Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​គ្រឹះ​កំពែង​បុរាណ នៅ​ជុំវិញ​ប្រាសាទលលៃ ដែល​កប់​ក្នុង​ដី ជាង​ ១០០ ​ឆ្នាំ ក្រោម​សំណង់​សាសនា​សម័យ​ក្រោយៗ​

spot_img

សៀមរាប​៖ ប្រាសាទលលៃ​បច្ចុប្បន្ន​មាន​ទីតាំងនៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង គឺជា​កោះ​ដ៏​ពិសិដ្ឋ ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ឥន្ទ្រ​ត​ដាក (​បារាយណ៍​លលៃ​) នា​បុរាណកាល​។​

​ទីនេះ​បាន​ប្រែប្រួល​បន្តិច​ម្តងៗ ដោយ​ការរៀបចំ​ថ្មី និង​មាន​សំណង់​សាសនា​មួយចំនួន តាម​សម័យកាល​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​នៅ​ចុងឆ្នាំ ២០១៩ សំណង់​សាសនា​ទាំងនោះ​ត្រូវបាន​ព្រះគ្រូ ចៅអធិការ​វត្ត​លលៃ អាចារ្យ​និង​គណៈកម្មការ​គ្រប់គ្រង​វត្ត​លលៃ​ទាំងអស់ ព្រមទាំង​ពុទ្ធបរិស័ទ​ជុំវិញ​វត្ត ជាពិសេស​ការឯកភាព​ពី​សំណាក់​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស ព្រមទាំង​ការជួយ​ជ្រោ​ម ជ្រែង​ពី​ក្រុមប្រឹក្សា​វត្ត​អារាម​ក្នុង​តំបន់​ឧទ្យាន​អង្គរ ដែលមាន​ព្រះមហា​វិមលធម្ម សិរី​សុ​វ​ណ្ណោ ពិន សែម ជា​ព្រះប្រធាន​កិត្តិយស ព្រះ​សុ​មង្គល​សិលា​ចា​រ្យ អាភាក​រោ ជុំ គឹម​ឡេង ជា​ព្រះប្រធាន​នៃ​ក្រុមប្រឹក្សា​វត្ត​អារាម​ក្នុង​តំបន់​ឧទ្យាន​អង្គរ សម្រេច​រំកិល​ចុះមក​ក្រោម ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​អភិរក្ស​និង​ស្រាវជ្រាវ​បុរាណវិទ្យា​។​

​ក្នុងន័យនេះ នា​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២០ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ និង​ប្រទះឃើញ​អាថ៌កំបាំង ដ៏​អស្ចារ្យ​នៃ​រចនាសម្ព័ន្ធ​សំណង់​បុរាណ​ជាច្រើន​ដូចជា ខ្លោងទ្វារ​ចូល កម្រាល​ឥដ្ឋ កុលាលភាជន៍ និង​ជញ្ជាំង​កំពែង ដែល​បាន​កប់​ក្នុង​ដី​ក្រោម​សំណង់​សាសនា តាំងពី​សម័យ​អាណានិគម​បារាំង​មក​។

​ការប្រទះឃើញ​រចនាសម្ព័ន្ធ​ដ៏​សម្បើម​នេះ គឺជា​ការផ្តល់​នូវ​ទិន្នន័យ​ថ្មីៗ សម្រាប់​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និង​កិច្ចការ​អភិរក្ស អភិវឌ្ឍន៍ និង​លើក​តម្លៃ​ប្រាសាទលលៃ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។​

​លោក ថូ ថុ​ន ប្រធាន​ក្រុម​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទលលៃ បានឱ្យដឹងថា ក្រុមការងារ​បាន​បើក​រណ្តៅ​កំណាយ បាន​ចំនួន​១០​រណ្តៅ នៅក្រោម​អតីត​សំណង់​សាសនា នៅ​ផ្នែក​ខាងកើត ខាងជើង និង​ខាងលិច ហើយ​បាន​ប្រទះឃើញ​រចនាសម្ព័ន្ធ​សំណង់​ខ្លោងទ្វារ ចូល​ទាំង​៣​ទិស កំពែង​៣​ជាន់​ព័ទ្ធជុំវិញ​តួ​ប៉ម​ទាំង​៤​នៃ​ប្រាសាទ រចនាសម្ព័ន្ធ​កំពែង​ប្រាសាទ​ក្នុង​ក្រៅ កម្រាល​ថ្មបាយក្រៀម កម្រាល​ឥដ្ឋ​ជាច្រើន​ទីតាំង ចម្លាក់​ដែលមាន​ក្បាច់លម្អ រួម​នឹង​ភាពខុសគ្នា​នៃ​ខឿន​ប្រាសាទ​ត្រង់​ព្រះវិហារ​។​

​ទាក់ទង​នឹង​មូលហេតុ​នៃ​ការ​កប់​រចនាសម្ព័ន្ធ​ប្រាសាទ​នៅក្នុង​ដី​នេះ លោក ថូ ថុ​ន សន្និដ្ឋានថា ប្រហែល​បណ្តាល មកពី​ការសាងសង់​នា​សម័យ​ក្រោយៗ ភ្លេច​គិតថា​មាន​អ្វី​ក្រោម​ដី ព្រោះ​មាន​ដី​លុប​ពីលើ​សំណង់​បុរាណ​បាត់អស់​។ រីឯ​ការអភិវឌ្ឍ​សំណង់​នា​សម័យ​ក្រោយៗ ក៏​ពុំបាន​ធ្វើឱ្យ​សំណង់​បុរាណ​ក្រោម​ដី​នេះ រង​ការបំផ្លាញ​ច្រើន​ទេ ព្រោះ​ចាស់ៗ​បាន​រក្សា​ផ្នែក​ខាងក្នុង ដោយ​កម្រាល​ឥដ្ឋ និង​ខាងក្រៅ​ក្រាល​ថ្មបាយក្រៀម​ដើម្បី​ការពារ៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×