Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​អ៊ឺរ៉ុប ៖ ស្តាប់​ពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​

spot_img

​ភ្នំពេញ​៖ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី បាន​ថ្លែង​ប្រាប់​គណៈប្រតិភូ​ក្រុម​បេសកកម្ម​នៃ​សហគមន៍​អ៊ឺរ៉ុប ក្នុង​ការចុះ​ដោះស្រាយ​វិវាទសម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​នៅក្នុង​ខេត្ត​កោះកុង កំពង់ស្ពឺ និង​ព្រះវិហារ ឧត្តរមានជ័យ​។​

​នា​ល្ងាច​ថ្ងៃ​សុក្រ ថ្ងៃ​ទ​១៩ ខែ​មករា ឆ្នាំ ២០១៨ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមការងារ​ពិសេស (Adhoc) ក្រោម​ការសម្របសម្រួល​របស់ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជួបពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ជាមួយ​គណៈប្រតិភូ​ក្រុម​បេសកកម្ម​នៃ​សហគមន៍​អ៊ឺរ៉ុប​ដឹកនាំ​ដោយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​សហគមន៍​អ៊ឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ជំនួប​នេះ លោក ទេសរដ្ឋមន្ត្រី បាន​ជម្រាប​គណៈប្រតិភូ​អំពី​លទ្ធផល​ដែល​ក្រុមការងារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈកាល ៤ ខែ​កន្លងមកនេះ​ក្នុង​ការចុះ​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​នៅក្នុង​ខេត្ត​កោះកុង កំពង់ស្ពឺ និង​ព្រះវិហារ និង​ការប្រគល់​ភារកិច្ច​ជូន​អាជ្ញារ​ធរ​ខេត្ត​ឧត្តរមានជ័យ​ដោះស្រាយ​ករណី​ខាងលើ​តាម​យន្តការ​នៃ​ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច ។​

​ជាមួយគ្នានេះ លោក Nikolaos Zaimis ទីប្រឹក្សា​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​សហគម​ន៍​អ៊ឺរ៉ុប​បាន​ស្នើ​ឲ្យ​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដឹកនាំ​ដោយ លោក ទេសរដ្ឋមន្ត្រី នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម​៖ ១. រៀបចំ​ដាក់​បញ្ចូល​ករណី​វិវាទ​ទាំងអស់ រួម​ទាំង​វិវាទ​ដែល​ម្ចាស់​បណ្តឹង​បាន​ទទួល​សំណង​រួច ក្នុង​បញ្ជី​ដោះស្រាយ​រួមគ្នា​ក្នុងពេល​តែមួយ ដើម្បី​ចៀសវាង​ការតវ៉ា​មិន​ទទួលបាន​សំណង​ស្មើ​គ្នា​របស់​ម្ចាស់​បណ្តឹង​ដែល​បាន​ទទួល​សំណង​រួច​ពី​ក្រុមហ៊ុន​ដែល​អាច​បណ្តាល​ឲ្យ​ការដោះស្រាយ​វិវាទ​មិន​អាច​ឈាន​ដល់​ទីបញ្ចប់ ២. ស្នើ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​សម្រាប់​ខេត្ត​ឧត្តរមានជ័យ​ដូច​ខេត្ត​ទាំង ៣ ទៀត​ដែរ ៣. ស្នើ​ឲ្យមាន​ការចូលរួម​ដោះស្រាយ​វិវាទ​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ផ្សេងៗ​ដែលមាន​ចំណាប់អារម្មណ៍ និង ៤. ស្នើសុំ​របាយការណ៍​លម្អិត​ស្តីអំពី​ដំណើរការ​ដោះស្រាយ​វិវាទ​នៃ​ខេត្ត​ទាំង​៣ ។​

​ជា​ការឆ្លើយតប លោក ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​វិវាទ​នេះ ក្រុមការងារ​នឹង​ធ្វើ​ការដោះស្រាយ​វិវាទ​ដែល​ផ្តោត​ទៅលើ​បណ្តឹង​ដែល​មិនទាន់​ទទួលបាន​សំណង​ពី​ក្រុមហ៊ុន​រួច​ឲ្យបាន​រួចរាល់​ជា​មុន​សិន​ទើប​ត្រលប់​ទទួល​ពិនិត្យ​បណ្តឹង​ដែល​បាន​ទទួល​សំណង​រួច មានន័យ​ថា ក្រុមការងារ​ធានា​នឹង​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​នេះ​ឲ្យបាន​ចប់​ជា​ស្ថាពរ ។ សម្រាប់​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដោយសារ​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​រាជរដ្ឋាភិបាល​រួច ដូចនេះ ត្រូវ​ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​តាមរយៈ​ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច និង​ស្នើ​ស្ថានទូត​បញ្ជូន​ករណី​វិវាទ​ទាំងអស់​ដែល​បាន​ដាក់​ជូន​ស្ថានទូត មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច ។ លោក ទេសរដ្ឋមន្ត្រី បាន​បន្តថា ក្រសួង​តែងតែ​បើកទូលាយ​សម្រាប់​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ចូលរួម​សហការ​ដើម្បី​ដោះស្រាយ​វិវាទ​ជាមួយ​ក្រសួង ដោយ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ចូលរួម និង​ត្រូវ​សហការ​ចូលរួម​ដោយ​សកម្ម​ជាមួយ​ក្រុម​ការងារ​រហូត​ដល់​ទីបញ្ចប់ ។ លើសពីនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នឹង​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ជា​ភាសា​អន្តរជាតិ​ដើម្បី​ជូន​សាធារណជន​ជ្រាប​ជា​ព័ត៌មាន នៅ​សប្តាហ៍​ក្រោយនេះ ។​


​ក្នុង​នោះ​ផង​ដែរ លោក បាន សូរ​ស័ក រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ឲ្យ​គណៈប្រតិភូ​ជឿជាក់​លើ​យន្តការ​នៃ​ការដោះស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រកបដោយ​តម្លាភាព យុត្តិធម៌ និង​ខិតខំ​ដោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​ជា​ស្ថាពរ ពិសេស​ជឿជាក់​លើ​ក្រុមការងារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្រោម​ការសម្របសម្រួល​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​របស់ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ។​
​លោក ឯកអគ្គរដ្ឋទូត George Edgar បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការ​តាំងចិត្ត​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រុមការងារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដឹកនាំ​ដោយ លោក ជា សុផារ៉ា ក្នុង​ការ​សហការ​ដោះស្រាយ​វិវាទ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ដែល​ទទួលបាន​លទ្ធផល​យ៉ាងច្រើន​ក្នុង​រយៈពេល​ត្រឹម ៤ ខែ​កន្លងទៅ​នេះ ។ លោក នឹង​ធ្វើ​របាយការណ៍​ជូន​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​បាន​ជ្រាប​អំំ​ពី​វឌ្ឍនភាព​នេះ ។​
​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​ដែល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ផ្តល់នូវ​យុត្តិធម៌​និង​សច្ចៈ​ធម៌​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន រហូត​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​និង​សន្តិសុខ និង​មាន​ស្ថិរភាព​នយោបាយ​ពេញលេញ​រយៈកាល​កន្លងមក​នេះ​និង​សូម​ជូនពរ​ឲ្យ​ដំណើ​របេស​ក​កម្ម​ការទូត​របស់​គណៈប្រតិភូ ប្រកបដោយ​ជោគជ័យ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×