Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករាយការណ៍​ពិសេស​៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន អាច​រឹតត្បិត​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ​សិទ្ធិ​ខាង​សមាគម និង​សិទ្ធិ​ជួបជុំ​

spot_img

​ភ្នំពេញ​៖ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស ស្តីពី​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ បាន​ថ្លែង​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា នៅ​ថ្ងៃទី​៩ ខែមេសា អ្នកជំនាញ អ​.​ស​.​ប បាន​ផ្ញើលិខិត​ឧបាស្រ័យ​មួយច្បាប់ ដែល​បង្ហាញ​កង្វល់ អំពី​សេចក្តីព្រាងច្បាប់​របស់​ប្រទេស​កម្ពុជា ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។​

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើកឡើងថា យោងតាម​អ្នកជំនាញ​ឯករាជ្យ ប្រសិនជា​ត្រូវបាន​អនុម័ត ច្បាប់​នេះ អាច​រឹតត្បិត​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ​សិទ្ធិ​ខាង​សមាគម និង​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី ហើយ​និង​សិទ្ធិ​ក្នុងការ​ដើរហើរ ដូច​មានចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។​

​អ្នកជំនាញ​ឯករាជ្យ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់ព័ត៌មាន ស្តីពី​វិធានការ​ទាំងឡាយ ដែល​ត្រូវអនុវត្ត ដើម្បី​ធានា​អនុលោមភាព នៃ​សេចក្តីព្រាងច្បាប់​នេះ តាម​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា ក្រោម​ច្បាប់ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​សូមបញ្ជាក់ថា រដ្ឋសភាជាតិ បាន​បើក​សម័យប្រជុំ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ហើយ​បានអនុម័ត​ដោយ​ឯកច្ឆន្ទ​ដោយ​ឥត​កែប្រែ​លើ​សេចក្តីព្រាងច្បាប់​នេះ​។ សេចក្តីព្រាងច្បាប់ មាន​៥​ជំពូក និង​១២​មាត្រា ។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវបាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ និង​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា ដឹកនាំ​ដោយ ច័ន្ទ សុផល ប្រធានស្តីទី​គណៈកម្មកា​រ ព្រមទាំង​ឯកឧត្តម លោកជំទាវ តំណាង​មកពី​គ្រប់​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា បាន​ជួបប្រជុំ​ពិនិត្យ សិក្សា ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សហការី នា​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​នេះ បាន​តាក់តែងឡើង​ស្របគ្នា​នឹង​មាត្រា ២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែងថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន ហើយ​ច្បាប់​នេះ​ធ្វើឡើង ក្នុង​គោលបំណង​កំណត់​អំពី​បែបបទ នីតិវិធី និង​លក្ខខណ្ឌ នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ក្នុង​គ្រា​មាន​អាសន្ន​។ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត​បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹង​ផ្តល់​ជា​មូលដ្ឋាន​គតិយុត្ត ដើម្បី​ឆ្លើយតប ទៅនឹង​ស្ថានភាព​របស់​ប្រទេស​ក្នុង​ភាពអាសន្ន សំដៅ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន​។ ជាពិសេស​ក្នុងស្ថានភាព​រីក​រាលដាល​ជំងឺ កូ​វីដ​១៩ ដែលជា​វិបត្តិ​សកល​កាន់តែ​ច្រើនឡើង ក្នុង​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​សូមជម្រាបថា សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវបាន​រាជរដ្ឋាភិបាល ប្រគល់ជូន​តាមរយៈ​លិខិត​លេខ​២៩៧.​លស​.​កប​ច ចុះ​ថ្ងៃ​សុក្រ ១១​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ ដើម្បី​ស្នើសុំ​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ រួមមាន​៥​ជំពូក និង ១២​មាត្រា ៖

-​ជំពូក​ទី​១ រួមមាន ២​មាត្រា (​ពី​មាត្រា​១ ដល់​មាត្រា​២) ចែង​អំ​ពីបទ​ប្បញ្ញត្តិ​ទូទៅ ដែល​កំណត់​អំពី​គោលបំណង និង​វិសាលភាព​។​
-​ជំពូក​ទី​២ រួមមាន ២​មាត្រា (​ពី​មាត្រា​៣ ដល់​មាត្រា​៤) ចែង​អំពី​បែបបទ នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។​
-​ជំពូក​ទី​៣ រួមមាន ២​មាត្រា (​ពី​មាត្រា​៥ ដល់​មាត្រា​៦) កំណត់​អំពី​វិធានការ​ក្នុងពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន និង​អំពី​របប​រាយការណ៍​អំពី​វិធានការ​ក្នុង​ភាពអាសន្ន​ជូនទៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​។​
-​ជំពូក​ទី​៤ រួមមាន ៤​មាត្រា (​ពី​មាត្រា​៧ ដល់​មាត្រា​១០) ចែង​អំពី​ទោស​ប្បញ្ញត្តិ ដែល​កំណត់​អំ​ពីបទ​រារាំង ដល់​កិច្ចប្រតិបត្តិការ ពេល​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន បទ​មិន​គោរព វិធាន​ពេល​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​នីតិបុគ្គល និង​ការទទួលខុសត្រូវ របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​។​
-​ជំពូក​ទី​៥ រួមមាន ២​មាត្រា (​ពី​មាត្រា​១១ ដល់​មាត្រា​១២) ចែង​អំពី​អវសាន​ប្ប​ញ្ញ​តិ ដែល​កំណត់​អំពី​និរាករណ៍ និង​ការប្រកាស​ជាការ​ប្រញាប់​៕​

ដោយ​៖​កូ​ឡាប​

spot_img
×