Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយទាហាន មិន​គោរព បំពាន បទបញ្ជា ប្រឈមមុខ និង​ការ​លុបឈ្មោះ​ពី​បញ្ជី កងយោធពល​ខេមរភូមិន្ទ​

spot_img

​ភ្នំពេញ​៖ តាមរយៈ​កំណែទម្រង់​កងរាជអាវុធហត្ថ មានការ​អភិវឌ្ឍន៍ រីកចម្រើន ធំធាត់​លើ​ច្រើន​វិស័យ រ៉ាប់រង​បាន​នូវ​តួនាទី ភារកិច្ច រួមចំណែក​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ស្ថិរភាព​នយោបាយ ។ ហាម​ចេញ​ក្រៅ និង​ហាម​មនុស្ស​ខាងក្រៅ​ចូលមកក្នុង​បន្ទាយ ឬ​សាលា នាយទាហាន នាយទាហានរង ឬ​សិក្ខាកាម​រូប​ណា មិន​គោរព បំពាន គឺ​ប្រឈមមុខ និង​ការ​លុបឈ្មោះ​ពី​បញ្ជី កងយោធពល​ខេមរភូមិន្ទ ។ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​អញ្ជើញ​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ សួរសុខទុក្ខ សំណេះសំណាល និង​ជូនពរ​ឆ្នាំ​ថ្មី​ដល់​នាយទាហាន នាយទាហានរង និង​សិក្ខាកាម​នៃ​កងរាជអាវុធហត្ថ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ រាល់​ការប្រឹងប្រែង ធ្វើ​ការងារ បង្រៀន បម្រើការ និង​រៀនសូត្រ ក្នុង​ឆ្នាំកន្លងមក ក៏ដូចជា​បណ្តា​ឆ្នាំមុនៗ​ដែរ ។ ការខិតខំ​ទាំងអស់នេះ​របស់​អស់លោក លោកស្រី បង្កើតបានជា​កម្លាំងចលក​រ ក្នុងការ​អនុវត្តន៍​យុទ្ធសាស្ត្រ​ផែនការ​ធ្វើកំណែទម្រង់​ក​ង​យោធពលខេមរភូមិន្ទ ពិសេស ការធ្វើកំណែទម្រង់​កង​រាជ​អាវុធហត្ថ​។ ការកែទម្រង់ ទាំងនោះ​លេចធ្លោ​រួមមាន រចនាសម្ព័ន្ធ​ចាត់តាំង​បុគ្គលិក កសាង​ហេដ្ឋារចនាសម្ព័ន្ធ សំណង់​បន្ទាយ សាលា មធ្យោបាយ គ្រឿង​បំពាក់ និង​របៀបរបប​ធ្វើ​ការងារ ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ រាល់​ការគាំទ្រ របស់​នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ​យើង ដែលមាន​ការយល់ដឹង​បាន​ត្រឹមត្រូវ ស្នេហា​ជាតិ​ពិតប្រាកដ ចូលរួម​គាំទ្រ​ការធ្វើកំណែទម្រង់ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​រូបខ្ញុំ ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​រំលឹកថា ចាប់ពី​ទទួល​តួនាទី​ជា មេបញ្ជាការ ខ្ញុំ​តែង​ចាត់ទុក​ការងារ​ធនធានមនុស្ស ជា​ភារកិច្ច​ចម្បង​ជា​កិច្ចការ​អទិភាព និង​ជា​កត្តា​ជោគជ័យ ឬ​បរាជ័យ ក្នុងការ​បំពេញមុខ​ងា​រ ជា​មេបញ្ជាការ ។ បញ្ហា​បរិមាណ​ជា​រឿង​ម្យ៉ាង តែ​បញ្ហា​គុណភាព​គឺជា​បញ្ហា​គន្លឹះ មានតែ​សាលា​ដែលមាន​មូលដ្ឋាន​ហេ​ដ្ឋា​រចនា សម្ពន្ធ សម្ភារៈ គាំទ្រ​គ្រប់គ្រាន់ មាន​យោធា​ចា​រ្យ​ពូកែ មានកម្ម​វិធី មេរៀន​ច្បាស់លាស់ ទើប​អាចធ្វើ​នូវ​កិច្ចការ​ដ៏​សំខាន់​នេះ​បាន ក្នុង​ស្មារតី​នេះ ខ្ញុំ​តែង​គិត​ត្រិះរិះ​ពិចារណា រក​ទីតាំង ប្រមូល​ការគាំទ្រ ដើម្បី​ពង្រឹង​សាលា​កំបូល​ដែលមាន​ស្រាប់ និង​កសាង​សាលា​ថ្មី​គឺ មជ្ឈមណ្ឌល​ហ្វឺ​ក​ហ្វឺ​ន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ​នេះ​ឡើង ។ ការខិតខំ​ព្យាយាម​ជិត ១០​ឆ្នាំ ទើប​មាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​មួយ​បាន​ប៉ុណ្ណេះ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងថា ខ្ញុំ​សូម​យក​ឱកាស​នេះ សូម​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ដែល​លោក​ផ្តល់​ទំនុកចិត្ត​សម្រេច ប្រគល់​ទីតាំង​នេះ​មកឱ្យ​កងរាជអាវុធហត្ថ សូម​អរគុណ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​បានសម្រេច​ជ្រើស​យក​មជ្ឈមណ្ឌល​នេះ សម្រាប់​ការត្រៀម​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ បាញ់កាំភ្លើង​កីឡា កងទ័ពជើងគោក​អាស៊ាន សូម​អរគុណ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​អគ្គីសនី​កម្ពុជា សប្បុរសជន និង​បណ្តា​ប្រទេស ដៃគូរ​សហ​ប្រតិ ប​ត្តិ​ការ​ជា​មិត្ត ដែល​បាន​ជួយ​គាំទ្រ​ឧបត្ថម្ភ នូវ​គំនិត​ផ្តួចផ្តើម​របស់ខ្ញុំ ដែល​ទីនេះ​និង​ក្លាយជា​ប្រយោជន៍​ប្រវត្តិសាស្ត្រ ក្នុងការ​បណ្តុះបណ្តាល កសាង​ប្រភព​ធនធានមនុស្ស ក្នុង​វិស័យ សន្តិសុខ និង​ការពារជាតិ​។​

​ងាក​មក​រឿង​យើង​នាពេលនេះ​វិញ គឺ​សភាពការណ៍​ពិភពលោក​ទាំងមូល កំពុង​ទទួលរង​នូវ​ការ​រាតត្បាត​ដោយ​ជំងឺឆ្លង​កូ​វីដ​-១៩(Covid-19) មកទល់​និង​ពេលនេះ ពុំទាន់​មាន​ឱសថ​ណា​ដែល​អាច​ចាក់​ការពារ ឬ​ព្យាបាល​ពិតប្រាកដ​នៅឡើយ ចំនួន​ឆ្លង​គឺ​រាលដាល​យ៉ាង​ឆាប់រហ័ស ដែល​ពីដំបូង​ផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន ខេត្ត​អ៊ូ​ប៉ិ​យ ប្រទេស​ចិន បច្ចុប្បន្ន​បាន​ឆ្លង​នៅ​គ្រប់​ប្រទេស​ទាំង ២០៨ លើ សកលលោក ធ្ងន់ធ្ងរ​បំផុត​គឺ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ជឿនលឿន គឺមាន​មនុស្ស​ឆ្លង​ជំងឺ​នេះ និង​ស្លាប់​ច្រើន ។ ដោយសារ​ភាពកាចសាហាវ​នៃ​វីរុស​នេះ រដ្ឋាភិបាល​នៅលើ​ពិភពលោក​បាន​បិទ​ប្រទេស បណ្តាល​ធ្វើឱ្យ​ចង្វាក់​ផលិតកម្ម ចរាចរ​ទំនិញ និង​ការធ្វើដំណើរ​ជាប់គាំង ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​ប្រក្រតីភាព​សង្គម​ទាំងមូល ។​
​ចំពោះ​ប្រទេស​កម្ពុជា​យើង​វិញ ជំងឺ​នេះ​មាន​អ្នក​ឈឺ​ជាដំបូង​គឺ​ជន​ជាតិចិន នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់មក​ជនជាតិខ្មែ​រ ឆ្លង​ពី​ជនជាតិ​ជប៉ុន​នៅ​ខេត្តសៀមរាប បន្ទាប់មកទៀត​គឺ​នៅ​ខេត្តកំពង់ចាម អ្នកធ្វើដំណើរ​តាម​កប៉ាល់​ទេសចរណ៍ មកពី​ប្រទេស​វៀតណាម ក្រោយ​បន្ទាប់​គឺ​បងប្អូន​ខ្មែរ​ដែល​ទៅធ្វើ​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី ចម្លង​មកពី​ជនជាតិ​បារាំង និង​ថ្មីៗ​នេះ ឆ្លង​ពី​ជនជាតិ​ចិន ។ ទោះជា​ចំនួន​អ្នក​ឆ្លង​នៅមាន​ចំនួន​តិចក្តី តែ​ពេលនេះ​បងប្អូន​ពលករ ដែល​វិល​ត្រឡប់មក​ចូលឆ្នាំ​ផង និង​គ្មាន​ការងារ​ធ្វើ​ផង​ពី​ប្រទេស​ថៃ កូរ៉េ ជប៉ុន ដែលជា​ប្រទេស​មានការ​ឆ្លង​ផងដែរ គឺជា​ក្តី​បារ​ម្មណ៍ ។ ចឹ​ង​ហើយ​ឆ្នាំនេះ រាជរដ្ឋាភិបាល ហាម​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ ហើយ​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន​ធ្វើការ​ជាធម្មតា ។​

​ជា​ចុងក្រោយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ បានផ្តល់​នូវ​ដំបូន្មាន និង​វិធាន​ការល្អៗ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩(Covid-19) និង​អនុវត្ត​តួនាទី ភារកិច្ច កងរាជអាវុធហត្ថ​ដូចជា ត្រូវ​ថែរក្សា​ការពារ​សុខភាព​ផ្ទាល់ខ្លួន​យើង​ម្នាក់ៗ តាម​ចំណុច​ទាំង ៧ ខាងក្រោមៈ ហូប​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ទៀងទាត់ សម្រាក​គ្រប់គ្រាន់ និង​ទៀងទាត់ ហ្វឹកហាត់​កីឡា ឬ​ហាត់ប្រាណ​ជាប្រចាំ និង​ទៀងទាត់​។ ធ្វើ​អនាម័យ សម្អាត​រាងកាយ សម្លៀកបំពាក់ ផ្ទះសម្បែង ការិយាល័យ​ធ្វើការ និង​មធ្យោបាយ ឧបករណ៍ សម្ភារ​ប្រើប្រាស់ សម្រាប់​បង្ការ​វីរុស កូ​វីដ​-១៩(Covid-19) ត្រូវ​អនុវត្តតាម​វិធាន​ក្រសួងសុខាភិបាល សូម​ស្តាប់​និង​ធ្វើ​តាមតែ​ក្រសួងសុខាភិបាល​មួយ​ប៉ុណ្ណោះ ហាម​ទិញ​ថ្នាំ​ឬ​ឧបករណ៍ ដែល​នាំមក​លក់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។ ត្រូវមាន​ស្មារតី​នឹងនរ កុំ​តក់ស្លុត និង​បង្កើត​បរិយាកាស ធ្វើឱ្យ​ក្នុង​ចិត្ត​មាន​អារម្មណ៍​សប្បាយ រីករាយ​ជានិច្ច ។ ត្រូវតែ​មានជំនឿថា មនុស្ស​យើង​ពិតជា​យកឈ្នះ លើ​មេរោគ​ជំងឺឆ្លង​កូ​វីដ​-១៩(Covid-19) នេះ ។ ទន្ទឹម​នោះ ក៏ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ផងដែរ​
​។ បើ​សង្ស័យថា​ខ្លួន​ឆ្លង​មេរោគ មាន​អាការ​មិនធម្មតា​ក្នុង​ខ្លួន ប្រញាប់​ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ឱ្យ​គ្រូពេទ្យ​ឯកទេស​ធ្វើការ​ពិនិត្យ​។ បើ​ការពិនិត្យ​របស់​គ្រូពេទ្យ​ឯកទេស រកឃើញថា​ខ្លួន​យើង​ផ្ទុកមេរោគ ហើយ​ង​មាន​ជំងឺ គឺ​ត្រូវតែទៅ​សម្រាក​ព្យាបាល តាម​ការកំណត់​របស់​គ្រូពេទ្យ ។ បន្តធ្វើ​ការងារ រៀនសូត្រ​ធម្មតា​(​មានន័យថា មិន​អនុញ្ញាតឱ្យ​ឈប់​) ទាំងអស់គ្នា​ត្រូវ​នៅក្នុង​បន្ទាយ សាលា ។ ហាម​ចេញ​ក្រៅ និង​ហាម​មនុស្ស​ខាងក្រៅ​ចូលមកក្នុង​បន្ទាយ ឬ​សាលា នាយទាហាន នាយទាហានរង ឬ​សិក្ខាកាម​រូប​ណា មិន​គោរព បំពាន គឺ​ប្រឈមមុខ និង​ការ​លុបឈ្មោះ​ពី​បញ្ជី កងយោធពល​ខេមរភូមិន្ទ ។​
ត្រៀមខ្លួន​អនុវត្ត បទបញ្ជា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​បង្ក្រាប​បទល្មើស ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×