Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​គម្រោង​វិនិយោគ​តម្លៃ​ជាង ២០០​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ នៅ​ដើមខែ​មេសា​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​ចុងក្រោយ​ដល់​គម្រោង​វិនិយោគ​ចំនួន ១៥ ដែលមាន​ទឹកប្រាក់​សរុប ២២៥,៥ លាន​ដុល្លារ ដោយ​រំពឹងថា នឹង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​បាន​ចំនួន ៧.៦២០ កន្លែង​។​

​បើ​យោងតាម CDC គម្រោង​នេះ គ្របដណ្តប់​លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ផ្លា​ស្ទិ​ច ដែក ម្សៅ និង​ដំឡូង​មី​កែច្នៃ ផលិត​និង​ដំឡើង​បន្ទះ​សូ​ឡា កសិដ្ឋាន​ចេក សណ្ឋាគារ​លំដាប់​ផ្កាយ​៣ និង​មន្ទីរពេទ្យ​ជាដើម​។ គម្រោង​វិនិយោគ មន្ទីរពេទ្យ​របស់ ក្រុមហ៊ុន Sing-Specialists Medical Centre ដែលមាន​គ្រែពេទ្យ​ចំនួន ៥០ ស្ថិតនៅ​លើផ្លូវ​លេខ ៨១ ក្នុង​សង្កាត់​បឹងរាំង ១០ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ គ្រោង​ចាយ​ថវិកា ៩៦,១ លាន​ដុល្លារ​។ គម្រោង​វិនិយោគ​សណ្ឋាគារ​លំដាប់​ផ្កាយ​៣ របស់​ក្រុមហ៊ុន Xigangyihao International Investment ដែលមាន ៧១០ បន្ទប់ ស្ថិតនៅ​ក្នុងភូមិ​សង្កាត់​លេខ​៣ ក្នុង​ក្រុងព្រះសីហនុ​ខេត្ត ព្រះសីហនុ គ្រោង​ចាយ​ទឹកប្រាក់ ៥៩,២ លាន​ដុល្លារ ។ ចំណែកឯ​គម្រោង​វិនិយោគ រោងចក្រ​កែច្នៃ​ដែក​របស់​ក្រុមហ៊ុន Hong De Sheng នៅក្នុង​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ក្រសាំង ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ គ្រោង​ទឹកប្រាក់ ១៦,៧ លាន​ដុល្លារ​។​
​ជាមួយគ្នានេះ គម្រោង​ផ្សេងៗ​ទៀត រួមមាន គម្រោង​ចម្ការចេក ១២,៣ លាន​ដុល្លារ​របស់​ក្រុមហ៊ុន Yql (Cambodia) Investment ស្ថិតនៅ​ក្នុងភូមិ​បឹងកេត ឃុំ​បឹងកេត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម រោងចក្រ​កែច្នៃ​ដំឡូង​មី ១០,៤ លាន​ដុល្លារ របស់​ក្រុមហ៊ុន Shine Hanuman Trading នៅ​ភូមិ​ភ្នំ​បេង ឃុំ​បឹង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​រោងចក្រ​ផលិត​និង​ដំឡើង​បន្ទះ​សូ​ឡា Jintek Cells Technology ដែលមាន​ទឹកប្រាក់ ៧,៧ លាន​ដុល្លារ ស្ថិតនៅ​ភូមិ​ព្រៃ​សាឡា សង្កាត់​ព្រៃ​កាឡា ២ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​រយៈពេល ៣ ខែ​ដំបូង នៃ​ឆ្នាំ​២០២០​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បាន​យល់ព្រម​លើ​គម្រោង​ចំនួន ៤០ ដែលមាន​តម្លៃ ៩០០ លាន​ដុល្លារ ។ គម្រោង​ទាំងនេះ គ្របដណ្តប់​លើ​វិស័យ ជាច្រើន ដូចជា វិស័យ​សណ្ឋាគារ ផ្សារ​ទំនើប ផ្នែក​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​គ្រឿងសង្ហារិម ឧបករណ៍​ផ្ទះបាយ និង​ឧបករណ៍​អគ្គិសនី​ជាដើម​៕​ដោយ​៖​សម្ផស្ស​

spot_img
×