Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​អាមេរិក មក​ពឹង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ឱ្យជួយ​ដោះស្រាយ​រឿងក្តី បន្ទាប់ពី​តុលាការ​ខេត្តកំពត តម្កល់​សំណុំរឿង​ទុក​មិន​ដោះស្រាយ​

spot_img

លោក​វីលាម​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​នៅ​ថ្ងៃទី 21 ខែមេសា​បាន​សរសេរ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា​ «​សុំ​កុំ​ស្រេកឃ្លាន​ប្រយោជន៍​រហូត​សុខចិត្ត​បោក​ជនជាតិ​បរទេស​ដែលនាំអោយ​ជាតិ​អាប់អោន​កេរ្តិ៍ឈ្មោះ​» ។​

​លោក​បន្តថា ​ជនជាតិ​អាមេរិក ឈ្មោះ ថម បានមក​ប្ដឹង​ខ្ញុំ​ដេី​ម្បី​អោយ​ខ្ញុំ​ជួយ​អន្តរាគមន៍​និង​ពិនិត្យ​មេី​ល​ចំណាត់ការ​របស់​ព្រះរាជអាជ្ញា​ជុំវិញ​ការតម្កល់​រឿង​ឥត​ចាត់ការ ពាក់ព័ន្ធ​ករណី​ជនជាតិខ្មែរ​២ នាក់​ប្ដី​ប្រពន្ធ​ឆបោក​ប្រាក់​របស់គាត់​អស់ពី​ខ្លួន ។

​ការសាកសួរ​បឋម នឹង​ជាការ​អះអាង​របស់​ជន​រងគ្រោះ ជនជាតិ​បរទេស​រូបនេះ មានឈ្មោះ​ពេញ obrien georger allen ជនជាតិ​អាមេរិកកាំង ជា​អ្នកនេសាទ​ម្នា​ក់នៅ រដ្ឋ​អា​ឡា​ស្កា និង​ជា​មនុស្ស​កំព្រា ម្ដាយ​ឪពុក​ស្លាប់​អស់ គ្មាន​បងប្អូន ប្រពន្ធ​កូន​ឡេី​យ ។ គាត់​បាន​ស្រឡាញ់​កម្ពុជា​នឹង​ចង់​រស់នៅ​រហូតដល់​ស្លា​ប់​នៅ​កម្ពុជា​ទេី​ប​សម្រេចចិត្ត​លក់​ទូក​នេសាទ​និង​ទ្រព្យសម្បត្តិ​បាន​សរុប​ប្រមាណ ជាង​៣០​ម៉ឺន​ដុល្លារ និង​ពឹងពាក់​ប្អូនធម៌​ជា​ជនជាតិខ្មែរ ដេី​ម្បី​ជួយ​ឈរឈ្មោះ​ទិញ​ដី ដេី​ម្បី​បានរស់នៅ​ខ្មែរ ក្រោយមក​ជនជាតិខ្មែរ​នោះបាន​ឆបោក​គាត់ យក​ដី​ទាំងអស់ ធ្វេី​អោយ​គាត់​បាន​រលាយ​គ្រប់យ៉ាង​ហេី​យ​គាត់​បាន​ប្ដឹងទៅ​តុលាការ​ដេី​ម្បី​រក​យុត្តិធម៌ តែ​តុលាការ​បាន​តម្កល់​រឿង​ឥត​ចាត់ការ ។​

​លោក​ថា ​ករណីនេះ​ខ្ញុំ​កំពុង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ស៊េ​ី​ប​អង្កេត​បន្ថែម ដេី​ម្បី​រក​ភស្តុតាង​រៀបចំ​សំណុំរឿង​ទៅ​សម្ដេច​តេ​ជោ ប្រសិនជា​រក​ឃេី​ញ​ថា​ព្រះរាជអាជ្ញារង​ពិតជា​តម្កល់​រឿង​ឥត​ចាត់ការ​ដោយ​ភាពមិនប្រក្រតី​ណាមួយ​នៃ​ការអនុវត្តន៍​ច្បាប់ ដោយឡែក​ខ្ញុំ​បាន​ណែនាំ​ដល់​គាត់​អោយ​ប្ដឹង​បន្តទៅ​សាលា​ឧ​ទ្ទ​រណ៍​បន្ថែមទៀត​ដេី​ម្បី​ជំទាស់​ការតម្កល់​រឿង​របស់​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកំពត ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត នៅ​ថ្ងៃទី 21 ខែមេសា បានចេញ​សេចក្តីថ្លែងការណ៍​ដោយបាន​លើកឡើងថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មានការ​ផ្សព្វផ្សាយ​ថា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​មិន​ចាត់ការ​ទៅលើ​បណ្ដឹង​របស់​ឈ្មោះ ថម​។​

​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​បានបញ្ជាក់​ថា អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បានទទួល​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ថម ដែល​បាន​ប្ដឹង​លើ​ឈ្មោះ​អ៊ុក​បញ្ញា​និង​ប្រពន្ធ​ឈ្មោះ​គឹម​ចន្ថា​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ភូមិ​កំពង់​សំរោង​ខាងត្បូង​ឃុំ​កំពង់​សំរោង​ស្រុក​ទឹកឈូ​ខេត្តកំពត​កាលពី​អំឡុង​ឆ្នាំ 2016 នៅ​ឆ្នាំ 2017​។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​និង​បាន​អង្កេត​បឋម​រូ​ចមក​ឃើញថា ពុំមាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចោទប្រកាន់​ទៅលើ​ឈ្មោះ​អ៊ុក​បញ្ញា​និង​ប្រពន្ធ​ឈ្មោះ​គឹម​ចន្ថា​ឡើយ​។ អង្គហេតុ​ខាងលើនេះ​គឺជា​វិវាទ​រដ្ឋប្បវេណី​សុទ្ធ សាធ ដែលជា​ហេតុ​ធ្វើ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ ។ ចំពោះ​អង្គហេតុ​ខាងលើ​ភាគី​ទាំងពីរ​បាននិងកំពុង​ប្ដឹង​ផ្ដល់នៅ​តុលាការ​រដ្ឋប្បវេណី​។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tom Obriengeorgerallen គឺជា​ជនជាតិ​អាមេរិក​បានមក​រស់នៅ​កម្ពុជា ដោយ​គ្មាន​ក្រុមគ្រួសារ និង​បាន​លក់​ទ្រព្យសម្បតិ្ត​របស់លោក​ទាំ​ង​អស់​នៅក្នុង​ប្រទេស​លោក ដោ​យស​ង្ឍឹ​ម​ថា​បានរស់នៅ​ក្នុងផ្ទះ​ក្តី​ស្រមៃ​បាន​រៀបរាប់​ពី​ជីវិត​ជូរចត់​របស់លោក ។​គាត់​បានលើកឡើង​ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​៖ “​កម្ពុជា​ខ្ញុំ​ស្រឡាញ់​អ្នក ។

​ជីវិត​របស់ខ្ញុំ​កំពុង​ជួប​ទុក្ខ​នៅក្នុង​ខេត្តកំពត ។ ខ្ញុំ​បាន​ចាក​ចេញពី​ប្រទេស​របស់ខ្ញុំ ។​ខ្ញុំ​បាន​លក់​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​ទាំងអស់​ដើម្បី​មក​រស់នៅ​កម្ពុជា ។ ជីវិត​របស់ខ្ញុំ​ត្រូវបាន​រក្សា​នៅទីនេះ ។ ខ្ញុំ​បាន​កសាង​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់ខ្ញុំ​នៅក្បែរ​មាត់​ព្រែក​កំពត ។ នៅមុន​ពេលដែល​ខ្ញុំ​ចូលនិវត្តន៍ ខ្ញុំ​គឺជា​អ្នកនេសាទ​ម្នាក់​នៅក្នុងរ​ដ្ឋ​អា​ឡា​ស្កា ។ ខ្ញុំ​បាន​ខំប្រឹង​ធ្វើការ​យ៉ាងខ្លាំង​ស្ទើរ​ពេញ​មួយជីវិត​” ។
​លោក​បាន​និយាយ​ពី​ប្រវត្តិ​ថា​៖ “​ខ្ញុំ​បាន​ទុកចិត្ត​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​តំបន់ ហើយ​បាន​ទិញ​ដី​៦​ប្លង់​នៅក្បែរ​ព្រែក​នោះ ដើម្បី​សង់ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់ខ្ញុំ​កាលពី​៤​ឆ្នាំមុន ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​ល្អៗ និង​មាន​មិត្តភក្តិ​ល្អជា​ច្រើន នៅក្នុង​សហគមន៍​នេសាទ​ឥស្លាម​នៅក្នុង​ភូមិ ក៏ដូចជា​បាន​ជួយ​តាម​ការស្នើរ​សុំ​របស់​ពួកគេ​ជាច្រើន​ផងដែរ​”​លោក​បាន​បន្ថែមថា​៖ “​ជា​សំណាងអាក្រក់ ភ្នាក់ងារ​អចលនទ្រព្យ​នោះបាន​លក់​ដី​របស់គាត់​ដោយ​គ្មាន​លិខិត ឯកសារ​ពិតប្រាកដ ដែល​វា​បាន​ផ្លាស់ប្តូរ​ពី​មិត្តភាព​ទៅជា​ការបោកប្រាស់​ទៅវិញ ។ អ្វីដែល​កាន់តែ​អាក្រក់​ជា​នេះ គឺ​គាត់​ជា​ភ្នាក់ងារ​នៅ​កម្ពុជា​ដែលមាន​ការបើក​ដំណើរការ​តាមច្បាប់​ត្រឹមត្រូវ ហើយ​បន្តដំណើរ​ការមកដល់​បច្ចុប្បន្ន ។​

​បទឧក្រិដ្ឋ​ដ៏​ភ្ញាក់ផ្អើល​នេះ​ដូចជា​បានសម្លាប់​បុរស​វ័យ​ចំណាស់​ដ៏​ស្មោះត្រង់​ម្នាក់នេះ​អ៊ីចឹង ដូច្នេះ​ភ្នាក់ងារ​នេះ​គឺ​មិន​ត្រឹមតែ​បាន​បោកប្រាស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ករណី​បំផ្លាញ​ទំនុកចិត្ត​ប្រជាជន​មកពី​អា​ឡា​ស្កា និង ខេត្តកំពត ពីព្រោះ បទល្មើស​ដ៏​អាក្រក់​នឹង​ក្លាយជា​ការប្រមាន​ចំពោះ​ជន​បរ​ទស និង អាច​ចែកចាយ​ជា​សាធារណៈ​នៅក្នុង​កាសែត និង ទូរទស្សន៍ ជា​សាកល ជាពិសេស​សម្រាប់​ពេលដែល​បណ្តាញ​ទំនាក់ទំនង​សង្គម​មានការ​រីកសាយ​លឿន​ថែមទៀត​”​ចុង​បញ្ជ​ប់លោក​បាន​លើកឡើងថា​៖ “​ប្រហែលជា ការពិត​នឹង​ក្លាយជា​ដែកគោល​នៅក្នុង​មឈូស ចំពោះ​ទង្វើ​ដ៏​អសីលធម៌​របស់​ភ្នាក់ងារ​អចលនទ្រព្យ​នេះ ។ ខ្ញុំ​ដឹងថា​គាត់​ជា​នរណា ដូចគ្នា​នឹង​ប្រជាជន​នៅក្នុង​ខេត្តកំពត ។ ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​រឿងរ៉ាវ​របស់ខ្ញុំ ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា។
​ខ្ញុំ​គិតថា​ខ្ញុំ​អាច​ចំណាយ​ជីវិត​នៅទីនេះ ខ្ញុំ​គ្មាន​ក្រុមគ្រួសារ​ទេ ខ្ញុំ​រស់នៅ​ម្នាក់ឯង ហើយ​ខ្ញុំ​សង្ឃឹមថា​កម្ពុជា​អាច​ផ្តល់​ជីវិត​សន្តិភាព​សម្រាប់​ខ្ញុំ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​គ្រាន់តែ​ជា​ក្តី​សុបិន​សម្រាប់​ខ្ញុំ ។ ខ្ញុំ​ត្រូវការ​រដ្ឋាភិបាល ឬ ច្បាប់​កម្ពុជា សូមជួយ​ខ្ញុំ​ស្វែងរក​យុត្តិធម៌​”៕

​ដោយ​៖​កូ​ឡាប​

spot_img
×