Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ឆ្លើយតប​ចំពោះ​ការរិះគន់​របស់ ការិយាល័យ នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លើ​ច្បាប់​ស្ដីពី “​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​” នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឆ្លើយតប​ចំពោះ​ការរិះគន់​របស់ ការិយាល័យ នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លើ​ច្បាប់​ស្ដីពី “​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​”​នៅ​កម្ពុជា​។ កម្ពុជា​ប្ដេជ្ញា​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន អនុលោម​តាម​មាត្រា​៤ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ប្រសិនបើ​មានការ​ប្រកាស​ដាក់​ប្រទេស​នៅក្នុង​ភាពអាសន្ន ហើយ​ច្បាប់​ស្ដីពី “​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​” ត្រូវបាន​យកមកអនុវត្ត ដើម្បី​ផលប្រយោជន៍​សាធារណៈ​។​

នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួងការបរទេស បានចេញ​សេចក្តីប្រកាស​៖ ប្រតិកម្ម​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី ឧ​ត្ត​ម​ស្នងកា​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ផ្ញើលិខិត​លេខ OL KHM 1/2020 ចុះ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ស្តីពី​លិខិត​រួមគ្នា​មួយច្បាប់​របស់​នីតិវិធី​ពិសេស​អង្គការសហប្រជាជាតិ ផ្ញើជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​នៅក្នុង​លិខិត​នោះ ក្រុមការងារ​នីតិវិធី​ពិសេស របស់​ការិយាល័យ នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បានបង្ហាញ​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី “​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​” នៅ​កម្ពុជា​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​បំភ្លឺ​១១​ចំណុច​ដូចខាងក្រោម​៖

១៖ វា​ជា​បញ្ហា​ធម្មតា​ទេ នៅពេលដែល​មានការ​ព្រួយបារម្ភ កាន់តែខ្លាំង​ចំពោះ​ការ​គម្រាមកំហែង​ដ៏​គួរឱ្យ​ភ័យខ្លាច និង​ហានិភ័យ​ដល់​អាយុជីវិត​មនុស្ស ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​រ៉ូ​ណា (​កូ​វីដ​១៩) ប្រទេស​ជាច្រើន​បាន​បង្ខំចិត្ត​ក្នុងការ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន និង​សុខភាព​សាធារណៈ ដោយមាន​ការដាក់​កម្រិត​ទៅលើ​សេរីភាព​នៃ​ការ​បម្លាស់​ទី​ការជួបជុំ និង​ឯកជន​ភាព​។ យ៉ាងហោចណាស់​ប្រទេស​ចំនួន​៧០ នៅ​ទូទាំង​ពិភពលោក បានប្រកាស​ដាក់​ប្រទេស​ឱ្យនៅ​ក្នុង​ភាពអាសន្ន និង​ចាត់វិធានការ​បិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។​

២៖ កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ចែង​ពី​ការកម្រិត​បណ្ដោះអាសន្ន​នូវ​សិទ្ធិ និង​សេរីភាព​ខ្លះ នៅក្នុង​ស្ថានភាព​អាសន្ន​។ ប៉ុន្តែ​ការ​រឹតត្បិត​ទាំងនោះ នឹង​ត្រូវបាន​កំណត់ដោយ​ច្បាប់ សម្រាប់​ជា​សារប្រយោជន៍​សា​ជា​រណៈ និង​ផលប្រយោជន៍​រួម​។​

៣៖ ប្រទេស​កម្ពុជា​ជា​ប្រកាន់យក​នូវ​គោលនយោបាយ និង​វិធានការ​ជាក់ស្តែង ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការផ្ទុះ​ឡើង​នូវ​ការឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។ ក្នុងចំណោម​វិធានការ​ផ្សេងទៀត​ដែល​បាន​ដាក់ចេញ​កន្លងមក គឺ​ការធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី “​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​” ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​ពិនិត្យ​ដោយ​ព្រឹទ្ធសភា​។​

៤៖ ខណៈពេលដែល​មាត្រា​២២ នៃ​រដ្ឋធម្មនុញ្ញ​អនុញ្ញាតឱ្យ​មានការ​ប្រកាស​ដាក់​ប្រទេស​ឱ្យនៅ​ក្នុង​ភាពអាសន្ន ច្បាប់​ស្ដីពី​ការប្រកាស​ភាពអាសន្ន​នេះ​នៅ​ពុំទាន់​មាននៅ​ឡើយ ហើយ​នេះ​ជាហេតុ​ផល​ដែល​នាំ ឱ្យមាន​សេចក្ដីព្រាងច្បាប់​បច្ចុប្បន្ន​នេះ​។​

៥៖ ច្បាប់​នេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់ ដោយ​លិខិតុបករណ៍​ជាតិ និង​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្សជាតិ ដូចជា រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា (​មាត្រា ២២ ថ្មី ៣១ មាត្រា ៨៦ និង ១០២ ថ្មី​) សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស (​មាត្រា ២៩) ICCPR (​មាត្រា ៤) ការបកស្រាយ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ រួមទាំង​សេចក្ដីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។​ល​។​

៦៖ ដូច​ច្បាប់​ស្ដីពី “​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​” នៅ​ទូទាំង​ពិភពលោក​ដែរ សេចក្ដីព្រាងច្បាប់​នេះ​ចែង​អំពី​នីតិវិធី និង​លក្ខខណ្ឌ​សម្រាប់​ប្រកាស​ភាពអាសន្ន ការដាក់ចេញ​នូវ​វិធានការ​ដោយ​រដ្ឋាភិបាល កាតព្វកិច្ច​នៃ​ការរាយការណ៍​របស់រ​ដ្ឋា​ភិ​បាល និង​ការដាក់ទណ្ឌកម្ម​ចំពោះ​ការរារាំង និង​ការរំលោភ​លើ​វិធានកា​របស់​រដ្ឋាភិបាល​។ ច្បាប់​ត្រូវ​ចែង​ពី​ការដាក់ទណ្ឌកម្ម​ចំពោះ​ការមិន​គោរព​តាម ដើម្បី​ធានាឱ្យមាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​។ បើ​ប្រៀបធៀប​ទៅនឹង​ច្បាប់​របស់​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប សេចក្ដីព្រាងច្បាប់​កម្ពុជា គឺមាន​លក្ខណៈ​ធូរស្រាល​ជាង ទាំង​អំណាច និង​វិ​ន​ការដាក់ទោស​នានា​។​

៧៖ នៅពេល​អនុវត្ត​ច្បាប់ គោលការណ៍​គណនេយ្យភាព សមាមាត្រ​ភាព និង​ភាពចាំបាច់ ត្រូវ​យកមកអនុវត្ត​។ អំណាច​ដែល​ប្រគល់ជូន​រដ្ឋាភិបាល​សម្រាប់​ការចាត់វិធានការ​នៅពេល​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន មិនមែនជា​អំណាច​គ្មាន​ដែន​កំណត់​នោះទេ​។ មាត្រា ៨៦ និង​មាត្រា ១០២ ថ្មី នៃ​រដ្ឋធម្មនុញ្ញ ចែង​អំពី​យន្តការ​ត្រួតពិនិត្យ​ដោយ​សភា​ទាំងពីរ​ថ្នាក់​របស់​កម្ពុជា​។ បន្ថែម​ពីលើ​នេះ មន្ត្រី​អនុវត្ត​ច្បាប់ ដែល​អនុវត្ត តាម​អំពើ​ចិត្ត និង​បំពាន​ច្បាប់ នឹងត្រូវ​ផ្តន្ទាទោស​ដោយ​តុលាការ​។​

៨៖ ច្បាប់​ស្ដីពី “​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ” នឹងត្រូវ​យកមកអនុវត្ត​តែ​ក្នុងស្ថានភាព​ចាំបាច់ ដែល​ត្រូវការ​វិធានការ​បន្ថែម និង​សេចក្ដីត្រូវការ​ចាំបាច់​ស​ម្រា​ប់​ការពារ និង​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន សុខភាព​សាធារណៈ ផលប្រយោជន៍​សាធារណៈ និង​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​។ ម្យ៉ាងទៀត ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ត្រូវ​ប្រកាស​នៅក្នុង​រយៈ ពេល​កំណត់​ជាក់លាក់​នៅ​ទូទាំងប្រទេស ឬ​ក្នុង​វិសាលភាព​ភូមិសាស្ត្រ​ជាក់លាក់​ណាមួយ ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​មិនអាច​គ្រប់គ្រង​បាន​។​

៩៖ កម្ពុជា​ប្ដេជ្ញា​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន អនុលោម​តាម​មាត្រា​៤ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ប្រសិនបើ​មានការ​ប្រកាស​ដាក់​ប្រទេស​នៅក្នុង​ភាពអាសន្ន ហើយ​ច្បាប់​ស្ដីពី “​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​” ត្រូវបាន​យកមកអនុវត្ត ដើម្បី​ផលប្រយោជន៍​សាធារណៈ​។​

១០៖ នៅក្នុង​គ្រា​ដែល​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ មាន​ភាព​ធ្ងន់ធ្ងរ ការ​អះអាងថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង ប្រទេសជាតិ​ក្នុង​ភាពអាសន្ន ជាការ​រំលោភ​សិទ្ធិមនុស្ស គឺជា​ការអះអាង​មិន​ត្រឹមតែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជាការ​បង្ហាញ​ពី​ការអនុវត្ត​សិទ្ធិមនុស្ស​ដោយ​រើសមុខ និង​លម្អៀង​។ នេះ​គឺជា​កាតព្វកិច្ច​ជាស​កល សម្រាប់​អាជ្ញាធរ និង​ស្ថាប័ន​នានា រួមទាំង​អង្គការ​សុខភាព​ពិភពលោក និង ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​ធានា និង​ការពារ អាយុជីវិត​របស់​ប្រជាជន​។​

១១៖ ទោះយ៉ាងណា​ក្ដី និង​ដោយ​មិន​និយាយ​ដល់​ការព្រួយបារម្ភ​ដែល​សំដៅ​មកលើ​តែ​កម្ពុជា ប្រការនេះ​មិនត្រូវ​ធ្វើឱ្យ​ខូចខាត​ដល់​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ក្នុងការ​គាំពារ​អាយុជីវិត​ប្រជាជន និង​សុខភាព​សាធារណៈ ការពារ​សន្តិសុខ​ជាតិ និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​នោះឡើយ​។ ការអនុវត្ត​នេះ​វា​ស្ថិត នៅក្នុង​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋាភិបាល ដែលជា​អ្នក​បំពេញ​ករណីយកិច្ច ដើម្បី​ការពារ និង​ធានា ប្រជាជន​របស់ខ្លួន ពី​ការ​គម្រាមកំហែង និង​គ្រោះថ្នាក់​នានា​គ្រប់​ប្រភេទ ដល់​ស្ថាន​ភាពអាសន្ន​នៃ​សុខភាព​សាធារណៈ និង​ការរីក​រាលដាល​នៃ​ជំងឺ ដែល​កើតចេញពី​ឧបទ្ទវហេតុ​នៃ​សង្គ្រាម និង​ការ ឈ្លានពាន​របស់​បរទេស​៕​ដោយ​៖​កូ​ឡាប​

spot_img
×