Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ លើ​ការស្នើសុំ​សេវា​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​

spot_img

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ធ្វើយ៉ាងណា​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ លើ​ការស្នើសុំ​សេវា​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​។​

​នា​រសៀល​ថ្ងៃ​ចន្ទ ទី​២០ ខែមេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្ដីពី​បែបបទ នៃ​ការបញ្ជូន​ឯកសារ​ស្នើសុំ​សេវា​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំង​១៤ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ខណ្ឌ និង​ភូមិបាល​ខណ្ឌ ត្រូវតែ​យកចិត្តទុកដាក់ នៃ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ លើ​ការផ្ដល់សេវា​សុរិយោដី ។ ថ្នាក់ជាតិ មានការ​កែសម្រួល​ជាច្រើន រហូត​ទៅដល់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានធ្វើការ​កែសម្រួល​មួយចំនួន​ផងដែរ​។ ប៉ុន្តែ​កិច្ចការងារ​នេះ នៅតែ​មិនទាន់បាន​ល្អប្រសើរ​នៅឡើយ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល សម្រេច​ផ្ទេរ​មុខងារ​នេះ មក​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើយ៉ាងណា​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​ឯកឧត្តម បាន​បន្តថា “​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ កន្លងមកនេះ​ឃើញថា បានល្អ​ប្រសើរ​ហើយ ប៉ុន្តែ​យើង​នៅតែ​ខ្វះខាត ទៅនឹង​អ្វីដែល​ជាការ​ណែនាំ​របស់​ក្រសួង​ដែនដី​។ ការផ្ទេរ​មុខងារ​មក​ថ្នាក់ក្រោម​ជាតិ​នេះ គឺ​ធ្វើយ៉ាងណា​ឲ្យ ការ​សេវា​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព មាន​តម្លាភាព និង​មាន​ល្បឿន​លឿន​។ អភិបាលខណ្ឌ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ហើយ​នៅពេល​ខាងមុខនេះ សេវា​សុខាភិបាល និង​បន្ថែម​មួយទៀត មក​ថ្នាក់ក្រោម​ជាតិ​
​ដែល​យើង​ត្រូវតែ​ទទួល និង​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​។ ការងារ​នេះ ទទួលបាន​ជោគជ័យ លុះត្រាតែ​អភិបាលខណ្ឌ​ទាំងអស់ យកចិត្តទុកដាក់ ពិនិត្យ ទៅ​ថ្នាក់​សង្កាត់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ជំរុញ ការងារ​នេះ​ឲ្យ​បានល្អ​ប្រសើរ​”​។​

​ឯកឧត្តម បាន​បន្ថែមទៀតថា កន្លងមក​យើង​អនុវត្តបាន​ល្អប្រសើរ​ហើយ ពិសេស​គឺ​ការបង្កើត​ឲ្យ​មាន​ក្រុម​បដិសណ្ឋារកិច្ច នៅ​ថ្នាក់​សង្កាត់ ដើម្បី​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ដែលថា “​ចង់​ជួប​ចៅសង្កាត់​ពិបាក​ជាង​ជួប​រដ្ឋមន្ត្រី​” ពាក្យ​ទាំងនេះ បាន​សាបរលាប​ទៅ​បាត់​ហើយ​។ ក្នុងនាម​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ជាតិ​
​យើង​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​ហើយ​ទៅ នៅ​ថ្ងៃ​ខាងមុខ សង្កាត់​នឹងមាន​ច្រកចេញ ចូល​តែមួយ​ដែរ ហើយ ហើយ​វា​ក៏​ជិត​នឹង​ដល់ពេល​បោះឆ្នោត ថ្នាក់​សង្កាត់​នៅ​ឆ្នាំ​២០២២​ផងដែរ ។ ការកែទម្រង់​បើ​មិនបាន​ល្អ​ទេ គេ​មិន​ធ្វើការ​កែទម្រង់​នោះទេ​។ ដូច្នេះ​ទេ​យើង​ត្រូវតែ​ហ្មត់ចត់ ហើយ​អ្វីដែល​ខុសត្រូវ​តែ​កែ​ឲ្យ​ហើយ​ទៅ កុំ​ឱ្យគេ​ធ្វើ​អធិការកិច្ច​ទាន់​។​

​គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ធានា​និរន្តរភាព និង​ប្រក្រតីភាព នៃ​ការងាររដ្ឋបាល និង​ការផ្ដល់​សេវាសាធារណៈ ក្នុង​ដំណើរការ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ខណ្ឌ​​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព ក៏​ដូច​ព​ន្លឿ​ន​នីតិវិធី និង​រយៈពេល​នៃ​ការផ្ដល់សេវា ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ សំដៅ​ជួយ​សម្រួល​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បញ្ចៀស​បាន​នូវ​ការ​ថ្នាំងថ្នាក់ ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​សេវា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ឱ្យ​អភិបាលខណ្ឌ​ទាំង ១៤ អនុវត្ត​ខ្លឹមសារ នៃ​ក្របខ័ណ្ឌ​កែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងមហាផ្ទៃ ដែល​ក្នុងនោះ មាន​ចំណុច​មួយ បានបញ្ជាក់​យ៉ាងច្បាស់ ពី​ការប្រគល់សិទ្ធិ​ក្នុងការ​ចុះហត្ថលេខា​តាម​បញ្ជា (​ត​.​ប​)​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សាមី ជូន​ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ខណ្ឌ ដោយ​ប្រើប្រាស់​ត្រា​របស់​ការ​រិ​យា​ល័យ​ផ្ទាល់ ក្រោយពី​មានការ​បញ្ជាក់​ស្នាម​មេដៃ​ពី ចៅសង្កាត់​ក្នុង​សំណុំ​ឯកសារ​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ រួច​ត្រូវធ្វើ​ដីកា​បញ្ជូន​ផ្ទាល់​ទៅ​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ តាម​នីតិវិធី​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×