Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ មានការ​សង្ស័យ​ផ្ទុកមេរោគ​កូ​វីដ​១៩ សូម​អញ្ជើញ​មក​ធ្វើតេស្ត​នៅ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន

spot_img

​ប៉ៃលិនៈ គ្រូពេទ្យ​ជំនាញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស ដែលមាន​ការសង្ស័យថា​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ សូម​អញ្ជើញ​មក​ធ្វើតេស្ត​នៅ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សំណេះសំណាល និង​ប្រគល់​សម្ភារ​សម្រាប់​គ្រូពេទ្យ​ជួរមុខ នៅតាម​មន្ទីរពេទ្យបង្អែក និង​តាម​មណ្ឌល​សុខភាព​ដើម្បី​ចូលរួម អនុវត្តន៍ យ៉ាង​ម៉ឺងម៉ាត់​នូវ វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០ ។​

​ឯកឧត្តម ផាន់ ចាន់​ធុល បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​ក្រុមគ្រូពេទ្យ ជំនាញ​ដែល​បាន​ខិតខំ បំពេញភារកិច្ច ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ពិនិត្យ​តាមដាន សុខភាព​ជូន​ប្រជាពលរដ្ឋ​។ សូម​សម្ដែង​ការលើកទឹកចិត្ត​ខ្ពស់ ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បានរួម សហការ គ្នា​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការសង្ស័យ ឬ​ទើប​វិល​មកពី​ក្រៅប្រទេស ឱ្យមក​ពិនិត្យ​សុខភាព និង​ចូលរួម​អនុវត្តន៍ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​គួរកត់សម្គាល់​ផងដែរ​ថា បងប្អូន ប្រជាពលរដ្ឋ ពិសេស​ប្រជា​ពលករ​ខ្មែរ ដែល​ទើប​វិល​មកពី​ក្រៅប្រទេស មាន​ស្មារតី ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ ដើម្បី​ពិនិត្យ​តាមដាន​សុខភាព និង​ចូលរួម​បញ្ចៀស​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដល់​អ្នកដទៃ​។ នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ទប់ ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា និង​នៅលើ​ពិភពលោក​ផងដែរ​។​

​លោក​អនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទី​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការសង្ស័យ មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ សូម​អញ្ជើញ​មក​ធ្វើតេស្ត​នៅ មន្ទីរ ពេទ្យ បង្អែក​ខេត្ត​ប៉ៃលិន ពិសេស​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស​វិញ សូម​ស្តាប់​តាម​ការណែនាំ និង​សារ​អប់រំ​សំខាន់ៗ របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ រីក​រាលដាល​ជំងឺ​កូ​វីដ ១៩៕​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×