តាកែវ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ អភិបាលស្រុកកោះអណ្តែកលោក គិន ភក្តី នៅតែបន្តសកម្មភាពចុះអប់រំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ អំពីការចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលអំពីជំងឺឆ្លងកូវីដ១៩ នៅតាមខ្នងផ្ទះ និងនៅតាមផ្សារ ដើម្បីឲ្យពលរដ្ឋនៅមូលដ្ឋានកាន់តែយល់ច្បាស់ អំពីវិធីការពារ ជៀសឆ្ងាយពីជំងឺដ៏កាចសហាវនេះ។
លោក គិន ភក្តី បានប្រាប់ភ្នាក់ងារព័ត៌មានយើងថា ជារៀងរាល់ថ្ងៃក្រោយទទួលបានគោលការណ៍ណែនាំពីរាជរដ្ឋាបាល និងក្រសួងសុខាភិបាល អំពីវិធីការពារនៅការឆ្លងរាត្បាត ជាសាកលរបស់មេរោគថ្មីហៅថា កូវីដ១៩នេះ គឺអាជ្ញាធរស្រុកកោះអណ្តែត រួមជាមួយក្រុមការងារមេភូមិ មេឃុំនៅតាមមូលដ្ឋាន បានចាក់ជាសារសំឡេងតាមប្រព័ន្ធឃោសនសព្ទតាមរថយន្ត ម៉ូតូ ដែលនិយាយផ្សព្វផ្សាយ អំពីយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងប្រភេទថ្មី ដែលថាកូវីដ១៩ និងវិធានការការពារពីជំងឺ ដោយតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នលើខ្លួនអ្នក រស់នៅស្អាត ចេះធ្វើអនាម័យលើខ្លួនឯង ឲ្យបានជាប់ជាប្រចាំ និងមិនត្រូវឲ្យនៅជុំគ្នាច្រើន ឬប្រមូលផ្តុំគ្នានោះឡើយ ។
លោកអភិបាលស្រុកកោះអណ្តែត បានបន្តថា “ក្រោយចុះផ្សព្វផ្សាយដល់ខ្នងផ្ទះ ដោយណែនាំដល់ បងប្អូនប្រជាពលរដ្ឋដែលទើបតែត្រឡប់ មកពីចំណាកស្រុកក្រៅប្រទេស តម្រូវឲ្យនូវដាច់ដោយលែកពីក្រុមគ្រួសារចំនួន ១៤ថ្ងៃសិន យើងឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានចូលរួមសហការបានយ៉ាងល្អ ដោយបានសរសេរជាស្លាកសញ្ញាប្រាប់ដាក់នៅមុខផ្ទះ ដោយមានខ្លឹមសារថា ផ្ទះរបស់ខ្ញុំមានបងប្អូន និងសមាជិកមកពីក្រៅប្រទេស ហាមបងប្អូនមកចូលលេងឬសួរសុខទុក្ខ” ៕ដោយ៖តាកែវ