Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា ពិនិត្យ និង​ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​

spot_img

​ភ្នំពេញ​៖ អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៤​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។

​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៨:០០​នាទី ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស៊ឹម កា ប្រធានស្តីទី​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥៤​រូប​។​
​អង្គ​ប្រជុំបាន​ដំណើរការ ដោយមាន​របៀបវារៈ​តែ​មួយ​គឺ​៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន​គោលបំណង​កំណត់​អំពី បែបបទ នីតិវិធី និង​លក្ខខណ្ឌ នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រមទាំង​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​នៅពេលដែល​ប្រទេសជាតិ ត្រូវ​បានដាក់​ស្ថិតក្នុង​ភាពអាសន្ន ស្របតាម​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​នេះ មានគុណ​ប្រយោជន៍ ក្នុងការ​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដោយបាន​ផ្តល់​មូលដ្ឋាន​គតិយុត្ត ជាក់លាក់​ដល់​ការអនុវត្ត​មាត្រា​២២​ថ្មី មាត្រា​៨៦ មាត្រា​១០២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​នូវ​បែបបទ នីតិវិធី និង​លក្ខខណ្ឌ នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​អំពី សិទ្ធិអំណាច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា ក្នុងការ​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង ភាពអាសន្ន និង​ឱ្យ​រដ្ឋសភា ព្រឹទ្ធសភា​ទទួលបាន​ពី​រាជរដ្ឋាភិបាល នូវ​ការរាយការណ៍​ជាប្រចាំ​អំពី​វិធានការ​បានដាក់​ចេញ ក្នុងពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹង​អាច​ស្នើសុំ​ព័ត៌មាន​ចាំបាច់​បន្ថែម ផ្សេងៗ​ទៀត​ពី​រាជរដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការត្រួតពិនិត្យ និង​ការវាយតម្លៃ​អំពី​វិធាន​ការដែល​បាន ដាក់ចេញ​ក្នុងពេលដែល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន​។​

​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ៥​ជំពូក និង​១២​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១១៥​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ នា​សម័យប្រជុំ​លើក​ទី​៤ នីតិកាល​ទី​៦​។​

​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​ឯកឧត្តម​កើត រិ​ទ្ធ តំណាង​រាជរដ្ឋាភិបាល​និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មានប្រសាសន៍​បញ្ជាក់ថា សេចក្តីព្រាងច្បាប់ “​ស្ដីពី​ការ​គ្រប់ គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​” បានរៀបចំ​ឡើង​ស្របទៅតាម​មាត្រា ២២ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែងថា​នៅពេល​ប្រជាជាតិ​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹង ជា​សាធារណៈ​ដាក់​ប្រទេស ជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយក រដ្ឋមន្ត្រី​-​ប្រធានរដ្ឋសភា​និង​ប្រធានព្រឹទ្ធសភា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា ផ្អែក​តាម​មាត្រា ២២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ការ សម្រេច​ដាក់​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន គឺជា​ព្រះរាជសិទ្ធិ​នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវធ្វើឡើង​នៅពេល​ប្រជាជាតិ​ប្រឈម មុខ​នឹង​គ្រោះថ្នាក់ ដែលជា​ទូទៅ​បណ្ដាល មកពី​កាលៈទេសៈ​សង្គ្រាម ឬ​ការឈ្លានពាន​ពី​កម្លាំង​បរទេស ឬ​គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខ ភាព​សាធារណៈ​បណ្ដាលមកពី​ការឆ្លង​រាលដាល នៃ​ជំងឺ​ពេល​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​ជាតិ​និង​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​នៅពេល​មាន​គ្រោះ មហន្តរាយ​ធ្ងន់ធ្ងរ ដែល​គំរាមកំហែង​ឬ​អាច​បង្ក​គ្រោះថ្នាក់​រីក​រាលដាល​ដល់​កម្រិត​ទូទាំងប្រទេស​ជាដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា ការដាក់​ប្រទេស ជាតិ​ក្នុង​ភាពអាសន្ន​ចាំបាច់​ត្រូវ​មានមតិ​ឯកភាព​កំពូល​របស់​ស្ថាប័ន​ជាតិ​ចំនួន ៣​គឺ​៖​ប្រមុខ​រាជរដ្ឋាភិបាល ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា​។​

​ឯកឧត្តម​ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និង​ជា​អ្នក​នាំ ពាក្យ​ព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់​នេះ​គឺជា​មូលដ្ឋាន​គតិយុត្ត ដើម្បី​ឆ្លើយតប ទៅនឹង​ស្ថានភាព​របស់​ប្រទេស​ក្នុង​ភាពអាសន្ន សំដៅ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន​។ ជាពិសេស​ក្នុងស្ថានភាព​រីក​រាល ដាល​ជំងឺ​កូ​វីដ​១៩ ដែលជា​វិបត្តិ​សកល កាន់តែច្រើន ឡើង​ក្នុង​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៤​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ៕​ដោយ​៖​កូ​ឡាប​

spot_img
×