Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ផ្តល់ប្រាក់​កម្ចី ដល់​គ្រឹះស្ថានសិក្សា​មួយចំនួន សូម​បញ្ចុះ​អត្រា​ការប្រាក់ និង​ពន្យារ​ការទូទាត់​សំណង នៃ​ផលប៉ះពាល់​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ អំពាវនាវ​ដល់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ជួយ​ធ្វើ​អន្តរាគមន៍​ជាមួយ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​បានផ្តល់​ប្រាក់កម្ចី ដល់​គ្រឹះស្ថានសិក្សា​មួយចំនួន សូម​ឲ្យ​ពិចារណា​បញ្ចុះ​អត្រា​ការប្រាក់ និង​ពន្យារ​ការទូទាត់​សំណង ទៅតាម​លទ្ធភាព ដើម្បី​ដោះ​បន្ទុក​មួយចំនួន ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩​។​

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បានចេញ​សេចក្តីណែនាំ ស្តីពី​កា​រលើ​កម្ពស់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា សូម​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន លើកកម្ពស់​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស អាច​បន្ត​ការសិក្សា និង​កាត់បន្ថយ​ហានិភ័យ ដែល​សិស្ស និស្សិត អាច​នឹង​ប្រឈមមុខ​នៅពេលដែល​គេ​ទៅ​ជួបជុំ​នៅ​ដែលមាន​ហានិភ័យ ក្នុង​គោលដៅ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ការឆ្លង និង​រីក​រាលដាល់​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម បានស្នើ​ដល់​គ្រឹះស្ថានសិក្សា​ត្រូវ​ធានា​ស្តង់ដារ​សុខភាព និង​សុខុមាលភាព​របស់​បុគ្គ​លិ និង​សិស្សា​នុសិស្ស ដោយ​មិនត្រូវ​មានការ​ចាប់បង្ខំ និង​ត្រូវ​រៀបចំ​កាលវិភាគ​ការងារ ដែល​ជួយ​ដល់​បុគ្គលិក និង​សិស្សានុសិស្ស កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ដែល​មិនធម្មតា​នេះ​។​

“​ក្រសួង​អប់រំ​យុវជន​និង​កីឡា សូម​អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​ដី​ដែល​ត្រូវបាន​ជួល​សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​មួយចំនួន ឲ្យ​បញ្ចុះតម្លៃ​ឈ្នួល​តាម​ភាពជាក់ស្តែង ដើម្បី​ដោះ​បន្ទុក​មួយចំនួន​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ និង​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​សម្រាប់​ទាំងអស់គ្នា​។ ក្រសួង ក៏​សូម​អំពាវនាវ​ដល់​ធនា​គារ​ជាតិ​នៃ​កម្ពុជា សូម​ធ្វើ​អន្តរាគមន៍​ជាមួយ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ដែល​បានផ្តល់​ប្រាក់កម្ចី​ដល់​គ្រឹះស្ថានសិក្សា​មួយចំនួន សូម​ឲ្យ​ពិចារណា​បញ្ចុះ​អត្រា​ការប្រាក់ និង​ពន្យារ​ការទូទាត់​សំណង​ទៅតាម​លទ្ធភាព ដើម្បី​ដោះ​បន្ទុក​មួយចំនួន​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩” ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ​៕​ ដោយ​៖​កូ​ឡាប

spot_img
×