Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីរុស​កូ​រ៉ូ​ណា កើតចេញពី​ណា ទៅណា និង​មានជីវិត ដល់​ពេលណា​?

spot_img

​ភ្នំពេញ​៖ មកទល់ពេលនេះ គិត​ទៅ​រយៈពេល​៥​ខែ​ទៅហើយ កញែក អំពី​វីរុស​កូ​រ៉ូ​ណា​ចេញ​មកពីណា និង​ដល់​ពេលណា​ទើប​វា​ផុតរលត់​ពី​លោក​យើង​នេះ​? នេះ​បើតាម​លោក​ពុ​យ គា អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ថ្លែង​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០​។​

​បើតាម​លោក ពុ​យ គា ៖ បណ្តាញសារព័ត៌មាន​ប​រទេស បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​ថា វីរុស​កូ​រ៉ូ​ណា ចេញ​មកពី​ទីក្រុង​វូ​ហាន (Wuhan) ក្នុង​ខេត្ត ហឺ​បេ (Hebei) របស់​ប្រទេស​ចិន ហើយ​មាន​ប្រភពដើម​ពី​សត្វ​ប្រចៀវ បើទោះបីជា​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវ នៅឡើយ​។ ទន្ទឹមនេះ ក៏មាន​ព័ត៌មាន​ខ្លះ​សរសេរ ពី​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក រវាង​ចិន​និង​អាមេរិក​ថា “​ជា​អ្នកបង្កើត​ឬ​ជា​អ្នកទទួលខុសត្រូវ​” លើ​វីរុស​នេះ​រហូតដល់​ត្រៀម​រៀបចំ ប្តឹងផ្តល់​គ្នា​ទៅទៀត​។​

​ដំណាលគ្នា​នេះ ក៏មាន​ការសន្និដ្ឋាន និង​និយាយ​តៗ​គ្នា ដែល​ស្តាប់ទៅ​ដូចជា​ទំនង​ម្យ៉ាងដែរ ឧទាហរណ៍ ការសន្និដ្ឋាន​ដោយ​ការស្រមើស្រមៃ​មួយ​ថា ប្រហែលជា​ស្ត្រី​ណា​ម្នាក់​អាចពាក់ព័ន្ធ​នឹង​វីរុស​នេះដែរ បានជា​អ្នករងគ្រោះ​ភាគច្រើន លើសលប់​ជា​បុរស​វ័យ​ចំណាស់ ដែល​នៅមាន​ថាមពល ហើយ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នេះហើយ ដែល​បាន​ចាប់បង្ខំ​ប្រុសៗ ឲ្យ​នៅផ្ទះ​ជាមួយ​ប្រពន្ធៗ ទាំងថ្ងៃទាំងយប់ រហូត​ក្លាយជា​បុរស​គ្រប់​ល័ក្ខណ៍ ទោះជា​គេ​ធ្លាប់​លាក់​ស្រីៗ​ខ្លះ នាពេល​កន្លងមក​ក៏ដោយ ។​

​យោងតាម​​តួ​លេខ​ដែលគេ​ដក​ស្រ​ង់ចេ​ញពី​អ្ន​កឆ្លង​​ជិត​៤​ម៉ឺន​នាក់ នៅ​ប្រទេស​​ចិន ចំនួន​បុរស​មាន​​ដ​ល់​ទៅ​ជាង​៦០​ភាគរយ​ឯណោះ​​។ ដូចគ្នា​នៅ​ប្រទេស​អ៊ីតាលី មានការ​សិក្សា​មួយ ទៅលើ​អ្នកជំងឺ​ធ្ងន់ធ្ងរ​ចំនួន​១​ម៉ឺន​៥​ពាន់​នាក់ ក្នុងនោះ​៨០​ភាគរយ​ជា​បុរស​។​

​វីរុស​កូ​រ៉ូ​ណា កាច​សាហាវ​និង​ឃោរឃៅ​ហួស​ពី​ការ​ស្មាន​!
​វីរុស​កូ​រ៉ូ​ណា បានធ្វើ​ឲ្យ​ពិភព​ខ្លាច ខ្លាច​រហូតដល់​ធ្វើឱ្យ​មនុស្ស​លែង​ជឿ​មនុស្ស ប្តី​ខ្លាច​ប្រពន្ធ ប្រពន្ធ​ខ្លាច​ប្តី​។ មនុស្ស​រាប់លាន​នាក់​បាន​បាត់បង់​ការងារ បាត់បង់​ប្រាក់ចំណូល និង​រាប់ម៉ឺន​នាក់​ទៀត បាន​បាត់​បង់ជីវិត​ជា​បន្តបន្ទាប់ សូម្បីតែ​គ្រូពេទ្យ ដែលមាន​ជំនាញ​វេជ្ជសាស្ត្រ ជា​អ្នក​សង្គ្រោះ​ជីវិត​អ្នកជំងឺ ក៏បាន​ស្លាប់បាត់​បង់ជីវិត​ដែរ ។ ជំងឺ​មួយ​នេះ បានធ្វើ​ឲ្យ​ពិភពលោក បាន​ស្គាល់​នូវ​ស្ថានភាព​មួយ ដែល​គេ​ធ្លាប់​ឮ​កាលពី​បួន​ទសវត្សរ៍​មុន នោះ​គឺមាន​ផ្លូវ​អត់​មនុស្ស​ដើរ និង​រស់ក្នុង​សភាព​គុក​ឥត​ជញ្ជាំង ដែល​ពលរដ្ឋ​កម្ពុជា ធ្លាប់​ជួបប្រទះ​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ។​

​ជាមួយនឹង​ទុក្ខសោក​និង​ក្តី​លំបាក ដែល​ពិភពលោក​ទាំងមូល កំពុង​ជួបប្រទះ ស្ត្រី​មេផ្ទះ​មួយចំនួន បែរជា​ចាប់ផ្តើម​ស្រឡាញ់​ប្តី​ច្រើនជាង​មុន និង​ខ្លាំង​ជាង​មុន ។ ប៉ុន្មាន​ថ្ងៃ​មកនេះ មានការ​ចែកចាយ​តៗ​គ្នា តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​រូប​ស្ត្រី​ម្នា ក់ដោយ​ការសរសេរ​រៀបរាប់ថា គាត់​បាន​រៀប​អាពាហ៍ពិពាហ៍ អស់​រយៈពេល​៤​ឆ្នាំ​ហើយ ទើប​ទទួលបាន​នូវ​លាភ​កូន​ដំបូង ក្នុង​ជីវិត​នៅពេលនេះ ព្រោះ​បាន​ប្ដី​នៅក្បែរ​ជាមួយ​រហូត​។ ទោះជា​រឿង​ពិត ឬ​ជាការ​ប្រឌិត លើ​ការ​បង្ហោះ​រូប​ខាងលើ មាន​ភរិយា​របស់​មិត្តភក្តិ​ខ្ញុំ​មួយចំនួន ពិតជា​បាន​និយាយ​ស្រដៀង​គ្នា​នេះដែរ​។ ក្នុង​បរិបថ​នេះ ធ្វើ​ឱ្យគេ​នាំគ្នា​ធ្វើការ​ប្រមើល​មើលថា បន្ទាប់ពី​វីរុស​កូ​រ៉ូ​ណា វាយលុក​ពិភពលោក​នេះ​មក អត្រា​កុមារ​នឹង​អាចមាន​កំណើន​ឡើង​មួយ​ជា​ពីរ​នៅ​ដើមឆ្នាំ​២០២១ ខាងមុខនេះ តែ​ក៏មាន​ការបារម្ភ​ថា ចំនួន​អ្នក​លែងលះគ្នា ក៏​ច្រើន​ណាស់ដែរ ព្រោះ​ដល់ពេល​ដែល​ត្រូវ​ធុញ​គ្នា ទើស​គ្នា​ទៅវិញទៅមក ដែល​ស្ថានភាព​នេះ បាន​កើតឡើង​រួចទៅហើយ​នៅ​ប្រទេស​ចិន ។​

​វីរុស​ស​កូ​រ៉ូ​ណា ចេញពី​ចិន តែ​បែរជា​ស្លាប់​នៅ​អាមេរិក ច្រើនជាង​ទៅវិញ​!
​ពិតជា​ចម្ងល់​ដ៏​ធំ​មួយ ដែល​គេ​ឆ្ងល់​ថាបើ​ប្រភពដើម ចេញពី​ប្រទេស​ចិន​មែន ហេតុអ្វី​បានជា​អ្នក​ដែល​រងគ្រោះ​ខ្លាំងជាងគេ​នោះ នៅឯ​ទ្វីប​ម្ខាង​ទៀត នៃ​ភពផែនដី​ទៅវិញ ហើយក៏​ជា​ប្រទេស​មហាអំណាច​ធំ​ពិភពលោក ដែល​កំពុង​ឈ្លោះ​ជាមួយ​ចិន​? ចិន​មាន​ប្រជាជន​ជាង​១​ពាន់​លាន​នាក់ តែ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា មិន​ដល់​១០​ម៉ឺន​នាក់​ផង រីឯ​អ្នកស្លាប់​មានតែ​ជាង​បី​ពាន់​នាក់ ខណៈដែល​នៅ​អាមេរិក មាន​ប្រជាពលរដ្ឋ​តែ​ជាង​៣០០​លាន​នាក់ មាន​អ្នក​ឆ្លង​រហូតដល់​ជិត​៥០​ម៉ឺន​នាក់ ហើយ​អ្នក​ដែល​ស្លាប់​កើនឡើង ដល់​ទៅជិត​២​ម៉ឺន​នាក់​ឯណោះ (​គិត​ត្រឹម​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០) ។​

​ចិន​មាន​ថ្នាំ​ព្យាបាល​វីរុស​ស​កូ​រ៉ូ​ណា​?
​នៅពេលដែល​ពិភពលោក កំពុង​វិលវល់​នឹង​ការស្រាវជ្រាវ ដ៏​អន្ទះអន្ទែង​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ជាពិសេស​ប្រជាពលរដ្ឋ​របស់ខ្លួន​រៀងៗ​ខ្លួន ចិន​បាន​សម្ងំ​ព្យាបាល​អ្នកជំងឺ ដោយ​ថ្នាំបុរាណ​របស់ខ្លួន​។ សារព័ត៌មាន​ចិន បាន​ផ្សាយ​ថា អ្នកជំងឺ​ប្រមាណ​ជា​៩០​ភាគរយ បាន​ព្យាបាល​ជា​ដោយសារ តែ​ថ្នាំបុរាណ​នេះឯង ប៉ុន្តែ​ចិន​មិនបាន​ផ្សព្វផ្សាយ ប្រាប់​ដល់​ពិភពលោក​នោះទេ ព្រោះ​ពុំទាន់​មានការ​សិក្សា​ច្បាស់លាស់ ផ្នែក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ដែល​ទទួលស្គាល់​ជា​សាកល​នៅឡើយ ។ ថ្នាំ​នេះ តាមពិត​ត្រូវបាន​ចិន យកមកប្រើ​ប្រាស់​តាំងពី​សម័យកាល ជំងឺឆ្លង​វីរុស​សារ (SARS) នៅ​ឆ្នាំ​២០០២-២០០៤ ដែល​ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​ខេត្ត​គួ​ង​ដុង (Guandong) ប្រទេស​ចិន ហើយ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ជិត​១០​ម៉ឺន​នាក់ បាន​ឆ្លង​ក្នុងចំណោម​ប្រទេស​ចំនួន​២៩ និង​បណ្តាល​ឲ្យ​មនុស្ស​ជិត​១​ពាន់​នាក់​បាន​ស្លាប់ ។ យ៉ាងណាក៏ដោយ ក៏​ពុំទាន់​មាន​ប្រភព​ច្បាស់ការ​ណាមួយ ឬ​អង្គការ​សុខភាព​ពិភពលោក ទទួលស្គាល់ថា​មាន​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ជា​នៅឡើយ​ទេ ។​

​អាមេរិក​ដឹងថា មាន​វីរុស​រាតត្បាត​ដ៏​កាច​សាហាវ​នឹង​កើតឡើង​៖
​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ហ្ស​ច ដាប់​បាល់​យូ ប៊ូ​ស (George W Bush) បាន​ថ្លែង​សុន្ទរកថា​មួយ នៅឯ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អាមេរិក កាលពី​ឆ្នាំ​២០០៥ ថា សហរដ្ឋអាមេរិក នឹង​ប្រឈម​នូវ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ ហើយ​បើ​មិនបាន​ត្រៀមខ្លួន​ជាមុន​ទេ អាមេរិក​នឹង​បាត់បង់​ម្ចាស់ការ តែ​លោក​ក៏​មិនដឹង​ច្បាស់​ថា ពេលណា​មួយ​វា​នឹង​កើតឡើង​នោះដែរ​។ តាមពិត​លោក George W Bush (​កូន​) និយាយ​កាលណោះ ដោយ​គាត់​យោងទៅលើ​សៀវភៅ​មួយ​ក្បាល (The Great Influenza) ដែល​សរសេរ​ពី “​ជំងឺឆ្លង​ផ្តាសាយ​នៅ​ឆ្នាំ​១៩១៨” ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចន្លោះ​ពី​១៧​ទៅ​៥០​លាន​នាក់ បាន​បាត់​បង់ជីវិត​។ វា​ជា​ជំងឺ​មួយ​ដែល​គេ​ហៅថា ផ្តាសាយ​អេ​ស្ប៉ា​ញ (La Gripe Espanola) ឬ ជា​ជំងឺ​សុបិន​អាក្រក់ (The Nightmare) ។ នៅពេលនោះ លោក ប៊ូ​ស បាន​លើក​ជា​យុទ្ធសាស្ត្រ​បី​ចំណុច​៖ ទីមួយ ត្រូវ​រក​ឲ្យ​ឃើញ​ឬ​ចាប់​ឲ្យ​បាន​ថា​វា​ចេញ​មកពីណា ។ ទី​ពីរ ត្រូវ​ត្រៀម​ការពារ​ពលរដ្ឋ​អាមេរិក ដោយ​ការ​ស្តុក​វ៉ាក់សាំង និង​ថ្នាំ​ប្រឆាំងនឹង​វីរុស និង​ផលិត​វ៉ាក់សាំង​ថ្មីៗ ឲ្យ​បាន​លឿន​ជាទីបំផុត និង​ទី​បី ត្រូវ​ត្រៀមខ្លួន​ដើម្បី​ឆ្លើយតប​ភ្លាមៗ ទាំង​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន នៅពេលដែល​ជំងឺឆ្លង ចូលមក​ដល់​ទឹកដី​របស់​អាមេរិក ហើយ​ដើម្បី​ត្រៀមលក្ខណៈ ឲ្យ​បានល្អ​និង​ជោគជ័យ លោក ប៊ូ​ស បានស្នើ​ថវិកា​ចំនួន​៧​ពាន់​លាន​ដុល្លារ ដើម្បី​ត្រៀមប្រយុទ្ធ​ជាមួយនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។​

​ដឹង​ហើយ ហេតុអ្វី​បានជា​អាមេរិក បរាជ័យ​ក្នុងការ​ទប់ស្កាត់​?
​ក្រុម​អ្នកឃ្លាំមើល​បញ្ហា​អន្តរជាតិ របស់​សហគម​អឺរ៉ុប (Modern Diplomacy) បានសរសេរថា ទង្វើ​អវិជ្ជមាន (​ក្រអឺតក្រទម​) ការពន្យារពេល និង​ការខុសឆ្គង​ផ្នែក​គោលនយោបាយ បាន​បណ្តាលឱ្យ​សហរដ្ឋអាមេរិក ក្លាយជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​បំផុត នៅលើ​ពិភពលោក​។ គេ​បាន​លើកឡើងថា នៅពេលដែល​ចិន កំពុង​ធ្វើសង្គ្រាម​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា អាមេរិក បែរជា​ស្តីបន្ទោស​ចិន វាយប្រហារ​ចិន រិះគន់​ចិន​និង​ព្យាយាម​ធ្វើឱ្យ​ចិន​ចុះខ្សោយ​។ គេ​ថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ខ្ជះខ្ជាយ​ពេលវេលា​ដោយ​អ​ចេតនា​។ ទន្ទឹមនឹងនេះ គេ​ក៏បាន​ស្តីបន្ទោស​រដ្ឋបាល Trump វិញ​ថា បរាជ័យ​ក្នុង​ការជួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន ក្នុង​គ្រា​ដ៏​លំបាក​បំផុត នៅពេលដែល​ប្រទេស អ៊ីតាលី បារាំង អង់គ្លេស និង​អេស្បាញ ស្ថិតនៅ​ដំណាក់កាល​ដំបូង​បំផុត​នោះ​។ គេ​ថា​ប្រសិនបើ​តាំងពីដើម​មក សហរដ្ឋអាមេរិក បាន​ជួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន​វា ប្រហែលជា​មិន​រីក​រាលដាល​ខ្លាំង​ទេ ហើយ​ប្រហែលជា​មិនអាច ទៅដល់​អាមេរិក​ទៀតផង​។​

​វីរុស​កូ​រ៉ូ​ណា​នឹងមាន​ជីវិត​ដល់​ពេលណា​?
​ពុំមាន​នរណាម្នាក់​ហ៊ាន​អះអាងថា វីរុស​ដ៏​កំណាច​នេះ នឹង​រលាយ​នៅពេលណា​នោះទេ ក្រៅតែពី​ការសន្និដ្ឋាន​ខ្លះៗ​ថា វា​អាច​នឹង​សាបរលាប​ទៅវិញ នៅមុន​ដំណាច់​ឆ្នាំនេះ អាស្រ័យទៅលើ​សមត្ថភាព នៃ​ការប្រយុទ្ធប្រឆាំង​ជា​សាកល និង​វិទ្យាសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ ប៉ុន្តែ​បើ​យើង​សិក្សា​ពី​ប្រវត្តិ នៃ​វីរុស​ផ្តាសាយ ឬ​ជំងឺ​ផ្លូវដង្ហើម​នានា ដែល​កើតមាន​កន្លងមក ដូចជា ផ្តាសាយ​អេ​ស្ប៉ា​ញ បានអូសបន្លាយ​ពេល​អ​ស់​បី​ឆ្នាំ (​ពី​ខែមករា ១៩១៨ ដល់​ខែធ្នូ ឆ្នាំ​១៩២០) និង​ជំងឺសារ (SARS) ចាប់ផ្តើម​ផ្ទុះ​ពី​ខែវិច្ឆិកា ឆ្នាំ​២០០២ ដល់​ខែឧសភា ឆ្នាំ​២០០៤ ។​

​វីរុស​កូ​រ៉ូ​ណា​គ្មាន​បា​ស្ព័​រ ហើយក៏​គ្មាន​វី​សា​ដែរ​៖
​វីរុស​កូ​រ៉ូ​ណា​គ្មាន​បា​ស្ព័​រ គ្មាន​វី​សា មិន​លម្អៀង មិន​ស្គាល់​ព្រំដែន អត់​ស្គាល់​ពូជសាសន៍ សាសនា ឬ​ជនជាតិ​អ្វី​ឡើយ តែ​អ្វីដែល​អាច​ទប់ស្កាត់ និង​ប្រឆាំង​វា​បាន គឺ​ការ​រួមគ្នា​ដោយ​គ្មាន​ការប្រមាថ ការរិះគន់ និង​ការធ្វេសប្រហែស ។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​តប​ទៅនឹង​លោក​ប្រធានាធិបតី Trump ថា “​សូមកុំ​ធ្វើ​នយោបាយ​វីរុស​កូ​រ៉ូ​ណា​នេះ​ឲ្យ​សោះ ។ រាល់​គណបក្សនយោបាយ គួរ​រួមគ្នា​ជួយសង្គ្រោះ​ប្រជាជន របស់​ពួកគេ​។ ប្រសិនបើ​អ្នក​ចង់​កេងប្រវ័ញ្ច និង​ធ្វើ​នយោបាយ លើ​មេរោគ​នេះ សូមអ្នក​ត្រៀម​ថង់ ដើម្បី​វេច​សាកសព​ឲ្យ​ហើយ​ទៅ​” ៕​ដោយ​៖CEN​

spot_img
×