Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះបញ្ជី​ដី​រដ្ឋ នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច សំដៅ​កាត់បន្ថយ និង​លុបបំបាត់​ករណី​បទល្មើស កាប់​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ ធ្វើជា​កម្មសិទ្ធិឯកជន​

spot_img

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​ ២០២០ បាន​សេចក្តីប្រកាស​ព័ត៌មាន​ការចុះបញ្ជី​ដី​រដ្ឋ នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ដើម្បី​រៀបចំ​ឱ្យមាន វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ច្បាស់លាស់​សម្រាប់​ដែនជម្រកសត្វព្រៃ​ទាំងពីរ សំដៅ​កាត់បន្ថយ និង​លុបបំបាត់​ករណី​បទល្មើស កាប់​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ ធ្វើជា​កម្មសិទ្ធិឯកជន តាមរយៈ​ការ​រឹតបន្តឹង​វិធានការ​ច្បាប់​។​

​ក្រសួងបរិស្ថាន​មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​សាធារណជន​ឱ្យបាន​ជ្រាបថា ដោយមាន​កិច្ចសហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ការជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួង​បាននិងកំពុង​អនុវត្ត​ការចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ចំនួន​ពីរ គឺ “​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​” ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង និង “​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​” ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ជាពិសេស ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ឆ្នាំ​២០០៨ និង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​។

​នីតិវិធី និង​ដំណើរការ​នៃ​ការចុះបញ្ជី​ដី​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ ត្រូវបាន​ធ្វើឡើង​ទៅតាម​គោលការណ៍​នៃ​ការកំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង​តំបន់ការពារធម្មជាតិ គឺ​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍​សម្រាប់​តំបន់ការពារធម្មជាតិ​នីមួយៗ​។

​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា គោលបំណង​ចម្បង​នៃ​ការចុះបញ្ជី​ដី​រដ្ឋ​នេះ គឺ​ដើម្បី​រៀបចំ​ឱ្យមាន “​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​” ច្បាស់លាស់​សម្រាប់​ដែនជម្រកសត្វព្រៃ​ទាំងពីរ សំដៅ​កាត់បន្ថយ និង​លុបបំបាត់​ករណី​បទល្មើស កាប់​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន តាមរយៈ​ការ​រឹតបន្តឹង​វិធានការ​ច្បាប់ ក៏ដូចជា​រួមចំណែក​ដ​ល់​ការពង្រឹង​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ដែល​បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់ការពារធម្មជាតិ​ចំនួន ៥៧ កន្លែង និង​របៀង​អភិរក្ស​ជីវចម្រុះ​ចំនួន ៣ តំបន់ គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ប្រមាណ​ជាង ៧,២ លាន​ហិកតា​។​

​សកម្មភាព​អនុវត្ត​គម្រោង​ចុះបញ្ជី​ដី​រដ្ឋ​នេះ ត្រូវបាន​ចាប់​ផ្តើមឡើង​តាំងពី​ដើមឆ្នាំ​២០១៨ ហើយ​រហូតមក​ដល់ពេលនេះ សម្រេចបាន​លទ្ធផល​សំខាន់ៗ ដូចជា​៖ (​ក​) ក្រុមការងារ​បានបញ្ចប់​នីតិវិធី និង​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ​សម្រាប់​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ទាំងពីរ (​ខ​) ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ “​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​” ជូន​ក្រសួងបរិស្ថាន ចំនួន ១៨​ប័ណ្ណ ដែល​ក្នុងនោះ ១០ ប័ណ្ណ សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​សរុប ៤.៦៧២,៦១ ហិកតា និង ៨ ប័ណ្ណ សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប ៤៥.៥១៩,២៦ ហិកតា​។ ទន្ទឹមនឹងនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​បន្ត​ពិនិត្យ​ចេញ “​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​” សម្រាប់​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ហើយ​ក្រុមការងារ​អនុវត្ត​គម្រោង​បាននិងកំពុង​បន្ត​នីតិវិធី និង​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ​នៅក្នុង​តំបន់​ប្រើប្រាស់ ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​ទាំងពីរ ដូចជា​ការបិទ​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ក្បាលដី ក្នុង​រយៈពេល​១៥​ថ្ងៃ និង​ការចុះ​ប្រតិបត្តិ​សកម្មភាព​អាទិភាព​នៅ​ទីវាល​ជាក់ស្តែង​។​

​នេះ​គឺជា​លទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​គាំទ្រ និង​ជំរុញឱ្យមាន​ការចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ជា​លើកដំបូង ហើយក៏​ឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល លើ​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ផងដែរ​។ ក្រសួងបរិស្ថាន ដែលជា​សេនាធិការ របស់​រាជរដ្ឋាភិបាល ទទួលបន្ទុក​គ្រប់គ្រង​តំបន់ការពារធម្មជាតិ នឹង​បន្ត​ដកស្រង់​មេរៀន និង​បទពិសោធ​ពី​គម្រោង​នេះ ដើម្បី​កែសម្រួល​នីតិវិធី និង​ជំរុញ​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ដទៃទៀត នៅ​ទូទាំងប្រទេស​។

​ឆ្លៀត​ក្នុងឱកាស​នេះ ក្រសួងបរិស្ថាន ក៏​សូម​អំពាវនាវ​ដល់​សាធារណជន ជាពិសេស​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ សូម​បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​ក្នុង​ដំណើរការ នៃ​ការចុះបញ្ជី​ដី​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ ឱ្យបាន​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×