Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​កសិកម្ម​ទូទាំងប្រទេស ស្នើ​រាជរដ្ឋាភិបាល មេត្តា​បន្ត​ទប់ស្កាត់ ឬ​កាត់បន្ថយ​ការនាំ​ចូល​ផលិត ផល​បន្លែ​ពី​ប្រទេសជិតខាង​

spot_img

ខេត្តតាកែវ ៖ សមាជិក​សហគមន៍​សាមគ្គី​ត្រពាំង​ចក ក៏ដូចជា សហគមន៍​កសិកម្ម​ទូទាំងប្រទេស តាមរយៈ​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល មេត្តា​បន្ត​ទប់ស្កាត់ ឬ​កាត់បន្ថយ​ការនាំ​ចូល​ផលិត ផល​បន្លែ​ពី​ប្រទេសជិតខាង សម្រាប់​រយៈ​យូរអង្វែង តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ក្រសួងកសិកម្ម បានចេញ​ប្រកាស​ព័ត៌មាន​ថា ចេញពី​ស្រុក​បន្ទាយមាស ខេត្តកំពត ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ វ៉េង សាខុន និង​សហការី បាន​បន្តដំណើរ​មកកាន់​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដើម្បី​ពិនិត្យ​សកម្មភាព​ដាំ​បន្លែ​ចម្រុះ និង​ចិញ្ចឹម​គោ​របស់​លោកពូ អ៊ុន អឿន ដែលជា​សមាជិក​សហគម​ន៍​កសិកម្ម​សាមគ្គី​ត្រពាំង​ចក ស្ថិត​ក្នុងភូមិ​ត្រពាំង​ចក ឃុំ​ត្រាំកក់ ខេត្តតាកែវ​។

​មិន​ខុសពី​ស្រុក​បន្ទាយមាស ស្រុក​ត្រាំកក់ ជា​ស្រុក​មួយ ឈានមុខ​គេ​នៅ​ទូទាំង​ខេត្ត លើ​ការងារ​ផលិតកម្ម​បន្លែ និង​ការចិញ្ចឹម​ទាយក​ស៊ុត​។ តាម​ការ​ឱ្យដឹងពី​លោកពូ អ៊ុន អឿន ថា​បច្ចុប្បន្ន​បន្លែ​សុវត្ថិភាព គ្រប់​ប្រភេទ​មានតម្លៃ​កើនឡើង យ៉ាង​ល្អប្រសើរ បន្ទាប់ពី​រាជរដ្ឋាភិបាល​បិទ​ការនាំ ចូល​ពី​ខាងក្រៅ​។ ព្រម​ជាមួយនឹង​តម្លៃ​កើនឡើង កសិករ គ្រូបង្រៀន ខ្លះទៀត​ជាម​ន្ត្រី និង​អាជ្ញាធរ​ឃុំ ភូមិ​ថា​នឹង​ងាក​មក​ដាំ​ដំណាំ​ជា​បណ្តើរៗ​ឡើងវិញ ដើម្បី​ច្បាម​យក​ឱកាស​មាស​នេះ ងាក​មក​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម រួមចំណែក​ធានា​ដល់​ការផ្គត់ផ្គង់​ស្បៀង​ក្នុងស្រុក លើក កម្ពស់​កម្រិតជីវភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​។ ហេតុផល​នេះ ក្នុងនាម​លោកពូ​ជា​សមាជិក​សហគមន៍​សាមគ្គី​ត្រពាំង​ចក ក៏ដូចជា​សហគម​ន៍ក​សិ​កម្ម​ទូទាំងប្រទេស តាមរយៈ​ឯកឧត្តម​រដ្ឋមន្ត្រី លោកពូ​បានស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​មេត្តា​បន្ត​ទប់ស្កាត់ ឬ​កាត់បន្ថយ​ការនាំ​ចូល​ផលិត ផល​បន្លែ​ពី​ប្រទេសជិតខាង​សម្រាប់​រយៈ​យូរអង្វែង តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ដោយឡែក​ចំពោះ​បទពិសោធន៍ ដែល​លោកពូ​ទទួលបាន​នេះ គឺមាន​គុណប្រយោជន៍​ជា​មូលដ្ឋានគ្រឹះ យ៉ាងរឹងមាំ ដើម្បី​ឈានឆ្ពោះ​ទៅធ្វើជា​អ្នក​ផលិត​អាជីព​ច្បាស់លាស់ ត្រឹមត្រូវ​តាម​បច្ចេកទេស គុណភាព សុវត្ថិភាព ស្តង់ដារ ដែល​នេះ​គឺជា​ទុន​សម្រាប់ធ្វើ​ការប្រកួតប្រជែង ជាមួយ​ផលិតផល​ក្រៅប្រទេស​នាពេល​អនាគត​។ មិនតែប៉ុណ្ណោះ សហគមន៍​នេះ ក៏​ជា​ប្រភព​នៃ​ការ​ចែកចាយ ឬ​ផ្លាស់ប្តូរ​បទពិសោធន៍ ដែល​ទទួល​បានមកពី​ការអនុវត្ត​ជាក់ស្តែង ជូន​ទៅដល់​សហគមន៍ ឬ​អ្នក​ផលិត​ផ្សេងៗ​ទៀត នៅ​ទូទាំង​ស្រុក​ផងដែរ​។ អ្វីដែល​កាន់តែ​ជឿទុកចិត្ត​លើ​ការអនុវត្ត​បច្ចេកទេស​នោះ គឺ​ផ្ទៃដី​ជាង ២ ហិកតា លោកពូ​អាច​ទាញយក​ចំណូល បាន​ពី​សក្តានុពល​ដី​នេះ​ក្នុង ១​ឆ្នាំ​ចំនួន ៦៥ លាន​រៀល ពី​ការលក់​ពហុ​បន្លែ ដោយ​មិន​គិតពី​ចំណូល​ផល​ស្រូវ និង​គោ​ទៀតផង​។ លើក​ម្រាមដៃ​ដប់​សំពះ ថ្លែងអំណរគុណ​ទាំង​ទឹកចិត្ត​រំភើប សប្បាយរីករាយ​ឥតឧបមា ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​បង្កើត​ឱកាស​មាស សម្រាប់​ប្រជា​សហគមន៍​គ្រប់ៗ​គ្នា ក្នុងការ​ចូលរួម​ជំរុញ ផលិតភាព​ផលិតកម្ម​កសិកម្ម ឆ្លើយតប​តាម​សេចក្តីត្រូវការ របស់​អ្នក​បរិភោគ​នាពេល​បច្ចុប្បន្ន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×