Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃនេះ​ពុំ​រកឃើញ​អ្នកជំងឺ COVID-19 ករណី​ថ្មី​ទេ និង ១៤​ករណី ជាសះស្បើយ

spot_img

​ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា រហូត​ម៉ោង ៨​ព្រឹក ថ្ងៃទី ១៤ មេសា ២០២០ យើង​ពុំ​រកឃើញ​អ្នកជំងឺ COVID-19 ករណី​ថ្មី ជា​សរុប​ប្រទេស​យើង​មាន​ចំនួន ១២២​ករណី ដដែល និង ១៤​ករណី​ជាសះស្បើយ សរុប ៩១​នាក់​។ លោកជំទាវ បាន​បញ្ជាក់ថា នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ ។


​លោកជំទាវ បាន​ថ្លែងបន្តថា យើង​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា មានការ​ឆ្លង​ក្នុង​សហគមន៍​តែ​នៅ​ទំហំ​តូច (​ព្រោះ​អ្នកជំងឺ​រកឃើញ​ថ្មីៗ​នេះ រហូត​ពេលនេះ​ពុំ​រកឃើញ​ប្រភព​ចម្លង​) ដូច្នេះ​សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ថា នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​រហូតដល់ ១៤​នាក់​ថ្មី​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​កើនឡើង​រហូតដល់​៩១​នាក់ ហើយ​ពិសេស​បំផុត​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ថ្មី​ទេ​។ ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​ធ្លាក់​ចុះមក​ត្រឹម​ចំនួន​៣១​នាក់ នៃ​អ្នក​ឆ្លង​សរុប​១២២​នាក់​។​

​ករណី​ជាសះស្បើយ​មាន​១៤​នាក់​រួមមាន​៖ បុរស​ជនជាតិ​បារាំង ៣​នាក់ គឺ​អាយុ​៦៦​ឆ្នាំ អាយុ​៦១​ឆ្នាំ និង​អាយុ​៥៨​ឆ្នាំ​។ ស្ត្រី​ជនជាតិ​បារាំង ៧​នាក់ គឺ​អាយុ​៥៩​ឆ្នាំ អាយុ​៦៦​ឆ្នាំ អាយុ​៦០​ឆ្នាំ អាយុ​៦០​ឆ្នាំ អាយុ​៦៩​ឆ្នាំ អាយុ​៦០​ឆ្នាំ និង​អាយុ​៥៩​ឆ្នាំ​។ បុរស​និង​ស្ត្រី ទាំង​១០​នាក់​ខាងលើ ជា​អ្នកទេសចរ​បារាំង មកលេង​ក្រុងព្រះសីហនុ បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​២​លើក ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក តាម​បន្ទប់​នៅ​សណ្ឋាគារ ក្នុង​ក្រុងព្រះសីហនុ រង់ចាំ​ជើង​ហើរ​វិលត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​។ បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់ គឺ​អាយុ​៤១​ឆ្នាំ និង​អាយុ​៤៤​ឆ្នាំ បានទទួល​ការព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ បុរស​ជនជាតិខ្មែរ​២​នាក់ គឺ​អាយុ​៣៣​ឆ្នាំ ជា​អ្នក​មគ្គុទ្ទេសក៍​ទេសចរ ក្រុម​ទេសចរ​បារាំង​នៅ​ក្រុងព្រះសីហនុ និង អាយុ​៣៩​ឆ្នាំ មាន​អាសយដ្ឋាន សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×