Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​អាស៊ាន ឯកភាព​បង្កើត​មូលនិធិ​អាស៊ាន សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន លើក​ទី​២៥ ស្តីពី​ជំងឺ​កូ​វីដ​១៩ តាមរយៈ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​។​

​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ស្តីពី​កូ​វីដ​-១៩ ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) ។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ឯកភាព​បង្កើត​មូលនិធិ​អាស៊ាន សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​គោលបំណង ដើម្បី​គៀរគរ​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​ឧបករណ៍​វេជ្ជសាស្ត្រ ផ្តល់​ការគាំទ្រ​ដល់​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ឱសថ សម្រាប់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ និង​ប្រើប្រាស់​សម្រាប់​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​បន្ទាន់​នានា ក្នុងពេល​អនាគត​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ឯកភាព​បង្កើត​មូលនិធិ​អាស៊ាន សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​គោលបំណង​ដើម្បី​គៀរគរ​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​ឧបករណ៍​វេជ្ជសាស្ត្រ ផ្តល់​ការគាំទ្រ​ដល់​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ឱសថ​សម្រាប់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ និង​ប្រើប្រាស់​សម្រាប់​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​បន្ទាន់​នានា​ក្នុង​ពេលអនាគត​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ធានា​ឱ្យបាន​នូវ​សង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ការបើកចំហរ​ទីផ្សារ ព្រមទាំង​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​កាត់បន្ថយ​នូវ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​តំបន់ និង​សាកលលោក ព្រមទាំង​ស្តារឡើងវិញ​នូវ​ទំនុកចិត្ត​របស់​អតិថិជន និង​សហគមន៍​ធុរកិច្ច និង​ដើម្បី​រក្សា​ឱ្យបាន​នូវ​ស្ថិរភាព​សង្គម​-​វប្បធម៌​។​

នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់ ជាមួយ​រដ្ឋមន្ត្រីការបរទេស នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន លើ​វិធានការ​ឆ្លើយតប​រួមគ្នា ទៅនឹង​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​កូ​រូ​ណា ឆ្នាំ​២០១៩ ហៅ​កាត់​ថា កូ​វីដ​១៩​។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ក្លា ក្នុង​ការជំរុញ​បន្ថែមទៀត​នូវ​វិធានការ​រួមគ្នា ដើម្បី​ដោះស្រាយ​នឹង​ជំងឺ​កូ​វីដ​១៩ និង​ផលប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ដែល​បណ្តាលមកពី​វីរុស​នេះ ជាពិសេស​ផលប៉ះពាល់​ទៅលើ​ដំណើរការ​នៃ​ការកសាង​សហគមន៍​អាស៊ាន តាមរយៈ ការលើកកម្ពស់​ការសម្របសម្រួល​គោលនយោបាយ ការចែករំលែក​នូវ​បទពិសោធន៍ និង​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ ក៏ដូចជា​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់ជំនួយ​ដល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​សមាជិក​អាស៊ាន​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​ទទួលស្គាល់​នូវ​សារសំខាន់ នៃ​កិច្ចសហការ​ប្រកបដោយ​ភាព​ស្ថាបនា ជាមួយ​ប្រទេស​ដៃគូ​ខាងក្រៅ រួមទាំង​ដៃគូ​សន្ទនា​អាស៊ាន និង​ស្ថាប័ន​អន្តរជាតិ ដើម្បី​ពង្រីក​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជា​សាកល ទៅនឹង​ជំងឺ​កូ​វីដ​១៩​។ នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​អង្គប្រជុំ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​ទប់ស្កាត់​វីរុស​កូ​វីដ​១៩ និង​កាត់បន្ថយ​បញ្ហា​ប្រឈម ខាង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម និង​បាន​អះអាង​សាជាថ្មី​នូវ​ការប្តេជ្ញា​យ៉ាង​មុតមាំ​ដើម្បី​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សាកល​ប្រឆាំងនឹង​ជំងឺឆ្លង​នេះ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​នូវ​អាទិភាព​ដែល​អាស៊ាន​គួរ​ផ្តោតជាសំខាន់ ដូចជា ជំរុញ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​តំបន់ លើកកម្ពស់​ការត្រៀមខ្លួន​ជាស្រេច និង​វិធានការ​ឆ្លើយតប​ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ផលប៉ះពាល់​នានា ដែល​បណ្តាលមកពី​វីរុស​កូ​វីដ​១៩ តាមរយៈ​ការលើកកម្ពស់​ការសម្របសម្រួល គោលនយោបាយ​រវាង​ប្រទេស​សមាជិក​អាស៊ាន​។ ធ្វើការ​រួមគ្នា ដើម្បី​ពង្រឹងសមត្ថភាព ក្នុងការ​ដោះស្រាយ​ជំងឺ​រាតត្បាត​តាមរយៈ​ការផ្លាស់ប្តូរ​ជំនាញ​បច្ចេកទេស និង​បទពិសោធន៍​នានា ធ្វើការ​ចែករំលែក​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍​នៃ​វិធីសាស្ត្រ​ព្យាបាល និង​ការធ្វើ​តេស្ត​ស្វែងរក​រោគសញ្ញា និង​ការពិនិត្យ​លទ្ធភាព​ឱ្យមាន​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​រួមគ្នា នូវ​ឱសថ និង​វ៉ាក់សាំង​សម្រាប់​ប្រឆាំងនឹង​ជំងឺ​នេះ​។ បន្ត​ផ្តល់ជំនួយ និង​ការគាំទ្រ​ចាំបាច់​នានា ដល់​ប្រជាពលរដ្ឋ​អាស៊ាន ជាពិសេស​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈមមុខ​នឹង​ការលំបាក ដែល​បណ្តាលមកពី​ការដាក់​កម្រិត​ការធ្វើដំណើរ ការបិទ​រោងចក្រ និង​ព្រំដែន​បណ្តោះអាសន្ន ព្រមទាំង​ប្រជាពលរដ្ឋ​អាស៊ាន ដែល​ពុំ​អាច​ស្វែងរក​ជំនួយ និង​ការគាំទ្រ​ខាង​ផ្នែក​កុងស៊ុល ពី​បណ្តា​ស្ថាន​តំណាង​នៃ​ប្រទេស​ខ្លួន ប្រចាំ​នៅ​ប្រទេស​ទី​៣​។ លើកកម្ពស់​ការពិគ្រោះ​យោបល់​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​កាត់បន្ថយ​ឱ្យ​បានជា​អប្ប​បរិ​មា​នូវ​ឧបសគ្គ​នានា ចំពោះ​សង្វាក់​នៃ​សកម្មភាព​ពាណិជ្ជកម្ម និង​ការផ្គត់ផ្គង់​ទំនិញ​ក្នុង​តំបន់ តាមរយៈ​ការបន្ត​បើកចំហរ​នូវ​ទីផ្សារ​អាស៊ាន ដើម្បី​ធានា​ឱ្យបាន​នូវ​លំហូរ​នៃ​ការ​ផ្គត់​ផ្គត់​ទំនិញ​ចាំបាច់​នានា ជាពិសេស​ស្បៀងអាហារ និង​សម្ភារ​វេជ្ជសាស្ត្រ​។ ធ្វើការ​ដោយ​ជិតស្និទ្ធ និង​ទាន់ពេលវេលា​ជាមួយ នឹង​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន និង​អង្គការ​អន្តរជាតិ ព្រមទាំង​ធនាគារ​អភិវឌ្ឍន៍​ទាំង​ថ្នាក់​តំបន់ និង​ពហុភាគី ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម មិន​ត្រឹមតែ​ផ្នែក​សុខាភិបាល​សាធារណៈ​នេះ ក៏ដូចជា​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​​ជា​កញ្ចប់​ហិរញ្ញវត្ថុ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ ប្រកបដោយ​ភាពរឹងមាំ ច្បាស់លាស់ និង​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​នូវ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​។​

​កិច្ចប្រជុំ បានបញ្ចប់ ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំងអស់ មានប្រសាសន៍​បង្ហាញ​អំពី​សាមគ្គីភាព ជា​ភាសាជាតិ​រៀងៗ​ខ្លួន ដែលមាន​អត្ថន័យ​ថា “​យើង​រួបរួមគ្នា ជាមួយនឹង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩”​។
​បើតាម​ប្រកាស​ព័ត៌មាន​ដដែល កិច្ចប្រជុំ សង្ឃឹមថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស ស្តីពី​ជំងឺ​កូ​វីដ​១៩ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី ពិសេស ស្តីពី​ជំងឺ​កូ​វីដ​១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×