ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២០នេះ បានចេញប្រកាសព័ត៌មានថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន ដើម្បីដាក់ឲ្យដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំងនិងផ្សព្វផ្សាយវីដេអូបង្រៀន ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
សិស្សានុសិស្សអាចទស្សនាវីដេអូបង្រៀនតាមរយៈ៖
១. ទូរទស្សន៍ជាតិកម្ពុជាទី២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់ការអប់រំ
២. ការបញ្ជូនបន្តដោយថាសផ្កាយរណបតេជោ TV ឬ Dtv ប៉ុស្តិ៍លេខ២២ ទៅកាន់តំបន់ជនបទ
៣. ប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបថ្មី ដែលទើបបង្កើតនៅគ្រប់ខេត្ត-រាជធានី និងតំបន់ទីប្រជុំជន
៤. គេហទំព័រមជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិករបស់ក្រសួងអប់រំ ដែលមានតំណភ្ជាប់៖ https://elearning.moeys.gov.kh/
៥. ការប្រើ Smartphone ដើម្បីប្រើប្រាស់ App របស់ក្រសួងព័ត៌មាន
កម្មវិធីសិក្សានេះនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹកតទៅ និងមានការចាក់ផ្សាយឡើងវិញ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិធីអប់រំកុមារតូច ដោយអនុញ្ញាតឱ្យសិស្សានុសិស្សទស្សនាដោយឥតគិតថ្លៃ។ សូមជម្រាបថា កម្មវិធីសិក្សានេះត្រូវបានដំណើរការ ខណៈដែលការសិក្សានៅកម្ពុជាត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារជំងឺកូវីដ-១៩។ តែទោះបីសាលារៀនបើកដំណើរការឡើងវិញក្ដី ក៏ប៉ុស្តិ៍ទូរទស្សន៍មួយនេះ ក៏នៅតែបន្តចាក់ផ្សាយកម្មវិធីអប់រំជាច្រើនទៀតដដែល។
មុនដំណើរការកម្មវិធីចាក់ផ្សាយនាថ្ងៃនេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរៀបចំកិច្ចប្រជុំពិភាក្សាការងារក្រោមការដឹកនាំដោយឯកឧត្ដម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពិនិត្យ និងសម្រេចលើចំណុចផ្សេងៗ ព្រមទាំងធ្វើទស្សនកិច្ចនៅក្នុងបន្ទប់ស្ទូឌីយោនៃទូរទស្សន៍តេជោឌីធីវី ដើម្បីធានាបានថាការចាក់ផ្សាយនាថ្ងៃស្អែកនេះដំណើរទៅដោយភាពរលូន បម្រើដល់តម្រូវការរបស់សិស្សានុសិស្ស។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងថា សូមប្អូនៗក្មួយៗអ្នកសិក្សាទាំងអស់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ តាមដានទស្សនាកម្មវិធីផ្សាយពីការបង្រៀនមេរៀនថ្នាក់ទី១-១២ និងកម្មវិធីអប់រំកុមារតូច តាមរយៈទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 ដែលជាប៉ុស្ថិ៍ទូរទស្សន៍ ទើបបង្កើតថ្មី សម្រាប់ការអប់រំ និងផ្កាយរណប តេជោឌីធីវី ប៉ុស្ថិ៍លេខ២២ និងប៉ុស្ថិ៍ខ្សែកាបផ្សេងទៀត នៅតាមបណ្តារាជធានី/ខេត្ត ចាប់ពីថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះ តទៅ ។ កម្មវិធីនេះចាប់ផ្តើមចាក់ផ្សាយពីម៉ោង ៨:០០ព្រឹក តទៅ និងចាក់ផ្សាយឡើងវិញ ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិធីអប់រំកុមារតូច ដោយអនុញ្ញាតឱ្យសិស្សានុសិស្សទស្សនាដោយឥតគិតថ្លៃ។
សូមជម្រាបថា កម្មវិធីសិក្សានេះត្រូវបានដំណើរការ ខណៈដែលការសិក្សានៅកម្ពុជា ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារជំងឺកូវីដ-១៩ ៕ ដោយ៖កូឡាប
ខាងក្រោមនេះជា កម្មវិធីចាក់ផ្សាយវីដេអូមេរៀន ថ្នាក់ទី១ ដល់ទី៦ និងថ្នាក់ទី៩ ដល់ទី១២ សម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០៖