Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិចារណកថា​៖ ទទួល​អំណរ​ឆ្នាំ​ថ្មី​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ប្រឆាំង កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ នៅវេលា​ម៉ោង ៨ និង ៤៨​នាទី ថ្ងៃ​ចន្ទ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ ទេព្តា​ឆ្នាំជូត​ព្រះ​នាង​គោ​រាគៈ​ទេវី បុត្រី​ទី​២ នៃ​កបិល​មហាព្រហ្ម យាង​មកកាន់​ស្ថាន​កណ្តាល​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រោះព្រំ​ប្រទាន​ពរជ័យ ដល់​បណ្តាជន​ក្នុង​កម្ពុជរដ្ឋ មាន​សិរី​សួស្តី​បរវៀស​ជៀស​ឆ្ងាយ ពី​រឿងរ៉ាវ​អពមង្គល​ទាំងឡាយ ជាពិសេស​ការភ័យខ្លាច នូវ​ការឆ្លង​រោគរាតត្បាត​នៃ​ជម្ងឺ កូ​វីដ​១៩ ដែលមាន​លក្ខណៈ​សឹងតែ​ដល់​ប្រល័យ​លោក​ទៅហើយ​។​


​ ​
​បណ្តាជន​ខ្មែរ​គ្រប់ៗ​គ្នា​បានដឹងហើយថា ចូលឆ្នាំ​ឆ្នាំនេះ​ទទួល​ទេព្តា​នៅក្នុង​ផ្ទះ ប្រកប​របរ​ចិញ្ចឹមជីវិត​ជាធម្មតា មន្ត្រីរាជការ​នៅតែ​ធ្វើការ​ជាធម្មតា បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ក៏​ដូច្នេះ​ដែរ ហើយ​ការឈប់​សង​វិញ នឹងត្រូវ​ផ្តល់ជូន​នៅ​ឱកាស​សមស្រប​ណាមួយ នាពេល​ក្រោយ​។​
​ ​
​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បានធ្វើ​សន្និសីទកាសែត​ច្រើនដង ចេញ​បទបញ្ជា ចេញ​សេចក្តីសម្រេច​កែសម្រួល​ប​ទ​បញ្ជា ហើយ​កំពុងតែ​ធ្វើ​នូវ​អ្វីៗ​គ្រប់បែបយ៉ាង ក្នុង​គោលបំណង​តែមួយគត់​គឺ ជួយ​ពលរដ្ឋ​កម្ពុជា​ឱ្យ​ជៀសផុត ពី​វិបត្តិ​រោគ​ឆ្លង កូ​វីដ​១៩ ដ៏​ប្រល័យ​នេះ ដោយបាន​ដាក់ចេញ​នូវ​វិធានការ​ណែនាំ​អប់រំ វិធានការ​ឆ្លើយតប លើកដៃ​សំពះអង្វ​ករ​ពលរដ្ឋ គិតគូរ​សុខទុក្ខ​ដល់​ពលករ កម្មករ​ដែលមាន​ប្រាក់ចំណូល​ទាប គិតគូរ​ដល់​ចង្ហាន់​ព្រះសង្ឃ រក​ទិញ​ម៉ាស​ការពារ ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ និង​ធ្វើ​ចលនា​ឱ្យមាន​ការស្ម័គ្រចិត្ត​រប​ស់​មន្ត្រីរាជការ​ជាន់ខ្ពស់ មធ្យម ចូលរួម​បរិច្ចាគ​ប្រាក់ខែ ដើម្បី​ប្រើប្រាស់​សម្រាប់​ប្រយុទ្ធប្រឆាំង​មេរោគ កូ​វីដ​១៩​នេះ ស្រប​ពេលដែល​ការធ្វើដំណើរ​ទៅ​ទីណាៗ​ក៏​ឮសូរ​តែ​សំឡេង “​យើងទាំងអស់គ្នា ចូលរួម​ប្រឆាំង​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​” ។​
​ ​
​កម្ពុជា​យើង​បាន​ឆ្លងកាត់​នូវ​បុណ្យចូលឆ្នាំ ដ៏​សប្បាយរីករាយ​ជួបជុំ​ក្រុមគ្រួសារ បងប្អូន​ញាតិមិត្ត ឆ្លងកាត់​បុណ្យចូលឆ្នាំ​ខ្មែរ ក្រោម​គ្រាប់កាំភ្លើង​ផ្លោង ការប្រយុទ្ធ​គ្នា​នា​ចុង​សម័យ​លន់ នល់ ឆ្លងកាត់​ការ​គ្មាន​ចូលឆ្នាំ ឬ​បើ​ហ៊ាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ត្រូវ​យកទៅ​សម្លាប់ចោល និង​ចូលឆ្នាំ​ខ្មែរ​ដែល​ប្រទេសជាតិ គ្មាន​ប្រាក់រៀល​ចាយ​ក្នុង​ឆ្នាំ​១៩៧៩ ដែល​កាលនោះ សម្តេច ហេង សំរិន ជា​ប្រធាន​ក្រុមប្រឹក្សា​បដិវត្តន៍​ប្រជាជន (​និង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៅ​ឆ្នាំ​១៩៨១) និង​សម្តេច ហ៊ុន សែន ជា​រដ្ឋមន្ត្រីការបរទេស​ក្មេង​ជាងគេ​លើ​លោក (​កាលនោះ សម្តេច ហ៊ុន សែន មាន​អាយុ​ត្រឹមតែ​២៧​ឆ្នាំ​) បាន​ដឹកនាំ​ការ​ប្រារព្ធ​បុណ្យចូលឆ្នាំ​មួយ ប្រកបដោយ​ជោគជ័យ តាមរបៀប​ជាក់ស្តែង នៃ​ស្ថានភាព​សង្គម​កម្ពុជា​នាគ្រា​នោះ ដែល​ខ្មែរ​ជាង​៥​លាន​នាក់ សល់​ពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត ក្រីក្រ​រហេមរហាម​ទាំងអស់គ្នា ពោលគឺ​កងទ័ព ហេង សំរិន ហ៊ុន សែន ដើរតួនាទី​ចែក​ស្បៀងអាហារ នំចំណី ឱ្យ​ពលរដ្ឋ​រៀបចំ​ទទួល​ទេព្តា​ឆ្នាំ​ថ្មី ហើយ​ក្រោយមក​កងទ័ព​នេះ ក៏​ត្រូវបាន​អ្នកស្រុក​ហៅថា ជា​កងទ័ព​ទេព្តាៗ​រហូតមក ដោយមាន​ការគាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ ពី​កងទ័ព​ប្រជាជន​វៀតណាម នា​ក្បែរ​ខាង​កម្ពុជា​។​
​ ​
​ចូលឆ្នាំថ្មី​នេះ​មាន​លក្ខណៈពិសេស ដែល​គ្រប់ៗ​គ្នា​បានដឹង​ហើយ ដោយ​ពុំ​ចាំបាច់​រៀបរាប់​ច្រើន ក្នុង​សំណេរ​វិចារណកថា​នេះ​ទេ​។ យើង​សូម​គាំទ្រ​ទាំងស្រុង ចំពោះ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល យើង​សូម​ហៅ​បទបញ្ជា​នេះ​ថា “​ឳ​ប្រាប់​កូន​ឱ្យនៅ​ផ្ទះ ព្រោះ​នៅឯ​ខាងក្រៅ​មាន​សត្រូវ​មើលមិនឃើញ​មុខមាត់​នាំ ឱ្យ​ឆក់យក​ជីវិត​កូន​ជាទី​ស្រឡាញ់​របស់​ឳ​” កូន​ត្រូវ​នៅផ្ទះ​ដើម្បី “​ឈ្នះ​ជំងឺ និង​មាន​អាយុ​វែង បានឃើញ​ចូលឆ្នាំ​ខ្មែរ​ជាច្រើន​ដង​ទៀត នៅពេល​ខាងមុខ​”​។ ចូរ​យើងទាំងអស់គ្នា ប្រើប្រាស់​បណ្តាញ​សង្គម Facebook និង​គ្រប់​មធ្យោបាយ ដែលមាន​ចូលរួមចំណែក ប្រឆាំង​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ចូរ​យើង​រាល់គ្នា​កុំ​ប្រើ Facebook ដើម្បី​បំពុលសង្គម និយម​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ ត្រូវ​មេរោគ​ចង្រៃឧត្បាត​គំរាមកំហែង​។ ចូរ​យើង​រាល់គ្នា​ប្រតិបត្តិ​តាម​អ្វី ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា “​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ដឹង​មិត្ត​ល្អ​ក្នុង​គ្រាអាសន្ន​”​។ ចូរ​ជួយ​ពលរដ្ឋ​ដែលមាន​ចំណូល​ទាប តាមរយៈ​ការបរិច្ចាគ​អង្ករ ម៉ាស ទឹក​លាងដៃ​សម្លាប់​មេរោគ ម្ហូបអាហារ ប្រាក់កាស ហើយ​ពលរដ្ឋ​ដែល​ក្រីក្រ​ប្រាក់ចំណូល​ទាប ក៏ត្រូវ​មាន​ចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​កូ​វីដ​១៩​នេះដែរ ឧបមា​ដូចជា ធ្វើ​អនាម័យ​ជាប្រចាំ​តាមរបៀប​ងាយៗ មិន​រំ​ពើត​រំពើន​ញាប់​ញ័រ ស្វែងរក​ការសប្បាយ ព្រោះតែ​ចង់​សប្បាយ បើ​និយាយឱ្យចំៗ ទៅ​គឺ​ប្រពៃណី​ជាតិខ្មែរ មិន​ប្រើប្រាស់​គ្រឿង​ស្រវឹង ក្នុង​ថ្ងៃ​ចូលឆ្នាំ​នោះទេ​។​
​ ​
​ចូរ​យើង​រាល់គ្នា​សប្បាយរីករាយ នៅក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ អនាម័យ​ខ្ពស់ មិន​ប្រមូល​ផ្តុំគ្នា​លេងបៀរ ខ្លា​ឃ្លោក ល្បែងស៊ីសង​គ្រប់​ប្រភេទ ពោលគឺ​សកម្មភាព ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ ត្រូវតែ​គោរព​បទបញ្ជា របស់​រាជរដ្ឋាភិបាល គោរព​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ឆ្លង​ផុត​គ្រោះកាច​ចង្រៃ​ទាំងឡាយ​ទាំងពួង​។
​ចូរ​យើង​រាល់គ្នា​ថែរក្សា​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ កាត់បន្ថយ​ការ​ទៅមក​រកគ្នា ដើម្បី​ស្វែងរក​ការសប្បាយ ជល់​កែវ សើច​ក្អាកក្អាយ ជួបជុំ​មិន​សម​ហេតុផល មិន​សមជា​ពលរដ្ឋ​ថ្លៃថ្នូរ​នៃ​កម្ពុជា​។​
​ ​
​សូម​ទេព្តា​ឆ្នាំ​ថ្មី បណ្តេញ​មេរោគ​ចង្រៃ កូ​វីដ​១៩ ចេញពី​កម្ពុជា ចេញពី​ដែនដី​យើង​ផង ប៉ុន្តែ​យើងទាំងអស់គ្នា ត្រូវ​នាំគ្នា​រៀបចំ​ទទួល​ទេព្តា ក្នុងផ្ទះ​សម្បែង​រៀងៗ​ខ្លួន ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ គោរព​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ​ឱ្យបាន​ខ្ចា​ប់​ខ្ជួន សូមបញ្ជាក់ថា ព្រះ និង​ទេព្តា​ជួយ​តែ​ពលរដ្ឋ​ណា ដែល​បាន​ខិតខំ​ជួយ​ខ្លួនឯង ជាមុន ក្នុងការ​ប្រយុទ្ធប្រឆាំង និង​មេរោគ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​៕ ដោយ​៖ CEN​

spot_img
×