ ដល់​ក្រុមគ្រូពេទ្យ​នៅ​ជួរមុខ​ទាំងអស់ ដែល​បាន​ខិតខំ​ក្នុងការ​ព្យាបាល​អ្នកជំងឺ​ឲ្យ​បានជា​សះស្បើយ​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា មិន​បណ្តោយ​ឲ្យ​គ្រូពេទ្យ​របស់​យើង​បាត់បង់​ជីវិត​ឡើយ​។ សម្តេច​តេ​ជោ​ក៏បាន​អរគុណ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​ចូលរួម​សហការ និង​អរគុណ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ចូលរួម​ទប់ស្កាត់ និង​អរគុណ​ដល់​បងប្អូន​ព​លករ​ជាង​៦​ម៉ឺន​នាក់​ដែល​មកពី​ប្រទេស​ថៃ ដែល​បាន​ការពារ​ខ្លួន បានដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ ដែល​រហូតមក​ដល់ពេលនេះ យើង​មិនទាន់មាន​បងប្អូន​ពល​ករ​យើង​ណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ឌ​-១៩​នៅឡើយ​ទេ​។​

​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រមទាំង​បណ្តា​សប្បុរសជន​ទាំងឡាយ​ដែល​បាន​បរិច្ចាគ​ថវិកា​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ពេលនេះ​យើង​ទទួលបាន ទឹកប្រាក់​រហូត​ទៅដល់​ជាង​១១​ម៉ឺន​ដុល្លារ​ហើយ​។ សម្តេច​តេ​ជោ ក៏បាន​អរគុណ​ដល់​បងប្អូន​មន្ត្រីរាជការ ដែល​បាន​បរិច្ចាគ​ប្រាក់ខែ​មួយចំនួន​ចូលរួម ក្នុងការ​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ពេលនេះ​មាន​អ្នក​បរិច្ចាគ​កាត់​ប្រាក់ខែ​នោះ ចំនួន​១៥៨៦​នាក់​ហើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានចាត់ទុក​ថា​ចលនា​នេះ មិនមែនជា​ការទាមទា​នោះទេ គឺជា​ការបង្ហាញ​នូវ​ទឹកចិត្ត​នៃ​ការចូលរួមរ​បស់បង​ប្អូន​ខ្មែរ ដែល​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​ប្រទេស និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់​ដែល​ក្នុងនោះ​ដូចជា​មាន ចិន​, ជប៉ុន ,​អាល្លឺម៉ង់ និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួនទៀត ដែល​បាន​ចូលរួម​ជួយ​ដល់​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ​សុំ​អំពាវនាវ​សូម​ឲ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​យើង ដែល​នៅក្រៅ​ប្រទេស​សូម​បន្ត​រស់នៅ​ប្រទេស​នោះ​ជា​បន្តទៀត ដោយ​ត្រូវ​អនុវត្តតាម​បែបបទ​ប្រទេស​គេ សូមកុំ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ពេលនេះ​។ សម្តេច​តេ​ជោ​មិន​អនុញ្ញាតិ​ឲ្យ​បងប្អូន​ខ្មែរ​យើង ដែល​រស់នៅ​ក្រៅប្រទេស​ចូលមក​កម្ពុជា​អំឡុង​ពេលនេះ​នោះទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ទៅដល់​បងប្អូន​កងទ័ព​មួក​ខៀវ​កម្ពុជា នៃ​អង្គការសហប្រជាជាតិ ដែល​កំពុង​ឈរជើង​ការពារ​សន្តិភាព នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ម៉ាលី ស៊ូដង់​ជាដើម ត្រូវមាន​តាមដាន​សុខភាព និង​ត្រូវមាន​របាយ​ការ​ជាប្រចាំ​។ សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់​នៅពេលនេះ គឺ​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ទប់ទល់​ការឆ្លង​ចូល​ជំងឺ​កូ​វីដ​-១៩​ពី​ខាងក្រៅ​។​
​ជាមួយគ្នា​នោះ យើង​ត្រូវ​ទប់ស្កាត់​ពី​អ្នក​ដែល​កើត​ហើយ មិនអោយ​ឆ្លងទៅ​អ្នក​ដែល​មិនទាន់​កើត តាមរយៈ​វិធាន​ការដែល​យើង​អនុវត្ត​កន្លងមក​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​មិនមាន​ការអោយ​បិទ​វត្ត​អារាម និង​វិហារ​សាសនា​ផ្សេងៗ​ឡើយ តែ​គ្រាន់តែ​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​តែប៉ុណ្ណោះ ចៀសវាង​កុំ​ឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​នេះ​ដល់​សហគមន៍​។​

​នៅថ្ងៃនេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​អោយមាន​ការផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ ទាំង​វិស័យ​រដ្ឋ និង​ឯកជន​ត្រូវ​ធ្វើការ​ជាធម្មតា​មិនមាន​ការឈប់​សម្រាក​នោះទេ ហើយ​រដ្ឋ​នឹង​សង​ថ្ងៃ​ឈប់សម្រាក​ចំនួន​៥​ថ្ងៃ​មកវិញ​នៅពេល​ក្រោយ​។ ជាមួយគ្នា​នោះ យើង​ត្រូវ​កាត់បន្ថយ​ការធ្វើដំណើរ នៅ​តំបន់​រមនីយដ្ឋាន​នានា​, ទីប្រជុំជន តែ​ទោះជា​យ៉ាងណាក៏ដោយ​សម្តេច​តេ​ជោ​អនុញ្ញាត អាចធ្វើ​ការគោរព​សាសនា​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា ចំពោះ​ការត្រៀម​បម្រុង​សម្រាប់​អ្នកជំងឺ​នេះ គឺ​យើង​បាន​ត្រៀម​បន្ទប់​ចំនួន ៣០០០​បន្ទប់​ហើយ មាន​ទាំង​សណ្ឋាគារ និង​សាលារៀន​ជាដើម ក្នុងនោះ​យើង​ក៏បាន​ត្រៀម​ក្រុមគ្រូពេទ្យ​ជំនាញ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផងដែរ​។ យើង​បាន​ត្រៀម​អាវ​គ្រូពេទ្យ​ចំនួន​៥​ពាន់​សម្រាប់ និង​ម៉ាស​៥​ម៉ឺន​ម៉ាស រួមទាំង​អាល់កុល​ផងដែរ​។ បញ្ហា​ស្បៀង​យើង​បាន​ត្រៀម​ឲ្យ​មានការ​ផ្អាក ការនាំចេញ​នូវ​ស្បៀងអាហារ​សំខាន់ៗ​ដូចជា អង្ករ អំបិល និង ត្រី​ជាដើម ។ សម្តេច​តេ​ជោ​បាន​ជំ​រុញអោយ​ប្រជាកសិករ ត្រូវ​បង្កើន​ការដាំដុះ​ដំណាំ​ផ្សេងៗ​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ដើម្បី​អាចជួយ​បំពេញតម្រូវការ​នៅក្នុង​ស្រុក​ដែល​កំពុង​ខ្វះខាត​នោះ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​សុំ​ឲ្យ​វិស័យ​ឯកជន និង​វិស័យ​ឯកជន ត្រូវមាន​ការយោគយល់​គ្នា​ក្នុងអំឡុងពេល​នៃ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការអនុគ្រោះ ឬ​ការពន្យា​ប្រាក់​ឈ្នួល​ជួល​អគារ ,​ឈ្នួល​ផ្ទះ ការបង់​រំលស់​ផ្ទះ និង​អាជីវកម្ម​ផ្សេង​ជាដើម ដើម្បី​រួមចំណែក​កាត់បន្ថយ ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​កំពុងមាន​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×