Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី នឹង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​កម្ពុជា អភិវឌ្ឍ​វិស័យ​កសិកម្ម ក្នុង​ការធានា​សន្តិសុខ​ស្បៀង ដើម្បី​រក្សា​និរន្តរភាព នៃ​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​

spot_img

​ភ្នំពេញ ​៖ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេ​សា បាន​ជួប​ជាមួយ​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពិនិត្យឡើងវិញ លើ​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា និង​ជាពិសេស​ស្ថិតក្នុង​ស្ថានភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការធានា​សន្តិសុខ​ស្បៀង ដើម្បី​រក្សា​និរន្តរភាព នៃ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ នៅ​ទីស្តីការក្រសួង ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ ។

​ក្នុង​បរិបទ​នេះ ឯកឧត្តម Kang បាន​សម្តែង​នូវ​ចេតនា ចង់​ពិភាក្សា​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ផងដែរ ក្នុងនាម​រដ្ឋាភិបាល​អូស្ត្រាលី ថា​តើ​ត្រូវធ្វើ​យ៉ាងណា ដើម្បី​ជួយ​គាំទ្រ និង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​និង​បន្ត​ជួយឧបត្ថម្ភ គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម តាមរយៈ​ការអនុវត្ត​គម្រោង​ជាច្រើន ជា ពិសេស​គម្រោង​ស្តីពី​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC, ២០១៦-២០២១) ដែល​គម្រោង​នេះ បាននិងកំពុង​ចូលរួម​អនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម (២០១៩-២០២៣) យ៉ាងសកម្ម​។

ឯកឧត្តម បាន​បន្តថា គម្រោង​ទាំងអស់នេះ ពិត​បាន​ចូលរួម​លើក កម្ពស់​ផលិតភាព​ផលិតកម្ម បង្កើត​ការងារ ធានា​សន្តិសុខ​ស្បៀង បង្កើន​ការនាំចេញ ប្រកួត ប្រជែង សំដៅ​លើកកម្ពស់​កម្រិត​ជីវភាព កាត់បន្ថយ​ភាពក្រីក្រ ចំណាកស្រុក និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

ស្ថិតក្នុង​បរិបទ​ដែល​កម្ពុជា កំពុង​ប្រឈម​បញ្ហា​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ និង​ជា ពិសេស​ស្របតាម​ការអំពាវនាវ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវខិតខំ​ធ្វើ​ការដាំដុះ ជំរុញ​ផលិតកម្ម​កសិកម្ម ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​តម្រូវការ​ក្នុងស្រុក ព្រមជាមួយ​គ្នា​ត្រូវ​ឆ្លៀត​យក​ឱកាស​នេះ បង្កើតជា​កាលានុវត្តភាព សម្រាប់​វិស័យ​កសិកម្ម ក្រសួង​បានដាក់​ចេញ​នូវ​វិធានការ សំខាន់ៗ​មួយចំនួន ក្នុង​បំណង​ច្បាម​យក​កាលានុវត្តភាព បង្កើន​ផលិតភាព​ផលិតកម្ម ធានា​ដល់​ការផ្គត់ផ្គង់​ស្បៀង សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជា​ពល រដ្ឋ និង​សេដ្ឋកិច្ចជាតិ​។​

​ជាការ​ឆ្លើយតប ឯកអគ្គរដ្ឋទូត​បាន​ឯកភាព និង​យល់​ស្របតាម​អ្វីដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ខាងលើ ព្រោះ​ជាក់ស្តែង​ប្រជាកសិករ ដែល​ស្ថិតក្នុង​គោលដៅ​របស់​គម្រោង បាននិងកំពុង​មានកា​រ​កែ​ប្រែជា​វិជ្ជមាន ទាំង​ទម្លាប់ កម្រិតជីវភាព កំណើន​ចំណូល ស្តែងចេញ​ឲ្យ​ឃើញ​តាមរយៈ​ពួកគាត់​មាន​របរ​រឹងមាំ បង្កើន​រដូវ​ដាំ​ដុះ និង​បង្កើន​ទិន្នផល និយាយ​រួម​ស្ថានភាព​ជីវភាព​គ្រួសារ ត្រូវបាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​។ ម្យ៉ាងវិញទៀត អ្វីដែល​ឯក​ឧ​ត្ត​រដ្ឋមន្ត្រី បានលើកឡើង​ពាក់ព័ន្ធ និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម គឺ​ពិតជា​ស្របតាម​ផែនការ​យុទ្ធ​ស្រាយ នៃ​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ថ្មី ដែល​ផែនការ​នេះ ផ្តោតជាសំខាន់​លើ​ការបង្កើន​ភាព​ប្រកួតប្រជែង និង​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ដោយ​សំដៅលើ​ការធ្វើ​ពិពិធ​ភាវូបនីយកម្ម​កសិកម្ម ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម បង្កើន​ផលិត ភាព ការកែច្នៃ ស្តង់ដារ​គុណភាព ជារួម​បង្កើន​ខ្សែសង្វាក់​ផលិតកម្ម និង​តម្លៃបន្ថែម​។

​ឯកអគ្គរដ្ឋទូត បានបញ្ជាក់​ជូន​ថា បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ បានល្អ​ប្រសើរ​ឡើងវិញ ឯកឧត្តម​នឹង​ចុះ​ទៅតាម​បណ្តា​ខេត្ត​គោលដៅ របស់​គម្រោង​ដើម្បី​ធ្វើការ​វាយតម្លៃ លើ​តម្រូវការ​ជាក់ស្តែង ជាពិសេស​លើ​ផលិតកម្ម​ស្រូវ​។​

​ជាថ្មី​ម្តងទៀត តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រទេស ឲ្យ​កាន់​តែមាន​ការរីក ចម្រើនប្រកប​ដោយ​និរន្តរភាព ហើយ​ជាពិសេស​វិស័យ​កសិកម្ម បន្ទាប់ពី​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​- ១៩ ត្រូវបាន​ល្អប្រសើរ។​

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នា​រសៀល​នេះ ភាគី​ទាំងពីរ បាន​លើកយក​ប្រធានបទ​សំខាន់ៗ មក​ពិភាក្សា​ផងដែរ រួមមាន​៖ – ស្ថានភាព​សុវត្ថិភាព​ស្បៀង​បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ – ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា – ការអភិវឌ្ឍ​វិស័យ​វារីវប្បកម្ម – ការនាំចេញ​អង្ករ​ក្រអូប​ទៅកាន់​ប្រទេស​អូស្ត្រាលី – ការគ្រប់គ្រង​សត្វល្អិត​ចង្រៃ – ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​កសិកម្ម តាមរយៈ​ការផ្តល់​អាហារូបករណ៍ និង​ការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច​។​ល​៕​ ដោយ​៖​កូ​ឡាប​

spot_img
×