Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​កឹម សុខា ស្នើ​ឲ្យ​បងប្អូន​ពង្រឹងស្មារតី​ឲ្យ​រឹងមាំ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដោយ​ជឿជាក់ថា មនុស្សលោក នឹង​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ លោក​កឹម សុខា បានស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អត់ធ្មត់ ដោយ​រក្សា​អនាម័យ និង​ការពារ​សុខភាព តាម​ការ​ណែរ​នាំ​របស់​សមត្ថកិច្ច ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ យើង​បាននិងកំពុង​ជួបប្រទះ នូវ​គ្រោះកាច​ដោយ​ជំងឺ​កូ​វីដ​១៩ COVID-19 ធ្វើ​ឲ្យ​យើងទាំងអស់គ្នា មានការ​ព្រួយបារម្ភ មិនបាន​ជួបជុំ​គ្នាច្រើន សប្បាយរីករាយ​ដូច​ឆ្នាំមុនៗ​។​

​លោក កឹម សុខា បាន​ថ្លែង​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា ក្នុងឱកាស​ឆ្លង​ឆ្នាំ​ចាស់ (​ឆ្នាំកុរ ព​.​ស​.២៥៦៣) ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ (​ឆ្នាំជូត ព​.​ស​.២៥៦៤) នេះ ខ្ញុំព្រះករុណា ខ្ញុំបាទ និង​ភរិយា សូម​ផ្ញើ​នូវ​សេចក្តី​នឹករលឹក​ប្រគេន​ព្រះសង្ឃ និង​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់ អំពី​ចម្ងាយ ដោយ​ក្តី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​។​

​លោក​បាន​បន្ថែមថា ដោយសារ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ យើង​បាននិងកំពុង​ជួបប្រទះ​នូវ​គ្រោះកាច​ដោយ​ជំងឺ​កូ​វីដ​១៩ COVID-19 ធ្វើ​ឲ្យ​យើងទាំងអស់គ្នា មានការ​ព្រួយបារម្ភ មិនបាន​ជួបជុំ​គ្នាច្រើន សប្បាយរីករាយ​ដូច​ឆ្នាំមុនៗ​។ ឆ្លៀតឱកាស​នេះដែរ ខ្ញុំ​សូម​ឲ្យ​បងប្អូន​អត់ធ្មត់ ដោយ​រក្សា​អនាម័យ និង​ការពារ​សុខភាព​តាម​ការ​ណែរ​នាំ​របស់​សមត្ថកិច្ច​។ ក៏ប៉ុន្តែ​សូម​បងប្អូន​ពង្រឹងស្មារតី​ឲ្យ​រឹងមាំ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដោយ​ជឿជាក់ថា មនុស្សលោក​នឹង​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​ឆាប់ៗ​នេះ​ជាមិនខាន​។​

​លោក​ថា ជាការ​កត់សម្គាល់ ឆ្នាំ​ចាស់​កន្លងទៅនេះ ទន្ទឹមនឹង​ការរីកចម្រើន ដែល​មិន​ប្រាកដប្រជា​ខ្លះៗ ពិភពលោក បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដែល​មិនទាន់បាន​ដោះស្រាយ ដូចជា​ទំនាស់​សេដ្ឋកិច្ច ភូមិសាស្ត្រ​នយោបាយ អាវុធ​នុយក្លេអ៊ែរ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស បរិស្ថាន​ជាដើម ស្រាប់តែ​ផ្ទុះឡើង​នូវ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ (COVID-19) ដ៏​សាហាវ​បាន និង​កំពុង​ឆ្លង និង​សម្លាប់​មនុស្ស​ស្ទើរតែ​គ្រប់​ប្រទេស រួមទាំង​កម្ពុជា​យើង​ផង​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​នៅតែ​ជឿជាក់ថា បើ​មនុស្ស​ក្នុង​ពិភពលោក​សាមគ្គី​គ្នា សហការគ្នា មនុស្ស​នឹង​យកឈ្នះ​លើ​បញ្ហា​ទាំង​នោះបាន ជាពិសេស​ពិភពលោក​នឹង​ឈ្នះ​COVID-19 ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ បើ​ប្រជាពលរដ្ឋ​ខ្មែរ ចេះ​គោរព​ស្រឡាញ់គ្នា ជួយ​គ្នា អត់ឱន​ឲ្យ​គ្នា រួបរួមគ្នា យើង​នឹង​ឈ្នះ​មិន​ត្រឹមតែ COVID-19​ទេ បន្ទាប់​ពីនេះ​ទៅទៀត ឲ្យ​តែ​ខ្មែរ​រួបរួមគ្នា យើង​នឹង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត ដែលជា​ផលប្រយោជន៍ របស់​ប្រជាជាតិ​យើង​បាន​ជាមិនខាន​។ ព្រោះ​អ្វីៗ​វា​អាច​កើតឡើង ជួនកាល​ដោយសារ​ធម្មជាតិ ឯ​បញ្ហា​ខ្លះ​ដោយសារ​មនុស្ស​ជា​អ្នកបង្កើត ហើយ​មនុស្ស​ក៏​នឹង​អាច​ដោះស្រាយ​វិញ​បាន​គឺ​អាស្រ័យ​លើ​ឆន្ទៈ​។​

​លោក​បាន​លើកឡើងថា ជាពិសេស ក្នុងឱកាស​ដ៏​វិសេសវិសាល ចូលឆ្នាំថ្មី​នេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូម​ឧទ្ទិស​បួងសួង ដល់​បារមី​ទេវតា​ឆ្នាំ​ថ្មី បារមី​វត្ថុ​ស័ក្តិ​សិ​ទិ្ធ​ទាំងឡាយ ក្នុង​លោក​និង​គុណបុណ្យ​ព្រះ​រតនត្រ័យ សូម​ប្រទាន​ពរជ័យ សិរី​សួស្តី វិបុល​សុខ​គ្រប់ប្រការ មហាប្រសើរ ចម្រើន​រុងរឿង ចូល​មាន​ដល់​ប្រជា​ពល​រដ្ន​ខ្មែរ​គ្រប់ៗ​គ្នា ក៏ដូចជា​មនុស្ស​ក្នុង​ពិភពលោក​ផងដែរ​។ ចំពោះមុខ​នេះ សូម​ឲ្យ​វីរុស​កូ​វីដ​១៩ រលាយ​សាបសូន្យ​អស់ពី​ភព​ផែន​។ សូម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ជួបតែ​សុខសន្តិភាព វឌ្ឍនភាព ឯករាជ្យ​ជាតិ និង​ឯកភាព​ជាតិ​រឹងមាំ ដើម្បី​ជា​ជម្រក​ដ៏​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​៕​ដោយ​៖​កូ​ឡាប​

spot_img
×