Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរ​កង់​បី ៥​ពាន់​នាក់ នៅ​ភ្នំពេញ ទទួលបាន​អំណោយ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​វីរុស​កូ​រ៉ូ​ណា (​កូ​វីដ​-១៩)

spot_img

​ភ្នំពេញ ថ្ងៃទី​១០ ខែមេសា​៖ អ្នកបើកបរ​រឺ​ម៉ក ឬ​កង់​បី ចំនួន​៥​ពាន់​នាក់ ដែល​បាន​ភ្ជាប់​ជាមួយនឹង​កម្មវិធី​ហៅ​យានជំនិះផ្សេងៗ នៅ​ថ្ងៃ​សុក្រ​នេះ បានទទួល​កញ្ចប់​អំណោយ​ជា​សម្ភារៈ​ថែរក្សា​អនាម័យ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ឲ្យ​ពួកគាត់ អាច​ចូលរួមបាន​កាន់តែ​ប្រសើរ​ក្នុងតួនាទី​ដ៏​សំខាន់​របស់​ពួកគាត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩​។​

​ព្រឹត្តិការណ៍​ផ្តល់​អំណោយ​ក្រោម​ទស្សនទាន «​ប្រទេស​តែ​១ សហគមន៍​តែ​១» មួយ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សាលា រាជធានី​ភ្នំពេញ ដែល​តំណាង​ដោយ​ឯកឧត្ដម​អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ បៃតង វ៉រ​រៀរ​ស៍ (Baitong Warriors)​។​

នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកតំណាង​មក ពី​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​ចែកជូន​អ្នកបើកបរ​កង់​បី នូវ​កញ្ចប់​អំណោយ​ជា​សម្ភារៈ​ថែរក្សា​អនាម័យ ក្នុង​ម្នាក់​មួយកញ្ចប់ ដែល​ក្នុងនោះ​មាន​សម្ភារៈ​ដូចជា​ម៉ាស​ការពារ ទឹក​អនាម័យ​លាងដៃ ភេសជ្ជៈ Coca-Cola Energy ខិត​បណ្ណ​អប់រំ​ស្តីពី​កូ​វីដ​-១៩ និង​ស្ទីក​ឃឺ​រ​ជាច្រើន​សម្រាប់​បិទ​លើ​កង់​បី​របស់​ពួកគាត់​។​

​ស្របពេល​ជាមួយគ្នានេះ ក្រុមការងារ​របស់​ក្រុមហ៊ុន Grab បានរៀបចំ​កន្លែង​មួយ ដើម្បី​ផ្តល់​អំណោយ នៅខាងមុខ ការិយាល័យ​របស់ខ្លួន ស្ថិត​លើផ្លូវ​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​កញ្ចប់​អំណោយ​ថែទាំ​សុខភាព ទាំងអស់នោះ​។​

​លោក Hashim Alkaff នាយក​ក្រុមហ៊ុន Grab ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖ «​អំណោយ​ទាំងនេះ គឺ​ការបង្ហាញ​ពី​ការទទួលស្គាល់​របស់​យើង​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​អ្នកបើកបរ ដែល​ភ្ជាប់​កម្មវិធី​ហៅ​យាន្ត​ជំនិះ ផ្សេងៗ​គ្នា ជាច្រើន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូ​វីដ​-១៩​។ ដើម្បី​ថែរក្សា​សុខភាព​របស់​ពួកគាត់​ផ្ទាល់ និង​សុខភាព​អ្នកដំណើរ របស់​ពួកគាត់ វា​ពិតជា​សំខាន់​ណាស់​ដែល​អ្នកបើកបរ ត្រូវ​ធ្វើតាម​សេចក្តីណែនាំ​ចុង ក្រោយបង្អស់​ស្ដីអំពី​ការការពារ​សុខភាព និង​សុវត្ថិភាព តាមរយៈ​ការប្រើប្រាស់​ម៉ាស​ការពារ និង​ទឹក​អនាម័យ​លាងដៃ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​រក្សាបាន​នូវ​អនាម័យ​ជានិច្ច ដែល​ពិតជា​សំខាន់​ណាស់​ក្នុងការ​កាត់បន្ថយ​ការឆ្លង​របស់​ជំងឺ​នេះ​»​។​

​ជាមួយគ្នានេះ​ផងដែរ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា ក្រុមហ៊ុន​បាន​បង្វែរ ថវិកា​ចំនួន ២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ពី​កញ្ចប់​ថវិកា​ផ្សាយពាណិជ្ជកម្ម​របស់ខ្លួន សម្រាប់​យកមក​ចូលរួម​ជួយ ដល់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា នាពេល​បច្ចុប្បន្ន​។​

​លោក រស់ សោភា នាយក ផ្នែក​ច្បាប់ និង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​របស់​យើង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សង្គម​កម្ពុជា អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ ហើយ​ឥរិយាបថ​មូលដ្ឋាន​របស់​យើង គឺ​យើង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​ទូទៅ ក្នុង​ដំណាក់ កាល​ដ៏​ចាំបាច់ តាមរយៈ​ការផ្តល់​អំណោយ​បែបនេះ​។ ការផ្ដល់​លទ្ធភាព​ឲ្យ​អ្នកបើកបរ​ទាំងអស់ អាច​បន្ដ​ប្រកប​អាជីវកម្ម​បាន​ប្រកប ដោយ​សុវត្ថិភាព តាមរយៈ​ការប្រើប្រាស់​ម៉ាស​ការពារ និង​ទឹក​អនាម័យ​លាងដៃ មានន័យថា ពួកគាត់​អាច​បន្ត​ការរក​ប្រាក់ ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគាត់​»។

​លោក​បាន​បន្ថែមទៀតថា​៖ «​យើង​ក៏​ចូលរួម​ប្តេជ្ញា​អនុវត្តតាម​យុទ្ធនាការ «​ពិភពលោក​មួយ​ដែល​គ្មាន​សំរាម​» តាមរយៈ​ការលើកទឹកចិត្ត​អ្នកបើកបរ​ទាំងនោះ​ឲ្យ​យក​ដប​ដែល​អាច​ប្រើប្រាស់​វិញ​បាន ដើម្បី​ច្រក​ទឹក​អនាម័យ លាងដៃ​»​។​

​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ បៃតង​វ៉រ​រៀរ​ស៍ ដែល​បាននិងកំពុង​តែ​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ទប់ស្កាត់​ការឆ្លង​របស់​វីរុស កូ​រ៉ូ​ណា ទូទាំងប្រទេស​នោះ បាន​ចូលរួម​ក្នុងការ​ផ្តល់​ទឹក​អនាម័យ​ដៃ​ចំនួន​៤២០​លីត្រ ក្នុង​កម្មវិធី​អំណោយ​នេះ​ផងដែរ​។​

លោក​តាន់ គឹមសួគ៌ អ្នកតំណាង​ឲ្យ​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ បៃតង​វ៉រ​រៀរ​ស៍ បាន​ឲ្យ​ដឹងថា​៖ «​ក្នុងនាម​ជា​ក្រុម​មួយ បៃតង​វ៉រ​រៀ​រស៍​កំពុងតែ​យកចិត្តទុកដាក់ រៀបចំ​ទឹក​អនាម័យ​លាងដៃ​បែប​សាមញ្ញ ប៉ុន្តែ មាន​ប្រសិទ្ធិភាព​នេះ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​របស់​យើង​នៅ​ទូទាំងប្រទេស ដើម្បី​ជួយ​ឲ្យ​ពួកគាត់​មានលទ្ធភាព​រក្សាបាន​នូវ​សុវត្ថិភាព និង​សុខ​ភាពល្អ តាមរយៈ​ការរក្សា​ដៃ​របស់​ពួកគាត់ ឲ្យ​មាន​អនាម័យ​ជានិច្ច​»​។​

​ឯកឧត្ដម នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ក្រុមហ៊ុន Grab ក្រុមហ៊ុន​កូ​កា​-​កូ​ឡា និង​បៃតង​វ៉រ​រៀរ​ស៍ ចំពោះ​ការចូលរួមចំណែក​ទាំង​នេះ ក្នុងន័យ​ផ្តល់​សុវត្ថិភាព និង​សុខុមាលភាព​របស់​អ្នកបើក​រឺ​ម៉ក​កង់​បី ដែល​កំពុងតែ​ស្ថិតក្នុង​ទីតាំង​ជួរមុខ​គេ​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​វីរុស​កូ​រ៉ូ​ណា​នេះ​»​។​

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា​៖ «​ការលើកទឹកចិត្ត​ឲ្យ​អ្នកបើកបរ​ទាំងអស់ អនុវត្តន៍​វិធី​ថែរក្សា​អនាម័យ​ល្អ នឹង​ផ្តល់​ឲ្យ អ្នកដំណើរ និង​ក្រុមគ្រួសារ​របស់​ពួកគាត់​ដែល​នៅឯ​ផ្ទះ មាន​អារម្មណ៍​ស្ងប់ចិត្ត ដោយសារតែ​អ្នកបើកបរ​ទាំងអស់ កំពុងតែ​ការពារ សមាជិក​ក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគាត់​»​។​

​ទាំង​ក្រុមហ៊ុន Grab និង​កូ​កា​-​កូ​ឡា សុទ្ធសឹងតែ​បានបញ្ជាក់​ថា ពួកគេ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ផ្តល់​អំណោយ​បន្ថែមទៀត ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ខណៈដែល​ក្រុមហ៊ុន​ទាំង​២ ចូលរួម​ជា​កម្លាំង​ជាមួយនឹង​ដៃគូ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការឆ្លង វីរុស​កូ​រ៉ូ​ណា ​៕ ដោយ ៖ CEN


spot_img
×