Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ កម្មការិនី វិលត្រឡប់​ពី​ចូលឆ្នាំ ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ​១៤​ ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​ចូលធ្វើ​ការងារ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានចេញ​លិខិត​មួយច្បាប់ ស្នើសុំ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់​វិធានការ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ លើក​ម្មករ កម្មការិនី ដែល​នឹង​វិលត្រឡប់​ចូល​បម្រើ​ការងារ​វិញ ​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ដើម្បី​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​១៩​។​

​ការស្នើ​បែបនេះ យោងតាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០២០ ​និង​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល ស្តីពី​នីតិវិធី​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅតាម​ផ្ទះ​ជា​លក្ខណៈ​បុគ្គល​។​

​លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ស្ថិតនៅក្នុង​ដំណាក់កាល​ដែល​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ ជាពិសេស​ការធ្វើដំណើរ​ចល័ត​របស់​បុគ្គល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដែល​មិនបាន គោរព​តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ​ដែល​មានការ​សម្រុក​ចេញទៅ​ស្រុកកំណើត​។ ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ ចំពោះ កម្មករ និយោជិត ដែល​នឹងត្រូវ​វិល​ត្រឡប់មក​កន្លែងធ្វើកា​រ​នៅតាម​រោងចក្រ សហគ្រាស​របស់​ពួកគាត់​វិញ​នោះ ក្រសួងសុខាភិបាល ​សូម​ស្នើ​ក្រសួង​ការងារ សហការ​ចាត់វិធានកា​រលើ​បុគ្គល​ទាំងនោះ ដោយ​ត្រូវ​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​(​ច​ត្តា​ឡី​ស័ក​) ​នៅ​កន្លែង​ស្នាក់នៅ​របស់​បុគ្គល​នោះ ក្នុង​រយៈពេល​១៤​ថ្ងៃ ជា​ចាំបាច់ ព្រមទាំង​មានការ​តាមដាន​ក្នុងការ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័កនិង​ត្រួតពិនិត្យ​តាមដាន​សុខភាព ពី​ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​ការងារ ហើយ​ប្រសិនបើ​មាន​បុគ្គល​ណា​ម្នាក់​មាន​បញ្ហា​សុខភាព ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​ការងារ ត្រូវតែ​ទំនាក់ទំនង​ទៅ​ក្រសួងសុខាភិបាល ដើម្បី​ជួយផ្តល់​អន្តរាគមន៍​ក្នុងការ​ពិនិត្យ និង​ធ្វើ​រោគវិនិច្ឆ័យ​បុគ្គល​នោះ បាន​ទាន់ពេលវេលា​។​

​យោងតាម​ក្រសួង​ការងារ បានឱ្យដឹងថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​នេះ កម្មករ និយោជិត​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប ទូទាំងប្រទេស​រហូតដល់​ទៅ​៩៥​ភាគរយបាន​គោរព​តាម​ការណែនាំរបស់​រាជរដ្ឋាភិបាល នៅ​ធ្វើ​ការងារ​ជាធម្មតា មិនមាន​ឈប់សម្រាក​នោះទេ​។​

​តែបើ​ទោះបីជា​យ៉ាងណា ក្នុងពេលដែល​រាជរដ្ឋាភិបាល ដាក់បទបញ្ជា ០២​បប ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​​គោលដៅ​បង្ការ និង​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ គឺមាន​កម្មករ​ក្នុង​វិស័យ​សំណង់ និង​វិស័យ​ដទៃទៀត ​ពួកគេ​បាន​សម្រុក​ទៅ​ស្រុកកំណើត មិនបាន​នៅ​បម្រើ​ការងារ​នោះឡើយ ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោង ៦:០០ នាទី ព្រឹក ប្រជាពលរដ្ឋ​កម្ពុជា អាចធ្វើ​ដំណើរ​បាន​ទូទាំងប្រទេស​ឡើងវិញ​ជាធម្មតា​ហើយ ។ សូម​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​សុវត្ថិភាព​ក្នុង​ក្រុមគ្រួសារ ។​

​រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​ស្តីពីការបញ្ចប់​សុពលភាព​បទបញ្ជា​លេខ​០២​បប ចុះ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២០ ស្តីពី​​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នៅត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃទី​ ១៦​ ខែមេសា ជា​កំហិត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ទទួលបាន​សេចក្តីសម្រេច​នេះ គ្រប់​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់ចែង​អនុវត្ត​ជាបន្ទាន់ និង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ​ដោយ​៖​កូ​ឡាប

spot_img
×