ប្រទេសឥណ្ឌូណេស៊ី ប្រកាសថា មានចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា ប្រចាំថ្ងៃខ្ពស់បំផុត កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើតួលេខនៃអ្នកស្លាប់សរុបកើនដល់ ២៨០នាក់ ហើយវាគឺជាតួលេខស្លាប់ច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
ឥណ្ឌូណេស៊ីបញ្ជាក់ថា មានអ្នកស្លាប់បន្ថែមចំនួន ៤០នាក់ ហើយចំនួនអ្នកស្លាប់ នៅក្នុងប្រទេសខ្លួនស្មើជិតពាក់កណ្តាល នៃចំនួនអ្នកស្លាប់ច្រើនជាង ៥៩០នាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំនែកអ្នកឆ្លងក្នុងតំបន់មានជាង ១៦.៥០០នាក់។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសខ្លួនក៏រកឃើញអ្នកផ្ទុកវីរុសថ្មីចំនួន ៣៣៧នាក់បន្ថែម ដែលវាគឺជាតួលេខឆ្លងថ្មីដ៏ខ្ពស់ បណ្តាលឲ្យតួលេខនៃអ្នកឆ្លងសរុបកើនដល់ ៣.២៩៣នាក់។
អ្នកជំនាញសុខាភិបាលនិយាយថា ឥណ្ឌូណេស៊ីកំពុងប្រឈមនឹងការឆ្លងកើនឡើងខ្ពស់ ដោយសារតែការឆ្លើយតបយឺតរបស់រដ្ឋាភិបាល។
ឥណ្ឌូណេស៊ីគឺជាប្រទេសដ៏ធំបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសនេះ មានប្រជាជនជាង ២៧៣លាននាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia