Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេចព្រះ​ពោធិវ័ង្ស អំ លីម​ហេង​ស្នើ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​

spot_img

​ភ្នំពេញ​៖ សម្តេចព្រះ​ពោធិវ័ង្ស អំ លីម​ហេង សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ បាន​អំពាវនាវ និង​ស្នើ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ត្រូវគោរព​តាម​បទបញ្ជា​លេខ ០២ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​និង​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​

​នៅ​ថ្ងៃ​សុក្រ ០៣​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ មាន​សង្ឃដីកា​ថា ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ត្រូវគោរព​តាម​បទបញ្ជា​លេខ ០២ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​។ ការផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ មិន​មានន័យថា​ជាការ​កាត់ផ្ដាច់​មនោសញ្ចេតនា​របស់​ក្រុមគ្រួសារ​នោះទេ ផ្ទុយទៅវិញ​គឺ ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព ក្រុមគ្រួសារ​របស់លោក​អ្នក ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​-១៩​។

​ព្រះអង្គ​មាន​សង្ឃដីកា​បន្តថា កាលៈទេសៈ​នេះ គឺ​ចំពេល​វេលា​ដែល​យើង​ត្រូវ​រួម​សាមគ្គី​គ្នា ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ កងកម្លាំង​គ្រប់លំដាប់​ថា្នក់ រួមជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

​កាលពី​ថ្ងៃ​អង្គារ ១៥​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តី​ប្រគេន​ដំណឹង ស្តីពី​ការផ្អាក​ការ​ប្រារព្ធ​កម្មវិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ នាពេល​ខាងមុខនេះ ប្រគេន​ចំពោះ​ព្រះ​មេគណ ព្រះគ្រូ​អនុគណ និង​ព្រះចៅអធិការ​គ្រប់​វត្ត ទាំង​២៥ រាជធានី​-​ខេត្ត ៕​ដោយ​៖​កូ​ឡាប​

spot_img
×