ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការលើកការឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ រហូតដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០។
បើតាមអនុក្រឹត្យនេះ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្ត្រីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ។
រាជរដ្ឋាភិបាលនឹងសង៥ថ្ងៃវិញក្រោយប្រទេសឆ្លងផុតកូវីដ-១៩។
នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ (១៣-១៦ ខែ មេសា ២០២០) ខាងមុខនេះ គឺត្រូវបានរាជរដ្ឋាភិបាលលើកថ្ងៃឈប់សម្រាកហើយ ដូចបានចែងច្បាស់នៅក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៨ មេសា ២០២០។
រាជរដ្ឋាភិបាលនឹងសង៥ថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការវិញ នៅពេលណាដែលប្រទេសជាតិបានឆ្លងរួចផុតពីជំងឺកូវីដ-១៩។
ប៉ុន្តែបងប្អូនប្រជាពលរដ្ឋអាចប្រារព្ឋពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន។ រាល់នូវពិធីកម្សាន្តសប្បាយនៅខាងក្រៅតាមទីធ្លាសាធារណៈ គឺមិនអនុញ្ញាតឲ្យធ្វើទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើនគ្នាច្រើន ដែលអាចប៉ះពាល់ដល់ការចម្លងរោគកូវីដ-១៩។
អ្វីដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដើម្បីកុំឲ្យឆ្លងមេរោគកូវីដ-១៩។
អរគុណបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលយោគយល់ ចំពោះស្ថានភាពដែលប្រទេសយើង កំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ៕ដោយ៖កូឡាប