Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​ទី​ម័​រ​ឡេ​ស្តេ នឹង​ខិតខំ​ជំរុញ ឱ្យមាន​ការផ្លាស់ប្តូរ ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និង ទេសចរណ៍ ឱ្យ​កាន់តែ​ទូលំទូលាយ​

spot_img

​ភ្នំពេញ​៖ កម្ពុជា និង​ទី​ម័​រ​ឡេ​ស្តេ បាន​ប្តេជ្ញា ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ និង​ខិតខំ​ជំរុញ ឱ្យមាន​ការផ្លាស់ប្តូរ ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និង ទេសចរណ៍ ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជា​គុណប្រយោជន៍ សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។

នា​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជូន​សារតាំង និង​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុង​ព្រះបរមនាម ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​ឯកឧត្តម Ermenegildo “Kupa” Lopes ដែល​ត្រូវបាន​ឯកឧត្តម​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម Ermenegildo “Kupa” Lopes បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រមុខរដ្ឋស្តីទី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ អនុញ្ញាតឱ្យ​ឯកឧត្តម​បាន​ចូល​ជូន​សារតាំង និង​សម្តែង​ការគួរសម​នាពេលនេះ​។
​ឆ្លៀតឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​នាំនូវ​ការសួរសុខទុក្ខ ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី និង​ថ្នាក់ដឹកនាំ​កំពូល នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ជូន​ចំពោះ​សម្តេច​ប្រមុខរដ្ឋស្តីទី និង​ថ្នាក់ដឹកនាំ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ ​
​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​សេចក្តី​រីករាយ ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដ៏​ល្អ រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍនភាព និង​ការរីកចម្រើន របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​ការគាំទ្រ ឱ្យ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ បាន​ក្លាយជា​សមាជិក​អាស៊ាន នាពេលខាងមុខ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស និង ប្រជាជន​ទាំងពីរ​កន្លងទៅ​។ សម្តេច​មាន​ជំនឿ​ជឿជាក់ថា ឯកឧត្តម​ឯកអគ្គរដ្ឋទូត នឹង​ខិតខំ​ពង្រឹងពង្រីក​នូវ​ចំណង មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ខិតខំ​ជំរុញ ឱ្យមាន​ការផ្លាស់ប្តូរ ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និង ទេសចរណ៍ ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជា​គុណប្រយោជន៍ សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​សម្តែង​នូវ​សេចក្តី​រីករាយ ដោយបាន​មើលឃើញ​អំពី ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ទំនាក់ទំនង​ល្អ​នេះ ស្តែងឡើង​តាម រយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច មន្ត្រីជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ លើ​ឆាក​អន្តរជាតិ ជា​ពិ​សស​នៅក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។​
​ ​
​សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​បញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ ដ៏​ជិតស្និទ្ធ​ជាមួយនឹង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏ដូចជា​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង និង​ផលប្រយោជន៍​ដ៏​ធំធេង សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ផ្តាំផ្ញើ​នូវ​ព្រះរាជ​បណ្តាំ សួរសុខទុក្ខ​ដោយ​សេចក្តី​គោរព និង​សេចក្តី​នឹករលឹក ពី​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ថ្នាក់ដឹកនាំ​កំពូល​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី និង​ថ្នាក់ដឹកនាំ​កំពូល​គ្រប់​លំដាប់ថ្នាក់ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×