Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី​១ ខែឧសភា​តទៅ នគរបាល​នឹង​ចាប់ផ្ដើម​អនុវត្ត​ការពិន័យ​អន្តរការណ៍ ល្មើស​នឹង​ច្បាប់​ចរាចរណ៍​តាម​អនុក្រឹត្យ​ថ្មី ដែល​ប្រាក់​ពិន័យ​បាន​តម្លើង​ពី​៣ ទៅ ៥​ដង​

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានប្រកាស​នៅថ្ងៃនេះ អំពី​អត្រា​ធ្លាក់ចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២០​នេះ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​គូសបញ្ជាក់ថា នៅ​១​ត្រីមាស​នៃ​ឆ្នាំ​២០២០​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា បាន​ថយចុះ​១៥០​លើក ស្មើ​១៤​ភាគរយ​, ចំនួន​អ្នកស្លាប់​បាន​ថយចុះ​២០​នាក់ ស្មើ​៤​ភាគរយ និង​អ្នករបួស បាន​ថយចុះ​២៧៧​នាក់ ស្មើ​១៧​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។

​អត្រា​ធ្លាក់ចុះ​ទាំង​ចំនួន​គ្រោះថ្នាក់ អ្នកស្លាប់ និង​របួស​នេះ គឺជា​លទ្ធផល​កើតឡើង​ក្នុង​បរិបទ ដែល​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ជំរុញ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​យ៉ាងសកម្ម​នៅ​ទូទាំងប្រទេស ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​កំណើន​យ៉ាងគំហុក​កាលពី​ឆ្នាំ​២០១៩​។​

​ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។​

​សូមបញ្ជាក់ថា កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នឹង​អនុវត្ត​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ​ថ្មី ដែល​ប្រាក់​ពិន័យ​ត្រូវបាន​បង្កើន​ពី​៣​ទៅ​៥​ដង​ឯណោះ បើ​ធៀប​នឹង​អនុក្រឹត្យ​ចាស់ ដើម្បី​ជំរុញ​ការគោរព និង​អនុវត្ត​ច្បាប់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​អ្នកដំណើរ​។​

​ដូច្នេះ​សូម​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ពិសេស​នគរបាល​ចរាច​រណ៍ បន្ត​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​តួនាទី​ភារកិច្ច ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​សូម​បងប្អូន​ជនរួមជាតិ​គោរព​ច្បាប់ និង​បើកបរ​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ដើម្បី​សេចក្ដីសុខ និង​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​៕ ដោយ​៖​កូ​ឡាប​


spot_img
×