Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ សាងសង់​ផ្លូវ​លេខ ​១៤៦ ​បេ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់ និង​កុងតឺន័រ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ថ្ងៃ​សុក្រ ទី​១៧ ខែមេសា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យមើល​ដំណើរការ​ចាប់ផ្តើម​សាងសង់​ផ្លូវ​លេខ​១៤៦​បេ (​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព វង្ស​) ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រុមហ៊ុន​សាងសង់ និង​ភាគី​ពាក់ព័ន្ធ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់ សំដៅ​ធានា​ឱ្យបាន​តាម​ស្តង់ដា​ដែល​អាច​ទទួលយកបាន ពោលគឺ​ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។

​គម្រោង​សាងសង់​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤៦​បេ ឬ​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ ទេព វង្ស មាន​ប្រវែង​សរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពី​បំបែក​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ដល់​រង្វង់​មូល​ស្ទឹងហាវ ស្ថិតនៅ​ភូមិ​១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ និង​បន្ត​រហូត ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ សាងសង់​ដោយ​ចាក់​បេតុង​កៅស៊ូ​AC កម្រាស់​៩​សង់​ទី ម៉ែត្រ ប្រវែង​២០,៦៧៨​គីឡូម៉ែត្រ និង​ចាក់​បេតុង សរសៃដែក​កម្រាស់​២៦​សង់ទីម៉ែត្រ​ប្រវែង ២២,៣៤៧ គីឡូម៉ែត្រ​។​

​កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន China Road & Bridge Corporation Co.Ltd (CRBC) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ផ្លូវថ្នល់ នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​នាយកដ្ឋាន​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​២៨​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ គ្រោង​ចំណាយ​ថវិកា​ចំនួន ៧៦.៨៨៨.០០០ ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​កញ្ចប់​ថវិកា​១០០​លាន​ដុល្លារ​អាមេរិក ដែលជា​ថវិកា​សន្សំ​រប​ស់​ជាតិ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ កំណាត់​ផ្លូវ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​ប​ម្រើ ឱ្យ​ការដឹកជញ្ជូន​ទំនិញ​នាំចេញ​-​ចូល​តាម​នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្ទឹងហាវ ក៏ដូចជា​បងប្អូន​រស់​នៅ​តំបន់​ទំនប់រលក​ចាស់ នៃ​ក្រុងព្រះសីហនុ ទៅកាន់​ទីផ្សារ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច និង​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ការ​កាត់ បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៤ ចំពោះ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ដូចជា​កុងតឺន័រ ជាដើម​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​សាងសង់ និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ ប្រវែង​៦,៧០​គីឡូម៉ែត្រ គិត​ចាប់ពី​គីឡូម៉ែត្រ​លេខ​២១៦+០០០ ដល់​គីឡូម៉ែត្រ​លេខ ២២២+៧០០ ដោយ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់​២៩​ម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២០ គ្រោង​ចំណាយពេល​សាងសង់​១៨​ខែ អនុវត្ត​ការសាងសង់​ដោយ​កងវិស្វកម្ម តេ​ជោ ហ៊ុន សែន សៀមរាប និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​គិត​ត្រឹម​ចុង​សប្ដាហ៍​ទី​២​នៃ​ខែមេសា ឆ្នាំ​២០២០ គម្រោង​នេះ​សម្រេចបាន​៤,៨១% ហើយ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ផ្ដាំ​ផ្ញើឱ្យ​ក្រុមហ៊ុន​សាងសង់​យកចិត្តទុកដាក់​ក្នុងការ​សាងសង់ ដោយ​គោរព​តាម​បទដ្ឋាន​សាងសង់ និង​សៀវភៅ​បន្ទុក​ដែល​បាន​ព្រមព្រៀង​៕

​ដោយ​៖​កូ​ឡាប​

spot_img
×