Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ណែនាំ​ឲ្យ សមត្ថកិច្ច ត្រូវមាន​អាកប្បកិរិយា ត្រឹមត្រូវ​ចំពោះ​ពលរដ្ឋ ក្នុង​យុទ្ធនា​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ការណែនាំ​ឲ្យ​សមត្ថកិច្ច ត្រូវមាន​អាកប្បកិរិយា​ត្រឹមត្រូវ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​
​ក្នុងការ​ណែនាំ​ឲ្យ​ពួកគាត់​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​នឹង​ជំងឺ​កូ​វីដ​-១៩ ខណៈ​រហូតដល់​ពេលនេះ​ប្រទេស​កម្ពុជា មិនទាន់​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​នៅឡើយ​ទេ​។​

​សម្ដេច​ក្រឡាហោម ស ខេង ថា “​ការងារ​នេះ​មកដល់ពេលនេះ វា​មិនបាន​១០០%​ទេ យើង​ជឿ​អ៊ីចឹង​ពីព្រោះថា នេះ​បទបញ្ជា​មែន ប៉ុន្ដែ​គឺ​មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​របស់​យើង ដើម្បី​នឹង​ចាត់​វិធាន​តឹងរ៉ឹង​រហូតដល់​ថា យកទោស អ្នក​មិនបាន​គោរព​ទេ​។ គ្រាន់​ថា អង្វរក អំពាវនាវ​ឲ្យ​គាត់​យល់ ឲ្យ​ចូលរួម​តែ​ប៉ុណ្ណឹង​ទេ ហើយ​មាន​អ្នកខ្លះ​ទៅតាម​ផ្លូវជាតិ មិនបាន ទៅ​ផ្លូវ​តូចៗ ហើយ​អ្នក​ខ្លះទៀត​ជិះឡាន តែ​នៅសល់​៣០០​ម៉ែត្រ​ចុះ​ដើរ ក៏មានដែរ ចុះ​ដើរ​ហើយ​គាត់​ថា ផ្ទះ​គាត់​នៅខាងមុខ​នេះ យើង​ធ្វើ​ម៉េច​?”​។​សម្ដេច​បន្ថែមថា “​ខ្ញុំ​តែ​តែង​ណែនាំ​ផ្ដល់នូវ​មតិយោបល់ ធ្វើ​ម៉េច​អាកប្បកិរិយា​របស់​មន្ដ្រី​របស់​យើង គឺ​មិន​ត្រូវធ្វើ​នាំ​ឲ្យ​ប៉ះពាល់ ឬក៏​ឈាន់​មានការ​ផ្ទុះ​សាវ៉ា​យ អំពើ ហិង្សា ទាំង​នោះទេ​”​។​

​ក្នុង​ពិធី​ប្រគល់​រថយន្ដ​ជូន​ស្នងការដ្ឋាន​គរ​បាល​ខេត្ត និង​ប្រគល់​សម្ភារ​មួយចំនួន ដើម្បី​ការពារ​ជំងឺ កូ​វីដ​-១៩ ជូន​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ អរគុណ​ទៅដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ទាំងអស់ ដែល​ចូលរួម​គាំទ្រ​គោលការណ៍​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​បាន​អរគុណ​ដល់​មន្ដ្រី​ក្រសួងមហាផ្ទៃ​ទាំងអស់ ដែល​បាន​កាត់​ប្រាក់ខែ​ផ្ទាល់ខ្លួន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង កូ​វីដ​-១៩​នេះ​ផងដែរ​។​

​សម្ដេច​មានប្រសាសន៍ថា “​មកដល់ពេលនេះ​ជំងឺ​នេះ (​ជំងឺ​កូ​វីដ​) មិនទាន់​ស្រាកស្រាន្ដ នៅលើ​សកលលោក​យើង​នេះ ដែល​ពីមួយថ្ងៃ ទៅមួយថ្ងៃ មានការ​កើនឡើង​យ៉ាងច្រើន ហើយ​អ្នកស្លាប់​ក៏មាន​កើនឡើង​។ ដោយឡែក​សម្រាប់​កម្ពុជា​របស់​យើង មកទល់ពេលនេះ មាន​១២២​កំពុង​ឆ្លង ហើយ​បានជា​សះស្បើយ​៧៧ នៅក្នុង​ពេទ្យ​៤៥ ប៉ុន្ដែ​មិនមាន​អ្នកស្លាប់​ទេ​”​។​

​សម្ដេច​ក្រឡាហោម​បន្ដថា ដូច្នេះ​មានន័យថា ការយកចិត្ត​ដាក់​របស់​មន្ដ្រី ក្រសួងសុខាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់រូប​ធ្វើ​ឲ្យ​ជំងឺ​កូ​វីដ​-១៩ មិនអាច​យកឈ្នះ​បាន​។ សម្ដេច​ក្រឡាហោម​ក៏​សង្ឃឹមថា នាពេល​ខាងមុខនេះ នឹង​ទទួលបាន​លទ្ធផល​ល្អ​កាន់តែ​ប្រសើរ ក្នុងករណី​ដែល​ភាគី​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង ទប់ស្កាត់​នៅ​ជំងឺ​នេះ​ផងដែរ ប៉ុន្ដែ​និយាយ​ដូច្នេះ ភាគី​ពាក់ព័ន្ធ​ក៏​មិនត្រូវ​បន្ធូ​ដៃ​ឡើយ ត្រូវតែ​បន្ដ​បន្ថែមទៀត ដើម្បី​ចាត់​វិធាន គ្រប់បែបយ៉ាង​ដែល​អាចធ្វើ​ទៅបាន​។ សម្ដេច​ក្រឡាហោម រំលឹកថា នាពេល​កន្លងទៅ រាជរដ្ឋាភិបាល ចេញ​វិធានការ មិន​ឲ្យ​ធ្វើ​ចរាចរណ៍ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​កើតមានឡើង ហើយ​បាន​លើក​ពេល ថ្ងៃ​ឈប់សម្រាក បុណ្យចូលឆ្នាំ​ខ្មែរ ។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា មកដល់ពេលនេះ ពិភពលោក​មិនទាន់មាន​ភាព​ធូរស្រាល​ពី​ជំងឺ​កូ​វីដ​១៩​នៅឡើយ​ទេ ពី​ព្រោះតែ​អត្រា​អ្នក​ឆ្លង និង​អ្នកស្លាប់​នៅតែ​ស្ថិតក្នុង​កំណើន​ខ្ពស់​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ពេលនេះ​មិនទាន់មាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​នៅឡើយ​ទេ ដោយសារ​គ្រប់ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់ ទាំង​រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ និង​ប្រជាពលរដ្ឋ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​

​យ៉ាងណាក៏ដោយ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ស្ថានភាព​ប្រសើរ​នៃ​ការប្រយុទ្ធ​ប្រ​ឆាំ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ដូច​សព្វថ្ងៃនេះ មិនមែន​មានន័យថា​យើង​ទទួលបាន​ជោគជ័យ​លើ​សមរភូមិ​ជំងឺ​កូ​វីដ​១៩​នោះឡើយ ពោលគឺ​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង់អស់ ហើយ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​បាន​មានប្រសាសន៍​នឹង​ថា​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​គ្រប់​ស្ថានភាព ដើម្បី​ការពារ​សេចក្ដីសុខ​សុវត្ថិភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ចម្រុះ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រគៀក​ស្មា​គ្នា​ជួយ​ប្រទេសជាតិ ដោយមាន​ខ្លះ​បាន​បរិច្ចាគ​ប្រាក់ខែ តិច​ឬ​ច្រើន​ទៅតាម​លទ្ធភាព និង​ការស្ម័គ្រចិត្ត ថ្នាក់ដឹកនាំ​ខ្លះ​ក៏បាន​បរិច្ចាគ​សម្រាប់​ជួយ​មន្ត្រី​ក្នុង​ក្រសួង និង​ថ្នាក់ដឹកនាំ​មន្ត្រី​ខ្លះទៀត បាន​ជួយ​គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​នៅ​ថ្នាក់មូលដ្ឋាន ដែល​នេះ​គឺជា​ការបង្ហាញ​នូវ​សាមគ្គីភាព​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ដែល​បាន​សហការ​រួមគ្នា​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាងសកម្ម​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដូចជា​ការទទួល​បង​ប្អួ​ន​ខ្មែរ​វិលត្រឡប់​ពី​ក្រៅប្រទេស ពិសេស​ប្រទេស​ថៃ ការអនុវត្ត​វិធាន​ការបិទ​ការធ្វើដំណើរ​ឆ្លងខេត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ការស្រាវជ្រាវ តាមដាន ពិនិត្យ​សុខភាព និង​រៀបចំ​ដាក់ឱ្យ​ដាច់ដោយឡែក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ ឬ​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស នៅតាម​មូលដ្ឋាន​ភូមិ​ឃុំ​។​

​ពាក់ព័ន្ធ​នឹង​ជំនួយ​ថវិកា និ​សម្ភារ ដែល​សប្បុរសជន​នានា បាន​ផ្ដល់ជូន​រដ្ឋបាល​រាជធានី ខេត្ត សម្រាប់​ប្រើប្រាស់​ក្នុង​បេសកកម្ម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​បញ្ជាក់ថា​រាជរដ្ឋាភិបាល ទុក​លទ្ធភាព​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ជា​អ្នកចាត់ចែង​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្ដែង​។ យ៉ាងណាក៏ដោយ​សម្ដេច​បា​ន​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​រាជធានី ខេត្ត ប្រើប្រាស់​ថវិកា​ទាំងនោះ​ឱ្យចំ​គោ​ដៅ និង​តម្លាភាព ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ភាគី​ម្ចាស់ជំនួយ​ដែល​បាន​លះបង់​ថវិកា​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​

​ពាក់ព័ន្ធ​នឹង​ថវិកា និង​សម្ភារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​នៅសល់​បន្ទាប់ពី​ការបែងចែក លើកលែងតែ​សម្លៀកបំពាក់​ការពារ​ជំងឺ​កូ​វីដ​១៩ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ជម្រាប​ទៅកាន់​អង្គពិធី​ថាស​ម្ដេច​ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបាត់ដំបង និង​ខេត្តព្រៃវែង សូម​បែងចែក​ផ្ដល់ជូន​បណ្ដា​ក្រុង​ស្រុក​នៃ​ខេត្ត​ទាំងពីរ និង​គោលដៅ​ផ្សេងទៀត សរុប​ចំនួន​៣១​គោលដៅ​។​

​សម្ដេច​ទទួលស្គាល់ថា​ជំនួយ​ទាំងនេះ​គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ប៉ុន្តែ​នេះ​គឺជា​ការបែងចែក​ដើម្បី​រួមចំណែក​សម្រាល​ការលំបាក ហើយ​ថា​សម្ភារៈ​ឧបករណ៍​ទាំងអស់នេះ ក៏​មិនមែនជា​មូលដ្ឋាន​វាយតម្លៃថា​យើង​នឹង​អាច​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​បានដែរ ពោលគឺ​សម្ភារៈ​ទាំងអស់នេះ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការចូល​រួប​ទប់ស្កាត់ និង​ការពារ​ជំងឺ​កូ​វីដ​១៩​ប៉ុណ្ណោះ ដែល​សំខាន់​នោះ​គឺ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ដោយ​ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល រាប់ទាំង​ការប្រើ​ម៉ាស់ និង​លាងដៃ​ជាដើម​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​បាន​បន្ត​គូសបញ្ជាក់​ជាថ្មីទៀត​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា​នៅពេល​ភូមិ​ឃុំ​ទាំងអស់​មាន​សុវត្ថិភាព គឺ​មានន័យថា​មាតុភូមិ​របស់​យើង​មាន​សុខសន្តិភាព​សុវត្ថិភាព ហើយ​ដើម្បី​សម្រេចបាន​គឺ​ទាមទារ​ជា​ចាំបាច់​នូវ​ការចូលរួម​របស់​ពល​រដ្ឋ ការលើកកម្ពស់​សមត្ថ​ភាព​មន្ត្រី និង​ការបំពាក់​ឧ​បក​ណ៍​សម្ភារ និង​បំពេញតម្រូវការ​ថវិកា​។​

​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល​ស​ម្រា​ប់​ការបិទ​បំរាម​គោល​ចរ​ឆ្លងកាត់​ខេត្ត​នឹង​ខេត្ត លើកលែងតែ​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ផ្ដល់​ការលើក​ចិត្ត​ជូន​ថ្នាកដឹកនាំ​ខេត្ត អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់ សូម​បន្ត​អនុវត្ត​ភារកិច្ច​ឱ្យបាន​ជោគជ័យ ទាំង​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ការរក្សាសន្តិសុខ​សណ្ដាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​បាន​អំពា​នាវ​ជាថ្មីទៀត​សូម​បងប្អូន​ប្រជាពលរដ្ឋ​គោរព​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ៕

spot_img
×