Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ការចរចា​ជុំ​ទី​ពីរ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន សម្រេចបាន​ប្រមាណ​៧០​ភាគរយ​

spot_img

​ភ្នំពេញ​៖ ទោះបីជា​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុង​ស្ថិតក្នុង​កាលៈទេសៈ ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​សម​ភាគី​ចិន ដឹកនាំ​ដោយ លោក​យ៉ាង ចឹ​ង​វ៉ី (Yang Zhengwei) អគ្គនាយករង​ក្រសួងពាណិជ្ជកម្ម​ចិន បាន​បើក​ការចរចា​ជុំ​ទី​ពីរ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ និង​តាមដាន​វឌ្ឍនភាព​ទូទៅ​នៃ​ការចរចា​របស់​អនុ​ក្រុមការងារ​នីមួយៗ និង​ពិនិត្យ និង​ផ្តល់​គោលការណ៍​សម្រាប់​ដោះស្រាយ​បញ្ហាសំខាន់ៗ សំដៅ​បញ្ចប់​ការចរចា​ក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ​។​
​ភាគី​ទាំង​ពីរបាន​ឯ​ភាព​ថា នឹង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​កំពុង​បណ្តាលឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​មានការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង ធ្វើឱ្យមាន​ផលប៉ះពាល់ ដល់​ជីវភាព​រស់នៅ​នៃ​ប្រជាជន​យើង ហើយក៏​មានការ​យល់ស្រប​គ្នា​ដែរ​ថា ការបញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ពិតជា​នឹង​ជួយ​ដល់​ការ​ស្តារឡើងវិញ នៃ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​លទ្ធផល​សម្រេចបាន​ដោយ​ក្រុមការងារ​ទាំង​១០ ដែល​ទោះបីជា​ក្នុង​រយៈពេល​ខ្លី និង​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ទាំងពីរ​កំពុង​ជួប​ប្រឈម តែ​នៅ​សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយបាន​ឯកភាពគ្នា​នូវ​ជំពូក​សំខាន់ៗ ដូចជា ជំពូក​កិច្ចសហប្រតិបត្តិការ​វិនិយោគ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

​ចំពោះ​ស្តីពី​វិធាន​ប្រភពដើម​ទំនិញ នីតិវិធី​គយ និង​សម្រួល​ពាណិជ្ជកម្ម អនាម័យ និង​ភូតគាម​អនាម័យ របាំង​បច្ចេកទេស​មិនមែន​ពន្ធ ភាគី​ទាំង​ពីរបាន​ឯកភាព​ជាគោលការណ៍ និង​កំពុង​បន្ត​ពិភាក្សា​លើ​ចំណុច​ដែល​ខ្វែងគំនិត​គ្នា​បន្តិចបន្តួច តាមរយៈ​វីដេអូ និង​អ៊ី​ម៉ែ​ល ឱ្យបាន​យ៉ាងយូរបំផុត​នៅ​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ចំពោះ​ជំពូក​សំខាន់ៗ​រួមមាន ពាណិជ្ជកម្ម​ទំនិញ និង​ពាណិជ្ជកម្ម​សេវាកម្ម ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​យោបល់​អំពី​បញ្ហា​ប្រឈម និង​ផលប្រយោជន៍​នៃ​ប្រទេស​នីមួយៗ ដោយ​ឯកភាព​ថា​នឹង​ផ្តល់​ភាពទន់ភ្លន់​ឱ្យ​គ្នា​ទៅវិញទៅមក​។​
​ប្រធាន​ក្រុម​ចរចា​នៃ​ប្រទេស​ទាំងពីរ បាន​ណែនាំ​ឲ្យ​អនុ​ក្រុមការងារ​ព​ន្លឿ​ន​ការពិភាក្សា និង​ដោះស្រាយ​បញ្ហាសំខាន់ៗ​សេសសល់​ទាំងនេះ ទោះបីជា​តាម​ប្រព័ន្ធ​អន​ឡាញ​ក៏ដោយ សំដៅ​បញ្ចប់​ជំពូក​ថ្មីៗ​បន្ថែម​ឲ្យ​បាន​មុន​កិច្ចប្រជុំ​បន្ទាប់ ដែល​គ្រោង​ធ្វើ​នៅ​ខែមិថុនា ខាងមុខនេះ​។​

​ភាគី​ទាំងពីរ បាន​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​របស់​ប្រទេស​ទាំងពីរ​ក្នុងការ​បំពេញ​តួនាទី​យ៉ាងសកម្ម ទោះបី​ជាមាន​ឧបសគ្គ​មិនអាច​ចូលរួម​កិច្ចប្រជុំ​ផ្ទាល់ ការជួបប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ផ្តល់ឱកាស​ឲ្យ​ក្រុមការងារ​ទាំងសងខាង​ព​ន្លឿ​ន​ការងារ​របស់ខ្លួន​បន្ត​ទៀត សំដៅ​សម្រេចបាន​នូវ​អាណត្តិ​ផ្តល់​ឲ្យ​ដោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ សម្រាប់​ជា​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​កិច្ចប្រជុំ​ក្រុមការងារ លើក​ទី​៣ គ្រោង​នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២០ ខាងមុខ​៕​ដោយ​៖​សម្ផស្ស​

spot_img
×